ជំនឿដែលសង្គ្រោះឲ្យរួចពីបាប មិនបានកើតចេញពីការសម្រេចចិត្តរបស់មនុស្សនោះទេ តែជាអំណោយមកពីព្រះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកទឹកចិត្តយើង ឲ្យកោតស្ញប់ស្ញែងសេចក្តីមេត្តាដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ដែលបានបង្ហាញចេញមក នៅពេលដែលគ្រីស្ទបរិស័ទម្នាក់ៗប្រែចិត្តទទួលជឿព្រះអង្គ។
អត្ថបទ
នៅពេលដែលអ្នកទទួលជឿព្រះយេស៊ូវ គឺមិនមានន័យថា អ្នកបានធ្វើឲ្យជំនឿនោះកើតមាន ក្នុងចិត្តអ្នកឡើយ។ ជំនឿនោះមិនបានកើតចេញ ឬលេចឡើងពីសណ្ឋាននៃការស្លាប់ខាងវិញ្ញាណរបស់អ្នកនោះទេ។ ពេលនោះ អ្នកប្រហែលបានឮដំណឹងល្អជាលើកដំបូង ហើយក៏បានឆ្លើយតបចំពោះដំណឹងល្អ ដោយការពេញចិត្ត ហើយក៏បានឱបក្រសោបយកដំណឹងល្អ ហើយអ្នកប្រហែលជាគិតថា “ទីបំផុត ខ្ញុំបានសម្រេចចិត្តទទួលជឿព្រះយេស៊ូវហើយ”។ តាមពិត សេចក្តីជំនឿដែលនាំឲ្យបានសង្រ្គោះ មិនបានកើតចេញពីការសម្រេចចិត្តរបស់មនុស្សឡើយ។ តែជាអំណោយមកពីព្រះ។
សូមយើងនឹកចាំ អំពីការបកស្រាយរបស់សាវ័កប៉ុល អំពីបញ្ហានេះ ក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរ យ៉ាងដូចនេះថា “ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្តីដែលសាច់ឈាម និងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ”(អេភេសូរ ២:១-៣)។
តើអ្នកយល់ការបង្រៀនរបស់សាវ័កប៉ុលត្រង់ចំណុចនេះទេ? គាត់កំពុងតែប្រាប់យើងថា ព្រះទ្រង់បានប្រោសឲ្យយើងមានជីវិតរស់។ ព្រះអង្គបានធ្វើឲ្យយើងមានជីវិតរស់ឡើង។ នេះជារបៀបដែលព្រះគម្ពីរពិពណ៌នា អំពីការកើតជាថ្មី។ គឺព្រះទេ ដែលបានធ្វើឲ្យអ្នកកើតជាថ្មី។ តើនៅពេលណា? តើនៅពេលដែលអ្នកបានចាកចេញពីការរស់នៅដូចកូនពៅវង្វេង ហើយវិលត្រឡប់មករកផ្ទះវិញឬ? ទេ គឺនៅពេលដែលអ្នកកំពុងស្លាប់ក្នុងអំពើបាប និងអំពើរំលង។ គឺនៅពេលដែលអ្នកកំពុង ប្រព្រឹត្តតាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស និងសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមយើង ដូចមនុស្សទូទៅ។ ខណៈពេលដែលអ្នកកំពុងស្ថិតនៅក្នុងសណ្ឋាននៃសេចក្តីស្លាប់ខាងវិញ្ញាណនោះ ព្រះអង្គបានលូកព្រះហស្តមកពាល់វិញ្ញាណរបស់អ្នក ហើយនាំអ្នកចូលទៅក្នុងជីវិតខាងវិញ្ញាណ ដោយព្រះគុណ និងសេចក្តីមេត្តាដែលយើងមិនអាចពិពណ៌នាបាន។