ការបកស្រាយអំពីព្រះត្រៃឯក

សូមអាន : ម៉ាកុស ១:៩-១១

រួច​ឮ​សំឡេង​ពីលើ​មេឃថា ឯង​ជា​កូន​ស្ងួន​ភ្ងាអញ ជាទី​ពេញ​ចិត្តអញ​ណាស់​។ ម៉ាកុស ១:១១

កាល​ខ្ញុំ​ទៅលេង​ប្រទេស​អៀរឡង់ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ដែលគេ​បាន​ប្រើ​ធ្វើ​ជា​គ្រឿង​តុប​តែង តាម​របៀប​ជា​ច្រើន​ណាស់​។ ដើម​ជន្ទល់​ភ្នំ​មាន​ដើម​តូចៗ មាន​ស្លឹក​ពណ៌​បៃតង​ឆែក​រាង​មូល ទង​នីមួយៗ​មាន​បី​ស្លឹក​។ នៅ​ក្នុង​ហាង​ទំនិញ​នីមួយៗ ខ្ញុំ​ឃើញ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ត្រូវ​គេ​យក​មក​តុប​តែង​ពីលើ​ទំនិញ​ស្ទើរ​ទាំង​អស់ ដែល​មាន​ដូចជា សំលៀក​បំពាក់ មួក គ្រឿង​អលង្ការ ។​ល​។

ដើម​ជន្ទល់​ភ្នំ​មិន​គ្រាន់តែ​ជា​រុក្ខជាតិ​ដែល​មាន​ដុះ​ច្រើន នៅ​ប្រទេស​អៀរឡង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​បាន​គ្រីស្ទបរិស័ទ​នៅ​ទីនោះ​ជា​ច្រើន​ជំនាន់ យក​មក​ប្រើ​ដើម្បី​រំឭក​អំពី​អត្ថន័យ​នៃ​ព្រះត្រៃឯក តាម​របៀប​ដ៏​សាមញ្ញ ដោយ​ពួក​គេ​ជឿ​ថា ព្រះ​ពិតតែ​មួយ មាន​បី​អង្គ គឺ​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ដែល​រួម​គ្នា​មក​ជា​ព្រះ​តែមួយ ដែល​មាន​តាំងពី​អស់​កល្ប​រៀងមក​។ ការ​បក​ស្រាយ​របស់​មនុស្ស អំពី​ព្រះត្រៃឯក មិន​មាន​ភាព​ឥត​ខ្ចោះ​នោះ​ទេ តែ​ការ​ប្រើ​ស្លឹក​ដើម​ជន្ទល់​ភ្នំ​ធ្វើ​ជា​ការ​រំឭក​ មាន​អត្ថ​ប្រយោជន៍ ចំពោះ​ប្រជាជន​នៅ​ប្រទេស​អៀរឡង់ ដោយសារ​ស្លឹក​ដែល​ឆែក​ជា​បី គឺជា​ស្លឹក​តែមួយ​។

យើង​មិន​ឃើញ​ពាក្យ​ព្រះត្រៃឯក នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ តែ​ពាក្យ​នេះ​បាន​សង្ខេប អំពី​សេចក្តី​ពិត​ក្នុង​ទេវសាស្រ្ត ដូច​ដែល​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​អង្គ​ទាំង​បី​នៃ​ព្រះត្រៃឯក ដែល​ជា​ព្រះ​តែមួយ មាន​វត្ត​មាន ក្នុង​ពេល​តែមួយ​។ ឧទារហណ៍ ពេល​ដែល​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ទទួល​បុណ្យ​ជ្រមុជទឹក ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាងចុះ​មកពី​ស្ថាន​សួគ៌ មាន​សណ្ឋាន “ដូច​សត្វ​ព្រាប” ហើយ​ព្រះវរបិតា​ក៏បាន​មាន​បន្ទូល​ប្រកាស​ឮ​ៗពី​ស្ថាន​សួគ៌​មក​ថា ព្រះយេស៊ូវ​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ(ម៉ាកុស ១:១១)។

អ្នកជឿ​ព្រះ​នៅ​ប្រទេស​អៀរឡង់​បាន​ប្រើ​រូប​ភាព​ស្លឹកឈើ​នោះ ព្រោះ​ពួក​គេ​ចង់​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​។ យើង​ចាំបាច់​ត្រូវ​យល់​អត្ថន័យ​នៃ​ព្រះត្រៃឯក ព្រោះ​ការ​យល់​ដឹង​នេះ ជួយ​ឲ្យ​យើង​ស្គាល់​លក្ខណៈ​សម្បត្តិ​របស់​ព្រះ កាន់តែ​ច្បាស់ ហើយ​ជួយ​ឲ្យ​យើង​អាច​មាន​ភាព​ស៊ី​ជម្រៅ នៅ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះអង្គ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត(យ៉ូហាន ៤:២៤)។—Lisa M. Samra

តើ​អ្នក​មាន​ការ​យល់​ដឹង​យ៉ាងណា​ខ្លះ អំពី​ព្រះត្រៃឯក? តើ​ហេតុ​អ្វី​បានជា​យើង​ចាំ​បាច់​ត្រូវ​ជឿ​ថា ព្រះ​ពិតតែ​មួយ មាន​បី​អង្គ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ការ​រួម​គ្នា ជាមួយ​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ប្រទាន​សេចក្តី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់​។

គម្រោងអានរយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១៣៧-១៣៩ និង ១កូរិនថូស ១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles