អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ។ ១កូរិនថូស ១២:២២
មិត្តភក្ដិរបស់ខ្ញុំម្នាក់ ធ្វើការក្នុងមន្ទីរពេទ្យនៅលើកប៉ាល់ ដែលមានឈ្មោះថា សេចក្តីមេត្តាករុណាអាហ្វ្រិក ដែលបាននាំសេវ៉ាព្យាបាលដោយឥតគិតថ្លៃ ទៅកាន់ប្រទេសក្រីក្រ។ ជារៀងរាល់ថ្ងៃ បុគ្គលិកពេទ្យនៅលើកប៉ាល់នេះ បានព្យាបាលអ្នកជំងឺរាប់រយនាក់ ដែលគ្មានលទ្ធភាពស្វែងរកការព្យាបាលនៅកន្លែងផ្សេង។
បុគ្គលិកស្ថានីយទូរទស្សន៍មួយក្រុមបានឡើងកប៉ាល់នោះម្តងម្កាល ដើម្បីថតសកម្មភាពរបស់បុគ្គលិកពេទ្យ កំពុងដេរបបូរម៉ាត់ឆែបឲ្យក្មេងតូច និងតម្រង់ជើងក្មេងដែលលូតលាស់វៀច។ ជួនកាល ពួកគេក៏បានចុះទៅបន្ទប់ខាងក្រោមរបស់នាវានោះ ដើម្បីសម្ភាសបុគ្គលិកនាវា តែមិនមាននរណាម្នាក់កត់សំគាល់ការងារដែលលោកមីក(Mick) កំពុងធ្វើឡើយ។
លោកមីក ជាវិស្វករ បានទទួលស្គាល់ថា គាត់មានការភ្ញាក់ផ្អើល ចំពោះការងារដែលគេបានចាត់តាំងឲ្យគាត់ធ្វើ។ គាត់មានតួនាទីថែទាំ និងជួសជុលប្រព័ន្ធលូទឹកស្អុយរបស់នាវា។ មានកាកសំណល់ជាតិរាវ៤ម៉ឺនលីត្រ ដែលគេបានផលិត នៅលើនាវា ជារៀងរាល់ថ្ងៃ ដូចនេះ ការគ្រប់គ្រងសារធាតុពុលនេះ គឺជាកិច្ចការដ៏សំខាន់។ បើគ្មានលោកមីកមើលថែបំពង់លូ និងម៉ាស៊ីនបូមទឹកលូទាំងនោះទេ នោះកម្មវិធីព្យាបាលនៅលើនាវាមេត្តាករុណាអាហ្វ្រិកនេះមុខជាជាប់គាំងមិនខាន។
ដូចនេះ គេងាយនឹងអបអរអ្នកដែលកំពុងធ្វើការបម្រើព្រះ នៅជាន់ខាងលើរបស់នាវា ហើយទន្ទឹមនឹងនោះ មើលរំលងអ្នកដែលកំពុងធ្វើការក្នុងបន្ទប់ជាន់ក្រោម។ កាលពួកជំនុំនៅទីក្រុងកូរិនថូសបានលើកដំកើងអ្នកដែលមានអំណោយទានដ៏អស្ចារ្យ ឲ្យខ្ពស់ជាងអ្នកដទៃ សាវ័កប៉ុលក៏បានរំឭកពួកគេថា អ្នកជឿម្នាក់ៗសុទ្ធតែមានតួនាទីនៅក្នុងការងារបម្រើព្រះ(១កូរិនថូស ១២:៧-២០) ហើយអំណោយទាននីមួយៗសុទ្ធតែសំខាន់ ទោះអំណោយទាននោះ ជាការប្រោសជំងឺ ឬជួយយកអសារអ្នកដទៃក្តី(ខ.២៧-៣១)។ តាមពិត តួនាទីកាន់តែតូចទាប គឺកាន់តែសក្តិសមនឹងទទួលកត្តិយស (ខ.២២-២៤)។
តើអ្នកជាមនុស្សដែលកំពុងមានតួនាទីតូចទាប ក្នុងរូបកាយព្រះគ្រីស្ទឬ? សូមកុំបាក់ទឹកចិត្តឡើយ។ កិច្ចការដែលអ្នកធ្វើថ្វាយព្រះអង្គមានតម្លៃចំពោះព្រះអង្គ ហើយមិនអាចខ្វះបាន សម្រាប់យើងរាល់គ្នា។—SHERIDAN VOYSEY
តើការប្រៀបធៀបអំណោយទានរបស់អ្នក ជាមួយអ្នកដទៃ នាំមកនូវផលវិបាកអ្វីខ្លះ? នៅថ្ងៃនេះ តើអ្នកអាចលើកទឹកចិត្តនរណាខ្លះ ដែលកំពុងមានតួនាទីតូចទាប?
ឱព្រះអម្ចាស់ ទូលបង្គំសំខាន់ចំពោះព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកត់សំគាល់ទូលបង្គំ ទោះអ្នកដទៃខ្វល់អំពីទូលបង្គំឬអត់ក៏ដោយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥១-៥៣ និង រ៉ូម ២