ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ។ ១ពេត្រុស ៣:១៨
ខាងក្រោមនេះជាសេចក្តីសង្ខេបនៃដំណឹងល្អ ដែលជួយឲ្យអ្នកងាយស្រួលយល់ អរសប្បាយ និងចែកចាយដំណឹងល្អ!
១) ព្រះទ្រង់បង្កើតយើងមក ដើម្បីសិរីល្អរបស់ព្រះអង្គ
“ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ”(អេសាយ ៤៣:៦-៧)។ ព្រះទ្រង់បង្កើតយើងរាល់គ្នាមក ឲ្យដូចជារូបព្រះអង្គ ដើម្បីឲ្យយើងបង្ហាញចេញ ឬឆ្លុះបញ្ចាំងឲ្យគេឃើញចរិយាសម្បត្តិ និងសម្រស់នៃក្រមសីលធម៌របស់ព្រះអង្គ។
២) ដូចនេះ មនុស្សម្នាក់ៗគួរតែរស់នៅ ដើម្បីសិរីល្អរបស់ព្រះ
“ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ”(១កូរិនថូស ១០:៣១)។ ដើម្បីរស់នៅថ្វាយសិរីល្អដល់ព្រះ យើងត្រូវស្រឡាញ់ព្រះអង្គ (ម៉ាថាយ ២២:៣៧) ទុកចិត្តព្រះអង្គ (រ៉ូម ៤:២០) ដឹងគុណព្រះអង្គ (ទំនុកដំកើង ៥០:២៣) ស្តាប់បង្គាប់ (ម៉ាថាយ ៥:១៦) ហើយឲ្យតម្លៃទ្រង់លើសអ្វីៗទាំងអស់(ភីលីព ៣:៨ ម៉ាថាយ ១០:៣៧)។ ពេលណាយើងបានអនុវត្តដូចនេះហើយ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ព្រះហើយ។
៣) ទោះជាយ៉ាងណាក៏ដោយ យើងរាល់គ្នាសុទ្ធតែបានធ្វើអំពើបាប និងខ្វះមិនដល់សិរីល្អព្រះ។
“ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣)។ “ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ … គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ”(រ៉ូម ១:២១-២៣)។ ក្នុងចំណោមយើង គ្មាននរណាស្រឡាញ់ ឬទុកចិត្ត ឬក៏អរព្រះគុណ ឬមួយស្តាប់បង្គាប់ ឬឲ្យតម្លៃព្រះ ដូចដែលខ្លួនគួរធ្វើនោះទេ។
៤) ដូចនេះ យើងរាល់គ្នាសុទ្ធតែសមនឹងទទួលទោសអស់កល្បជានិច្ច
“ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(រ៉ូម ៦:២៣)។ អ្នកដែលមិនស្តាប់បង្គាប់ព្រះអម្ចាស់ “នឹងរងទុក្ខទោស ជាសេចក្តីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្ដាទ្រង់”(២ថែស្សាឡូនិច ១:៩)។ ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ(ម៉ាថាយ ២៥:៤៦)។
៥) តែដោយសេចក្តីមេត្តាដ៏អស្ចារ្យរបស់ព្រះ នោះព្រះអង្គបានចាត់ព្រះរាជបុត្រាតែមួយ ព្រះនាមយេស៊ូវគ្រីស្ទ ចូលមកក្នុងលោកិយនេះ ដើម្បីបើកផ្លូវឲ្យមនុស្សមានបាប ចូលទៅរកជីវិតអស់កល្ប។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ “ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា”(កាឡាទី ៣:១៣)។ “ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ”(១ពេត្រុស ៣:១៨)។
៦) ដូចនេះ ជីវិតអស់កល្បជាអំណោយឥតគិតថ្លៃ ដល់អស់អ្នកដែលទទួលជឿព្រះគ្រីស្ទជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ និងជាកំណប់ទ្រព្យមានតម្លៃបំផុតនៃជីវិតពួកគេ។
“ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។ “ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន”(អេភេសូរ ២:៨-៩)។ “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ”(កាឡាទី ២:២០)។ “ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ”(ភីលីព ៣:៨)។