ព្រះយេស៊ូវសុគតសម្រាប់ពេលនេះឯង

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយនឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់នៅ មិនមែន​ជា​ខ្ញុំ​ទៀត គឺជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។ កាឡាទី ២:២០

ពេល​ដែល​នាឡិការោទ៍ នៅ​ម៉ោង ៤:៥៩ ព្រឹក ខ្ញុំ​ក៏បាន​គិត​មួយស្របក់ អំពី​សណ្ឋាន​ពិត​នៃ​ការ​ស្លាប់ និង​ការ​ឈរ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ ដោយ​គ្មានអ្វី​សម្រាប់​សរសើរ​ខ្លួនឯង ​មានតែ​ជីវិត​ខ្លួន​ឯង​ប៉ុណ្ណោះ។

នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ័យខ្លាច តែ​ត្រូវ​បាន​ជម្នះ ដោយ​ការពិត​ដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត សម្រាប់​ពេល​ជំនុំជម្រះ​នោះ​ឯង។

ភ្លាម​ៗ​នោះ ខ្ញុំ​គិតឃើញ​ថា ៖ នេះ​ជា​អត្ថន័យ​នៃ​រឿង​ដែល​កើតឡើង នៅពេល​ដែល​នរណា​ម្នាក់​ប្រែចិត្ត​ទទួល​ជឿ​ព្រះ។ នេះ​ជា​របៀប​ដែលគេ​អាច​ដឹង​ថា អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​សុទ្ធតែ​ជា​ការពិត។ នេះ​ក៏​ជា​របៀប​ដែល​មនុស្ស​ម្នាក់​ទទួលយក​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ។ ភ្លាម​ៗ​នោះ តាមរយៈ​ភ្នែក​នៃ​ចិត្ត​របស់​ពួក​គេ ពួក​គេ​ក៏បាន​ឃើញ និង​ដឹង​អំពី​ការពិត​មិន​អាច​ប្រកែក​បាន នៃ​ការ​ជួប​ព្រះ ដោយ​បញ្ញា​ចិត្ត​ដែល​ដឹង​ថា ខ្លួនឯង​មាន​កំហុស។

ឥទ្ធិពល​នៃ​ការ​មើលឃើញ​នេះ គឺ​ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ វា​នាំឲ្យ​យើង​ដឹង​ថា មានតែ​ព្រះ​ដ៏​ជា​អ្នក​កណ្តាល​ទេ ដែល​អាច​ឲ្យ​យើង​មាន​សង្ឃឹម។ បើ​យើង​ពឹងផ្អែក​លើ​ខ្លួនឯង ដោយ​គ្មានអ្វី​ការពារ​ខ្លួនឯង ប៉ុន្តែ ​មានតែ​ជីវិត​ដែល​មាន​បាប នោះ​យើង​នឹង​ត្រូវ​វិនាស​មិនខាន។ ដើម្បី​ឲ្យ​យើង​អាច​មាន​សង្ឃឹម​ថា នឹង​បាន​ទៅ​នៅក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះអង្គ អស់​កល្ប​ជានិច្ច យើង​នឹង​ត្រូវការ​ព្រះ​ដ៏​ប្រោស​លោះ ព្រះ​ដែល​សុគត​ជំនួសយើង ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ។

ក្នុង​ចំណុច​នៃ​វិបត្តិ​ដ៏​អាក្រក់​នេះ ខ្ញុំ​អាច​រក​ឃើញ​ពន្លឺ តែ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ “ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ”(កាឡាទី ២:២០)។ ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក មុន​ពេល​ខ្ញុំ​ឃើញ​ព្រះអង្គ​នៅ​ទីនោះ ខ្ញុំ​ក៏​មានឱកាស​មើលឃើញ​ភាព​ងងឹត​ដែល​គ្រប់​បាំង​ជិត និង​ការភ័យខ្លាច​ចំពោះ​ការ​ជំនុំជម្រះ ដែល​មិនមែន​ជា​ការ​សន្និដ្ឋាន​តាម​ទេវ​សាស្រ្ត មិនមែន​ជា​ការ​សន្និដ្ឋាន​ធម្មតា ដោយមាន​ហេតុផល មិនមែន​ជា​ការ​គិត​ធម្មតា តែ​ជា​ការ​បង្ហើប​ឲ្យ​ឃើញ ដោយ​ភ្នែក​ក្នុងចិត្ត ដែល​ដឹង យល់ និង​មាន​ភាព​ច្បាស់លាស់។

ព្រះ​នៃ​យើង​ទ្រង់​ជា​ភ្លើង​ដែល​ដុត​បន្សុស។ ព្រះអង្គ​នឹង​មិន​មើល​រំលង​ការ​អាក្រក់​ឡើយ។ យើង​នឹង​ត្រូវ​វិនាស។ ទោស​ខ្ញុំ​ធ្ងន់​ណាស់ ពិត​ណាស់ ច្បាស់​ណាស់ បាន​ជា​ក្នុង​ពេល​តែមួយ​ប៉​ព្រិច​ភ្នែក​នោះ ខ្ញុំ​គ្មាន​ឱកាស​ដើម្បី​ដោះ​សារ​ទាល់តែសោះ។ ភ្លាម​ៗ​នោះ ខ្ញុំ​គ្មាន​សង្ឃឹម​ទាល់តែសោះ។

ក្នុង​ខណៈ​ពេលនោះ មានតែ​ព្រះគ្រីស្ទ​ទេ​ដែល​សំខាន់​ចំពោះ​យើង។ ឱ​ព្រះគ្រីស្ទ! ឱ​ព្រះ​គ្រីស្ទ​អើយ! ចិត្ត​ទូលបង្គំ​ពិតជា​ដឹងគុណ​ព្រះអង្គ​ណាស់! ឱ​អំណោយ​មក​ពី​ព្រះ ទូលបង្គំ​ត្រូវការ​តែ​ព្រះអង្គ ដោយ​ខ្វះ​មិនបាន!

 

More articles