បានរួចផុតពីភាពជាទាសករ

សូមអាន និក្ខមនំ ៦:១-៨

អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួចពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួចពី​ការ​បំរើ​គេ​។ និក្ខមនំ ៦:៦

មាន​ពេល​មួយ​ចាមីឡា(Jamila) បាន​លាន់​មាត់​ថា “អ្នក​ប្រៀប​ដូចជា​លោក​ម៉ូសេ ដែល​បាន​ដឹកនាំ​យើង​ចេញពី​ភាពជា​ទាសករ”។ ចាមីឡា​បាន​ធ្វើ​ការ​ដូច​ទាសករ​នៅ​កន្លែង​ធ្វើ​ឥដ្ឋ​មួយ​កន្លែង ក្នុង​ប្រទេស​ប៉ាគីស្ថាន​។ នាង និង​ក្រុម​គ្រួសារ​នាង​បាន​ជួប​ទុក្ខ​លំបាក​យ៉ាង​នេះ ដោយសារ​ពួក​គេ​ជំពាក់​លុយ​ម្ចាស់​ឡឥដ្ឋ​ច្រើន​ហួស​ប្រមាណ​។ ពួកគេ​បាន​ប្រើ​ប្រាស់​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ​ដែល​ពួកគេ​រកបាន ដើម្បី​តែ​បង់​ការ​ប្រាក់​ប្រចាំខែ​ប៉ុណ្ណោះ​។ តែ​ក្រោយមក មាន​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​មួយ​បាន​ជួយ​លោះ​បំណុល​របស់​ពួកគេ​។ ពួកគេ​មាន​អារម្មណ៍​ធូរ​ស្បើយ​យ៉ាង​ខ្លាំង​។ ចាមីឡា​ជា​អ្នកជឿ​ព្រះយេស៊ូវ​។ ដូច​នេះ ពេល​នាង​បង្ហាញ​ចេញ​នូវ​ការ​អរគុណ​ចំពោះ​តំណាង​របស់​អង្គការ ដែល​បាន​ជួយ​ក្រុម​គ្រួសារ​នាង​ឲ្យ​មាន​សេរី​ភាព នាង​ក៏បាន​លើក​ឡើង អំពី​គំរូ​របស់​ព្រះ​អម្ចាស់ ក្នុង​ការ​ប្រើ​លោក​ម៉ូសេ​ឲ្យ​រំដោះ​រាស្រ្ត​អ៊ីស្រាអែល ឲ្យ​រួច​ផុត​ពី​ភាពជា​ទាសករ​។

ប្រជាជន​អ៊ីស្រាអែល​បាន​ទទួលរង​ការ​កៀបសង្កត់​ពី​សាសន៍​អេស៊ីព្ទ​អស់​រាប់​រយ​ឆ្នាំ​ហើយ ដោយ​ធ្វើ​ការ​ធ្ងន់ ក្នុង​ស្ថានភាព​ដ៏​ពិបាក​ក្រៃ​លែង​។ ពួកគេ​ក៏​បាន​ស្រែក​រក​ព្រះ សូម​ព្រះ​អង្គ​ជួយ​សង្រ្គោះ​ពួកគេ(និក្ខមនំ ២:២៣)។ តែ​បន្ទុក​ការងារ​របស់​ពួកគេ​ក៏​កាន់តែ​ធ្ងន់ ដោយ​ស្តេច​ផារ៉ោន​ដែល​ទើប​ឡើង​សោយរាជ្យ​ថ្មី​បាន​បញ្ជា​ពួកគេ មិន​គ្រាន់តែ​ធ្វើ​ឥដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ឲ្យ​ទៅ​រើស​ចំបើង​សម្រាប់​ធ្វើ​ឥដ្ឋ​ផង​ដែរ(៥:៦-៨)។ ពេល​ពួក​អ៊ីស្រាអែល​បន្ត​ស្រែក​សូម​ព្រះអង្គ​រំដោះ​ពួកគេ​ឲ្យ​រួចពី​ការ​សង្កត់សង្កិន​នេះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​សន្យា​ម្តង​ទៀត​ថា នឹង​ធ្វើ​ជា​ព្រះ​ដល់​ពួកគេ(៦:៧)។ ពួកគេ​នឹង​មិន​រស់នៅ​ជា​ទាសករ​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​នឹង​លើក​ព្រះ​ពាហុ ដើម្បី​ប្រោស​លោះ​ពួកគេ(ខ.៦)។

តាម​ការ​បង្គាប់​របស់​ព្រះអម្ចាស់ លោក​ម៉ូសេ​ក៏បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ចេញពី​ទឹកដី​អេស៊ីព្ទ(មើល​ជំពូក ១៤)។ សព្វថ្ងៃ​នេះ ព្រះ​ទ្រង់​នៅតែ​រំដោះ​យើង ដោយ​ព្រះ​ពាហុ​លាត​សន្ធឹង​របស់​ព្រះរាជបុត្រា​ព្រះអង្គ ព្រះ​នាម​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង​។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព​រួចផុត ពី​ភាពជា​ទាសករ​នៃ​អំពើបាប ដែល​ធ្លាប់​គ្រប់​គ្រង​យើង​កាលពី​មុន​។ យើង​មិនមែន​ជា​ទាសករ​ទៀត​ទេ គឺ​មាន​សេរី​ភាព​ហើយ!—Amy Boucher Pye

តើ​ព្រះ​ទ្រង់​បាន​ប្រទាន​សេរី​ភាព​ដល់​អ្នក​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​ដូចម្តេច​ខ្លះ ដល់​អ្នក​ដែល​កំពុង​ជាប់​ចំណង​អ្វីមួយ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ចាត់​ព្រះរាជបុត្រា​ព្រះអង្គ ឲ្យ​យាង​ចុះ​មក​រំដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​បាប​។

Learn more at odb.org/personal-relationship-with-god/

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៧០-៧១ និង រ៉ូម ៨:២២-៣៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles