សូមអាន ១របាក្សត្រ ២៨:២-៣,៦-១២
ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ។ ១របាក្សត្រ ២៨:២
សិស្សមួយក្រុម ដែលជិតបញ្ចប់ការសិក្សា នៅវិទ្យាល័យរដ្ឋអូក្លាហូម៉ា បានរ៉ៃអង្គាសប្រាក់ពេញមួយឆ្នាំ ដើម្បីឲ្យពួកគេមានលទ្ធភាពធ្វើដំណើរកម្សាន្តដ៏កម្រមួយ។ តែពេលដែលពួកគេបានធ្វើដំណើរទៅលើអាកាសយានដ្ឋាន ពួកគេក៏បានដឹងថា ពួកគេបានទិញសំបុត្រយន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍ក្លែងក្លាយ។ រដ្ឋបាលរបស់សាលាបានរៀបរាប់ថា សិស្សទាំងនោះមានការខកចិត្តយ៉ាងខ្លាំង។ តែទោះពួកគេត្រូវផ្លាស់ប្តូរផែនការក៏ដោយ ក៏ពួកគេបានសម្រេចចិត្ត “ប្រើពេលវេលារបស់ខ្លួន ឲ្យមានប្រយោជន៍បំផុត”។ ពួកគេក៏បានចំណាយពេលពីរថ្ងៃ នៅកន្លែងកម្សាន្តមួយចំនួន ក្នុងតំបន់ជិតខាង ហើយនៅទីនោះ មានគេចេញថ្លៃសំបុត្រយន្តហោះឲ្យពួកគេ។
ពេលណាផែនការបរាជ័យ ឬមានការផ្លាស់ប្តូរ យើងអាចមានការខកចិត្ត ឬថែមទាំងខូចចិត្តទៀតផង។ ជាពិសេស នៅពេលដែលយើងបានចំណាយពេលវេលា ប្រាក់កាស ឬទឹកចិត្តជាច្រើន ក្នុងការធ្វើផែនការនោះ។ ស្តេចដាវីឌមានបំណងព្រះទ័យ ចង់សាងសង់ព្រះវិហារថ្វាយព្រះអម្ចាស់(១របាក្សត្រ ២៨:២) តែព្រះអម្ចាស់បានមានបន្ទូលថា ព្រះអង្គមិនអនុញ្ញាតឲ្យស្តេចដាវីឌសាងសង់ព្រះវិហារ សម្រាប់ព្រះនាមព្រះអង្គឡើយ តែសាឡូម៉ូនជាបុត្រាទ្រង់នឹងបានសង់ព្រះវិហារថ្វាយព្រះអង្គវិញ(ខ.៣,៦)។ ពេលនោះ ស្តេចដាវីឌមិនបានអស់សង្ឃឹមឡើយ។ ទ្រង់បានសរសើរដំកើងព្រះអម្ចាស់ ដែលបានជ្រើសរើសទ្រង់ ឲ្យធ្វើជាស្តេចអ៊ីស្រាអែល ហើយទ្រង់ក៏បានផ្ទេរផែនការសម្រាប់សាងសង់ព្រះវិហារ ទៅស្តេចសាឡូម៉ូន(ខ.១១-១៣)។ ទន្ទឹមនឹងនោះ ទ្រង់ក៏បានលើកទឹកចិត្តស្តេចសាឡូម៉ូន ឲ្យមានកំឡាំង និងចិត្តក្លាហានឡើង ហើយធ្វើការសាងសង់ឲ្យបានជោគជ័យ ព្រោះព្រះអម្ចាស់តែងតែគង់នៅជាមួយទ្រង់ជានិច្ច(ខ.២០)។
ពេលណាផែនការរបស់យើងបរាជ័យ ទោះដោយសារហេតុផលអ្វីក៏ដោយ យើងអាចថ្វាយការខកចិត្តរបស់យើង ដល់ព្រះអម្ចាស់ ដែល “យកព្រះទ័យទុកដាក់ចំពោះយើង”(១ពេត្រុស ៥:៧)។ ព្រះអង្គនឹងជួយយើងជម្នះការខកចិត្ត ដោយពឹងអាងព្រះគុណព្រះអង្គ។—Alyson Kieda
តើអ្នកបានចំណាយពេលវេលា និងកម្លាំងជាច្រើន ដើម្បីធ្វើផែនការ តែវាបានបរាជ័យនៅពេលណា? តើមានអ្វីជួយអ្នក ជម្នះការខកចិត្ត នៅពេលនោះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសន្យា និងរៀបផែនការ ដែលមិនចេះបរាជ័យ។ សូមព្រះអង្គជួយទូលបង្គំ ពេលណាផែនការរបស់ទូលបង្គំបរាជ័យ។
For further study, read When Disappointment Deceives at DiscoverySeries.org/CB041.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២០-១២២ និង ១កូរិនថូស ៩