មិនមែនមានពរ តែសម្បកក្រៅ

សូមអាន : ២កូរិនថូស ៣:១-៦

ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក … គឺ​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​។ ២កូរិនថូស ៣:៣

នៅពេល​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ មាន​ការ​បន្ធូរ​បន្ថយ ក្នុង​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត​កូវីដ​១៩ ខ្ញុំ​ក៏បាន​ភ្លេច​ដាក់​ម៉ាស់​ជាប់​ខ្លួន សម្រាប់​ប្រើ​ពេល​ដែល​ត្រូវ​ការ ដូច​នៅ​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ​ជាដើម​ ដែល​នៅ​មាន​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ក្នុង​បរិវេណ​សាលា។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស់ ខ្ញុំ​រកបាន​ម៉ាស់​មួយ ក្នុង​រថយន្ត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​បាន​ពាក់​កាលពី​មុន ដោយសារ​វា​មាន​ពាក្យ “មាន​ពរ” សរសេរ​ពីលើ​។

ខ្ញុំ​សុខ​ចិត្ត​ពាក់​ម៉ាស់​ដែល​គ្មាន​សរសេរ​អក្សរ​ពីលើ ដោយសារ​ខ្ញុំ​មិន​ចង់​ប្រើ​ពាក្យ​នៅ​លើ​ម៉ាស់​នោះ មិន​បាន​ត្រឹម​ត្រូវ​។ តែ​ខ្ញុំ​គ្មាន​ជម្រើស ដូច​នេះ ខ្ញុំ​ក៏បាន​ពាក់​ម៉ាស​នោះ​ទាំង​ស្ទាក់ស្ទើរ​។ ហើយ​ពេល​ដែល​ខ្ញុំ​ទៅដល់​សាលា​រៀន​របស់​កូន​ស្រី​ខ្ញុំ ខ្ញុំ​ស្ទើរតែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​អ្នក​ទទួល​ភ្ញៀវ​ដែល​ទើប​មក​ធ្វើ​ការ​ថ្មី ដែល​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការងារ​របស់​គាត់​។ ពេល​នោះ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​មនុស្ស​មានពុត ដែល​មាន​ពាក្យ “មាន​ពរ” នៅ​លើ​ម៉ាស់ តែ​ខ្វះ​ភាព​អត់​ធ្មត់ ចំពោះ​មនុស្ស​ម្នាក់ ដែល​កំពុង​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​ថ្មី តាម​ប្រព័ន្ធ​ដ៏​ស្មុគ​ស្មាញ​របស់​សាលា​រៀន​។

ពាក្យ​នៅ​លើ​ម៉ាស់​របស់​ខ្ញុំ គឺ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គឺជា​ស្មរ​បន្ទាល់​របស់​ព្រះគ្រីស្ទ តែ​ពាក្យ​ពេចន៍​ក្នុង​ព្រះ​គម្ពីរ ដែល​ខ្ញុំ​បាន​នឹក​ចាំ​ក្នុង​ចិត្ត​ខ្ញុំ បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់តឿន​ពិត​ប្រាកដ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​ដទៃ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា “ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការងារ​យើង​ខ្ញុំ មិនមែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់ឈាម​វិញ”(២កូរិនថូស ៣:៣)។ ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន “ប្រទាន​ឲ្យ​មាន​ជីវិត”(ខ.៦) អាច​ជួយ​យើង​ឲ្យ​មានផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ដែល​មាន​ដូចជា “សេចក្តី​ស្រឡាញ់ ក្តី​អំណរ និង​សន្តិភាព និង​ចិត្ត​អត់​ធ្មត់​ជាដើម”(កាឡាទី ៥:២២) ហើយ​បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​ទាំង​អស់​នោះ​ផង​ដែរ​។ យើង​ពិត​ជា​មាន​ពរ​មែន ដោយសារ​ព្រះ​វត្ត​មាន​ព្រះអង្គ ក្នុង​ជីវិត​យើង!—Katara Patton

តើ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​អ្នក បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ? តើ​អ្នក​អាច​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ព្រះគ្រីស្ទ យ៉ាង​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បង្ហាញ​អ្នក​ដទៃ ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​រស់នៅ​ថ្វាយ​ព្រះអង្គ តាមរយៈ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​ទូល​បង្គំ​។

គម្រោងអានរយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១៤០-១៤២ និង ១កូរិនថូស ១៤:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles