ព្រះទ្រង់យល់ដល់អ្នកតូចទាប

“ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច​ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះពាហុ​ដ៏​នៅ​ជាប់​អស់​កល្ប​ជានិច្ច​ក៏​ទ្រ​ឯង”(ចោទិយកថា ៣៣:២៧)។

សព្វថ្ងៃ​នេះ អ្នក​ប្រហែល​កំពុង​ឆ្លងកាត់​ការ​លំបាក ដែល​កំពុងតែ​រៀបចំខ្លួន​អ្នក យ៉ាង​ឈឺចាប់ សម្រាប់​ការបម្រើ​ដ៏​មានតម្លៃ ដល់​ព្រះយេស៊ូវ​ និង​រាស្រ្ត​ព្រះអង្គ។ ពេល​ដែល​មនុស្ស​ម្នាក់​ធ្លាក់ចុះ​ដល់​កំរិត​សូន្យ ដោយចិត្ត​ដែល​គិតថា គ្មាន​សល់​អ្វី​សោះ ឬ​គ្មាន​សង្ឃឹម អ្នកនោះ​អាច​មាន​ព្រះ​ដ៏​ជា​ថ្មដា​អស់​កល្ប​ទ្រ​ពីក្រោម។

ខ្ញុំ​នៅចាំ​ប្រយោគ​ដ៏​មានន័យ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ១៣៨:៦ ដែល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​អាន​ជាមួយគ្នា ក្នុង​ពេល​ថ្វាយបង្គំ ក្រោយ​អាហារ​ពេលព្រឹក។ គឺ​ប្រយោគ​ដែល​ចែងថា “ដ្បិត​ទោះ​បើ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់ គង់តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ”។

អ្នក​មិន​អាច​លិចលង់​យ៉ាង​ជ្រៅ ក្នុង​ភាព​អស់សង្ឃឹម ដល់​ថ្នាក់​ព្រះ​ទ្រង់​មិន​ទត​ឃើញ និង​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នកនោះ​ឡើយ។ តាមពិត ព្រះអង្គ​កំពុង​រង់ចាំ​ទ្រ​អ្នក ពី​ខាងក្រោម។ គឺ​ដូចដែល​លោក​ម៉ូសេ​បាន​មានប្រសាសន៍​ថា “ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច​ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះពាហុ​ដ៏​នៅ​ជាប់​អស់​កល្ប​ជានិច្ច​ក៏​ទ្រ​ឯង”(ចោទិយកថា ៣៣:២៧)។

ជា​ការពិត​ណាស់ ព្រះអង្គ​ទត​ឃើញ​អ្នក​ភ័យ​ញ័រ និង​រអិលដួល។ ព្រះអង្គ​អាច (ជា​ញឹកញាប់​ព្រះអង្គ​បាន) ចាប់​អ្នក​ជាប់ មុន​ពេល​អ្នក​ធ្លាក់​ទៅដល់​បាត។ តែ​ពេលនេះ ព្រះអង្គ​មាន​មេ​រៀន​ថ្មីៗ​មួយ​ចំនួន សម្រាប់​បង្រៀន​អ្នក។

អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ១១៩:៧១ បាន​ពោល​ថា “ការដែល​ទូលបង្គំ​កើតមាន​ទុក្ខ​ព្រួយ នោះ​គឺជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បីឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់”។ គាត់​មិន​និយាយ​ថា ការ​កើតមាន​ទុក្ខ​លំបាក ជា​ការ​ងាយស្រួល ឬ​សប្បាយ​នោះ​ទេ។ តាមពិត គាត់​គ្រាន់តែ​និយាយ​ថា វា​មានប្រយោជន៍​ចំពោះ​គាត់។

សប្តាហ៍​មុន ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល ដែល​លោក ចេមសន៍ ស្ទូវើត(James Stewart) បាន​មានប្រសាសន៍​ថា “ក្នុង​ការបម្រើ ដោយ​សេចក្តី​ស្រឡាញ់ គឺ​មានតែ​ទាហាន​ដែល​មានរបួស​ប៉ុណ្ណោះ ដែល​អាច​បម្រើ​បាន”។ ហេតុនេះ​ហើយ ខ្ញុំ​ជឿ​ថា ព្រះ​ទ្រង់​កំពុង​រៀបចំខ្លួន​អ្នកខ្លះ សម្រាប់​ការបម្រើ​ដ៏​មានតម្លៃ ដោយ​សេចក្តី​ស្រឡាញ់។ ព្រោះ​ពួក​គេ​កំពុងតែ​មានរបួស។

ចូរ​កុំ​គិតថា របួស​របស់​អ្នក​បាន​កើតមានឡើង ដោយ​ព្រះ​ទ្រង់​មិនបាន​ធ្វើការ​រៀបចំ ដោយ​ព្រះគុណ​ទ្រង់​នោះ​ឡើយ។ ចូរ​ចាំ​ព្រះបន្ទូល​ដែល​ចែងថា ៖ “ដូច្នេះ​ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយដែល​ជា​ព្រះ គ្មាន​ព្រះ​ឯណា​ទៀត​ក្រៅពី​អញ​ឡើយ … អញ​ជា​អ្នក​វាយ​ឲ្យ​មានរបួស ហើយ​ជា​អ្នកមើល​ឲ្យ​ជា​ផង”(ចោទិយកថា ៣២:៣៩)។

សូម​ព្រះ​ទ្រង់ប្រទាន​ព្រះគុណ​ពិសេស ដល់​អ្នក​ដែល​កំពុង​ទួញថ្ងូរ ដោយសារ​បន្ទុក​ដ៏​ធ្ងន់។ ចូរ​មើលទៅ​ភាព​ស្រទន់​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​កំពុង​បង្ហាញ​ដល់​អ្នក តាមរយៈ​ទុក្ខ​លំបាក​នោះ។

More articles