សូមអាន លូកា ១៨:១៥-១៧
ទ្រង់…មានព្រះបន្ទូលថា ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ។ លូកា ១៨:១៦
ខណៈពេលដែលជីដូនចិញ្ចឹមរបស់យើងកំពុងសម្រាកព្យាបាល នៅលើគ្រែ ក្នុងមន្ទីរពេទ្យ បន្ទាប់ពីគាត់បានជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលជាច្រើនលើក គ្រូពេទ្យមិនដឹងថា ខួរក្បាលរបស់គាត់មានការខូចខាតកំរិតណាទេ។ ពួកគេចាំបាច់ត្រូវរង់ចាំឲ្យសុខភាពគាត់មានភាពល្អប្រសើរជាងមុនបន្តិច មុននឹងធ្វើតេស្ដមកលើមុខងាររបស់ខួរក្បាលគាត់។ គាត់អាចនិយាយបានតិចណាស់ ហើយយើងក៏កាន់តែពិបាកយល់ពាក្យដែលគាត់និយាយ។ គាត់មានអាយុ៨៦ឆ្នាំហើយ ហើយក៏បានមើលថែកូនស្រីរបស់ខ្ញុំអស់រយៈពេល១២ឆ្នាំ។ ពេលគាត់ឃើញខ្ញុំ គាត់ក៏បានបើកបបូរមាត់ដែលប្រេះស្ងួត សួរខ្ញុំថា “ចៅខាយឡា(Kayla) សុខសប្បាយជាទេ?” ដូចនេះ ពាក្យសម្ដីដំបូងបំផុត ដែលគាត់និយាយមកកាន់ខ្ញុំ ចាប់តាំងពីពេលគាត់ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ គឺជាពាក្យសួរសុខទុក្ខកូនស្រីខ្ញុំ ជាមនុស្សដែលគាត់ស្រឡាញ់ពេញបេះដូង។
ព្រះយេស៊ូវក៏ស្រឡាញ់ក្មេងៗផងដែរ ហើយក៏បានឲ្យពួកគេចូលមករកព្រះអង្គ ទោះពួកសាវ័កព្រះអង្គមិនចង់ឲ្យពួកគេចូលមកក្បែរព្រះអង្គក៏ដោយ។ ឪពុកម្តាយខ្លះបាននាំកូនៗរបស់ខ្លួន ចូលទៅរកព្រះយេស៊ូវ។ ព្រះអង្គក៏បានសម្រេចព្រះទ័យប្រទានពរក្មេងៗទាំងនោះ ដោយដាក់ព្រះហស្តលើពួកគេ(លូកា ១៨:១៥)។ ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែសប្បាយចិត្ត ពេលបានឃើញព្រះអង្គប្រទានពរដល់ក្មេងតូចៗទាំងនោះទេ។ ពួកសាវ័កក៏បានស្តីបន្ទោសឲ្យឪពុកម្តាយទាំងនោះ ហើយក៏បានប្រាប់ពួកគេមិនឲ្យមករំខានព្រះយេស៊ូវទៀត។ ប៉ុន្តែទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា “ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ”(ខ.១៦)។ ត្រង់ចំណុចនេះ ព្រះអង្គសព្វព្រះទ័យឲ្យយើង ទទួលនគរព្រះ ដូចក្មេងៗដែលចូលមករកព្រះអង្គ គឺដោយការពឹងផ្អែក ការទុកចិត្ត និងភាពស្មោះត្រង់ដ៏សាមញ្ញ។
ក្មេងៗកម្រលាក់ពុតណាស់។ តាមធម្មតា ការអ្វីដែលពួកគេបានបង្ហាញចេញមក គឺជាការពិត។ ខណៈពេលដែលព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ជួយយើងឲ្យមានជំនឿ ដូចក្មេងៗ សូមឲ្យសេចក្តីជំនឿ និងការពឹងផ្អែករបស់យើង ទៅលើព្រះអង្គ មានការបើកចំហដូចក្មេងៗផងដែរ។—Katara Patton
តើធ្វើដូចម្តេច ឲ្យអ្នកអាចយកតម្រាប់តាមភាពស្មោះត្រង់របស់ក្មេង ក្នុងទំនាក់ទំនងរបស់អ្នក ជាមួយព្រះ?
តើអ្នកបាននាំព្រះពរដល់ក្មេងៗក្នុងគ្រួសារ និងសហគមន៍របស់អ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យមានការបើកចំហ និងស្មោះត្រង់ ដូចក្មេងៗ ខណៈពេលដែលទូលបង្គំទទួលនគរព្រះអង្គ។
For further study, read Heart, Soul, and Mind: Raising Kids to Know and Love God at DiscoverySeries.org/Q0821.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៧-៥៩ និង រ៉ូម ៤