សូមអាន និក្ខមនំ ៣៣:១-៤,៧-១១
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន។ និក្ខមនំ ៣៣:១១
ក្នុងសៀវភៅដែលលោក បណ្ឌិត រីឆាត ស្វ៊ែនសិន(Dr. Richard Swenson) បាននិពន្ធមានចំណងជើងថា ភាពលើសខ្វះគ្នា គាត់បានសរសេរថា “យើងមានកន្លែងសម្រាប់ដកដង្ហើម។ យើងត្រូវការសេរីភាព ក្នុងការគិត និងការអនុញ្ញាតឲ្យទទួលការប្រោសឲ្យជា។ ទំនាក់ទំនងរបស់យើង កំពុងតែស្រេកឃ្លានស្ទើរដាច់ពោះស្លាប់ ដោយសារយើងចូលចិត្តធ្វើអ្វីលឿនៗពេក…កូនៗរបស់យើង មានរបួសដេកដួលនៅលើដី ត្រូវបានមើលរំលង ដោយសារចេតនាដ៏ល្អ នៃការចង់បានអ្វីលឿនៗពេក។ តើសព្វថ្ងៃនេះ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើអ្វីៗលឿន ទាល់តែខ្សោះកម្លាំងឬ? តើព្រះអង្គមិនដឹកនាំរាស្រ្តព្រះអង្គ នៅក្បែរទឹកហូរគ្រឿនៗទៀតទេឬ? តើនរណាបានឆក់យកកន្លែងសម្រាកលំហើយដ៏ធំទូលាយ ដែលយើងធ្លាប់មាន តើធ្វើដូចម្តេចឲ្យយើងអាចដណ្តើមយកកន្លែងនោះមកវិញ?” លោកស្វែនសិនបានមានប្រសាសន៍ថា យើងត្រូវការ“ទឹកដី” ដ៏ស្ងប់ស្ងាត់ និងមានជីជាតិក្នុងជីវិតយើង ដែលយើងអាចសម្រាកក្នុងព្រះអង្គ និងប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
លោកម៉ូសេក៏បានការស្វែងរកកន្លែងសម្រាក បានយ៉ាងប្រសើរផងដែរ។ ក្នុងនាមគាត់ជាអ្នកដឹកនាំជាតិសាសន៍ដែលរឹងទទឹង និងបះបោរប្រឆាំងនឹងព្រះ(និក្ខមនំ ៣៣:៥) គាត់ច្រើនតែដកឃ្លាពីភាពមមាញឹក ដើម្បីស្វែងរកការសម្រាកខាងវិញ្ញាណ និងការដឹកនាំក្នុងព្រះវត្តមានព្រះ។ ហើយនៅក្នុង “ត្រសាលជំនុំ” របស់គាត់(ខ.៧) ព្រះអម្ចាស់ក៏បានមានបន្ទូលមុខទល់នឹងមុខជាជាមួយគាត់ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន(ខ.១១)។ ព្រះយេស៊ូវក៏បាន “ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ”(លូកា ៥:១៦)។ ព្រះយេស៊ូវ និងលោកម៉ូសេសុទ្ធតែបានបង្ហាញ អំពីសារៈសំខាន់នៃការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះវរបិតា។
យើងក៏ចាំបាច់ត្រូវស្វែងរកកន្លែងសម្រាក ដោយចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអម្ចាស់ផងដែរ។ ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ នឹងជួយយើងឲ្យអាចធ្វើការសម្រេចចិត្តបានល្អជាមុន ដោយការបង្អង់ល្បឿននៃសកម្មភាពប្រចាំថ្ងៃរបស់យើង ដើម្បីឲ្យយើងមានពេលគ្រប់គ្រាន់ ដើម្បីប្រកបជាមួយព្រះអង្គ ក៏ដូចជាចំណាយពេលជាមួយក្រុមគ្រួសារ និងអ្នកដទៃ។
ចូរយើងស្វែងរកបំណងព្រះហឫទ័យព្រះអង្គ នៅក្នុងពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ ជារៀងរាល់ថ្ងៃ។—Tom Felten
ហេតុអ្វីអ្នកត្រូវការការសម្រាកខាងវិញ្ញាណ ក្នុងជីវិតអ្នក? តើអ្នកអាចបែងចែកពេលវេលាដូចម្តេចខ្លះ ក្នុងជីវិត ដើម្បីឲ្យអ្នកមានពេលគ្រប់គ្រាន់សម្រាប់ប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យស្វែងរកពេលស្ងាត់ស្ងៀម សម្រាប់ប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ជារៀងរាល់ថ្ងៃ។
For further study, read In His Presence: Spending Time with God at DiscoverySeries.org/Q0718.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០៥-១០៦ និង ១កូរិនថូស ៣