ពេលដែលអ្នកនឿយព្រួយខ្លាំង

សូមអាន ម៉ាថាយ ១១:២៥-៣០

អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨

នៅពេល​ល្ងាច​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ធ្វើ​ការ ខ្ញុំ​នៅ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​នៅឡើយ​។ ខ្ញុំ​គួរតែ​មាន​ចិត្ត​រីករាយ ចំពោះ​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​ចប់ នៅ​ថ្ងៃ​នោះ តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ​។ ស្មា​របស់​ខ្ញុំ​បាន​ចុក​រោយ ដោយសារ​ទម្ងន់​ដ៏​ធ្ងន់​នៃ​ការ​ថប់​បារម្ភ ដោយសារ​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ហើយ​គំនិត​របស់​ខ្ញុំ​ក៏​បាន​ហត់នឿយ ដោយសារ​ការ​គិត​អំពី​បញ្ហា​ទំនាក់​ទំនង​។ ខ្ញុំ​ចង់​រត់​គេច​ចេញពី​បញ្ហា​ទាំង​អស់​នោះ ហើយ​ខ្ញុំ​ក៏បាន​គិត​ចង់ទៅ​មើល​ទូរទស្សន៍​នៅ​យប់​នោះ​។

តែ​ខ្ញុំ​បាន​បិទ​ភ្នែក​អធិស្ឋាន​ខ្សិបៗ​ថា “ព្រះ​អម្ចាស់​អើយ”។ ខ្ញុំ​អស់​កម្លាំង​ពេក មិន​ចង់​និយាយ​អ្វី​ទៀត​ទេ​។ ភាព​ហត់​នឿយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អធិស្ឋាន​បានតែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​។ ហើយ​ភ្លាមៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​។

ព្រះយេស៊ូវ​មាន​បន្ទូល​មក​កាន់​យើង​រាល់​គ្នា ដែល​កំពុង​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​ថា “ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ គឺ​មិនមែន​សម្រាក ដោយ​ការ​គេង​លក់​ឲ្យ​បាន​ស្កប់​ស្កល់​នៅ​ពេលយប់​នោះ​ទេ​។ ហើយក៏​មិនមែន​ជា​ការ​គេចវេស​ពី​​បញ្ហា ដោយ​ការ​មើល​ទូរទស្សន៍​បន្លប់​ខ្លួនឯង​នោះ​ឡើយ​។ ហើយក៏​មិនមែន​ជា​ការ​មាន​អារម្មណ៍​ធូរ​ស្បើយ បន្ទាប់ពី​បញ្ហា​យើង​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ដែរ​។ ទោះ​ការ​សម្រាក​ទាំង​អស់​នេះ ជា​ការ​សម្រាក​ដ៏​ល្អ តែ​ភាព​ធូរ​ស្រាល​ដែល​យើង​ទទួល​បាន​ពី​ការ​សម្រាក​ដូច​នេះ មាន​រយៈ​ពេល​ខ្លី ហើយ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​របស់​យើង​ប៉ុណ្ណោះ​។

តែ​ផ្ទុយ​ទៅវិញ ការ​សម្រាក​ដែល​ព្រះយេស៊ូវ​ប្រទាន មាន​ភាព​ស្ថិត​ស្ថេរ ហើយ​មាន​ការ​ធានា​ថា ព្រះទ័យ​ព្រះអង្គ​មិន​ប្រែ​ប្រួល​ឡើយ​។ ព្រះអង្គ​តែងតែ​ល្អជា​រៀង​រហូត​។ ព្រះអង្គ​ប្រទាន​យើង​នូវ​ការ​សម្រាក​ដ៏​ពិត សម្រាប់​វិញ្ញាណ​យើង ក្នុង​ពេល​មាន​បញ្ហា ដោយ​ដឹង​ថា អ្វីៗ​គ្រប់​យ៉ាង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះអង្គ​។ យើង​អាច​ទុកចិត្ត និង​ចុះ​ចូល​នឹង​ព្រះអង្គ ស៊ូ​ទ្រាំ ហើយ​ថែម​ទាំង​ចម្រើន​ឡើង ក្នុង​ស្ថានភាព​ដ៏​ពិបាក ដោយ​ពឹង​អាង​កម្លាំង និង​ការ​ស្អាង​ឡើង​វិញ ហើយ​មានតែ​ព្រះអង្គ​ទេ ដែល​អាច​ប្រទាន​ឲ្យ​បាន​។

ព្រះយេស៊ូវ​មាន​បន្ទូល​មក​កាន់​យើង​ថា “ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”។—Karen Huang

ពេល​ដែល​វិញ្ញាណ​របស់​អ្នក​មាន​ការ​ហត់​នឿយ តើ​អ្នក​ស្វែងរក​ការ​សម្រាក ដោយ​របៀបណា? តើ​អ្នក​នឹង​ឆ្លើយតប​ដូច​ម្តេច​ខ្លះ ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះយេស៊ូវ​ឲ្យ​អ្នក​ចូល​មក​រក​ព្រះអង្គ?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​នឹក​ចាំ​ថា ទូល​បង្គំ​អាច​រកបាន​ការ​សម្រាក​ពិត​ប្រាកដ តែ​នៅ​ក្នុង​ព្រះអង្គ​ប៉ុណ្ណោះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១២៦-១២៨ និង ១កូរិនថូស ១០:១៩-៣៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles