តែងតែធ្វើតាមព្រះបន្ទូលសន្យា

សូមអាន : លូកា ១:២៦-៣៨

នាង​មាន​ព​រហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​មក​នាង នោះ​នឹង​បាន​សំរេច​ជា​មិនខាន​។ លូកា ១:៤៥

កាលពី​ក្មេង ខ្ញុំ​តែងតែ​ធ្វើ​ដំណើរ​ចម្ងាយ​ប្រហែល៣រយ​គីឡូម៉ែត្រ ទៅលេង​តាយាយ​របស់​ខ្ញុំ​ នៅ​រដូវ​ក្តៅ។ ជា​ច្រើន​ឆ្នាំ​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ខ្ញុំ​ទទួល​បាន​ប្រាជ្ញា​ច្រើន​ប៉ុណ្ណា​ពី​អ្នក​ទាំង​ពីរ ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​។ បទ​ពិសោធន៍ និង​របៀប​ដែល​ពួក​គាត់​បាន​ដើរ​ជាមួយ​ព្រះ បាន​ផ្តល់​ឲ្យ​គាត់​នូវ​ទស្សនវិស័យ ដែល​គំនិត​ដ៏​ក្មេង​ខ្ចី​របស់​ខ្ញុំ​មិន​ទាន់​អាច​យល់​បាន​។ ការ​សន្ទនា​របស់​ខ្ញុំ​ជាមួយ​ពួក​គាត់ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ បាន​ធានា​ដល់​ខ្ញុំ​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​ដែល​អាច​ឲ្យ​យើង​ទុកចិត្ត​បាន ហើយ​ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​នីមួយៗ​របស់​ព្រះអង្គ​។

កាល​​ទេវតា​​កាព្រីយ៉ែល​យាង​មក​ជួប​នាង​ម៉ារា ជា​ព្រះ​មាតា​របស់​ព្រះយេស៊ូវ នាង​គ្រាន់តែ​ជា​ក្មេង​ជំទង់​ម្នាក់​ប៉ុណ្ណោះ​។ ដំណឹង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ទេវតា​កាព្រីយ៉ែល​ប្រាប់​នាង ប្រាកដ​ជា​ពិបាក​ឲ្យ​នាង​ទទួល តែ​នាង​បាន​ស្ម័គ្រ​ចិត្ត​ទទួលយក ដោយ​ការ​ស្តាប់​បង្គាប់(លូកា ១:៣៨)។ តែ​ពេល​នាង​ទៅ​សួរ​សុខ​ទុក្ខ​នាង​អេលីសាបិត​ជា​សាច់​ញាតិ​មាន​វ័យ​ចាស់ ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ដោយ​ការ​អស្ចារ្យ(ប្រហែល​នៅ​អាយុ៦០ឆ្នាំ) នាង​ប្រហែល​ជា​ការ​ទទួល​ការ​កម្សាន្ត​ចិត្ត ខណៈ​ពេល​ដែល​នាង​អេលី​ហ្សាបិត​បាន​បញ្ជាក់​ពាក្យ​សម្ដី​របស់​ទេវតា​កាព្រីយ៉ែល ដោយ​ចិត្ត​ក្លៀវក្លា ដែល​បាន​ប្រកាស​ថា នាង​គឺជា​ម្តាយ​របស់​ព្រះ​មែស៊ី​ដែល​នឹង​យាង​មក​តាម​ព្រះបន្ទូល​សន្យា(ខ.៣៩-៤៥)។

ពេលណា​យើង​លូត​លាស់ និង​មាន​ភាព​ពេញវ័យ​ក្នុង​ព្រះគ្រីស្ទ ដូច​តាយាយ​របស់​ខ្ញុំ យើង​ក៏​បាន​ដឹង​ថា ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​ធ្វើ​តាម​ព្រះបន្ទូល​សន្យា ចំពោះ​នាង​អេលីសាបិត និង​លោកសា​ការី​ជា​ស្វាមី(ខ.៥៧-៥៨)ថា ពួកគេ​នឹង​មាន​កូន​ប្រុស​ម្នាក់​។ ហើយ​ជា​ច្រើនឆ្នាំ​ក្រោយ​មក​កូន​ប្រុស​នោះ គឺ​លោក​យ៉ូហាន បាទីស្ទ បាន​ប្រកាស​ប្រាប់​គេ​ឲ្យ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ ដែល​ត្រូវ​យាង​មក​តាម​ព្រះបន្ទូល​សន្យា ដែល​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ គឺ​ព្រះយេស៊ូវ ជា​ព្រះ​មែស៊ី ជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភពលោក ដែល​ត្រូវ​យាង​មក!(ម៉ាថាយ ១:២១-២៣)។—Cindy Hess Kasper

ហេតុ​អ្វី​អ្នក​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ? តើ​ព្រះបន្ទូល​សន្យា​ព្រះ​អង្គ​មួយ​ណា ដែល​នាំ​ឲ្យ​អ្នក​មាន​អំណរ​បំផុត?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​ដែល​ទូល​បង្គំ​អាច​ទុកចិត្ត​បាន ហើយ​តែងតែ​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​។

គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ៨-៩ និង ២កូរិនថូស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles