មានលក្ខណៈសម្បត្តិមិនសក្ដិសម

សូមអាន : អេសាយ ២:១-៤,៩-១៤

ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែន​ដីផង​។ យ៉ូស្វេ ២:១១

នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​ជា​ច្រើន យើង​សង្កេត​ឃើញ​តួ​អង្គ​ចារបុរស ចារនារី បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ពួកគេ​​មាន​ភាព​​ឆ្លាតវៃ​អស្ចារ្យ ហើយ​អាច​បើកឡាន​ទំនើប​លឿនៗ ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​បំផុត​។ តែ​អ្នក​ស្រី​យ៉ូណា មែនដេស(Jonna Mendez) ជា​អតីត​ប្រធាន​ភ្នាក់ងារ​ចារ​កម្ម​ស៊ីអាយអេ បាន​ធ្វើ​ការ​លើក​ឡើងជា​វិជ្ជមាន អំពី​រឿង​ពិត​ដែល​បាន​កើត​ឡើង​។ គាត់​មាន​ប្រសាសន៍​ថា ភ្នាក់ងារ​ចារ​កម្ម “ត្រូវតែ​មាន​រូប​សម្បត្តិ​ខាង​ក្រៅ ដែល​មិន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​នៅ​ជុំ​វិញ​ពួកគេ ហើយ​អ្នក​ដទៃ​មិន​គិតថា ពួកគេ​ជា​មនុស្ស​ឆ្លាត”។ ភ្នាក់ងារ​សម្ងាត់​ដែល​ល្អ​បំផុត មាន​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ​តិច​បំផុត​ដែល​សក្តិ​សមជា​ភ្នាក់ងារ​សម្ងាត់​។

ពេល​ដែល​ពួក​អ្នក​ស៊ើប​ការ​ពីរ​នាក់​របស់​សាសន៍​អ៊ីស្រាអែល បាន​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ទីក្រុង​យេរីខូ នាង​រ៉ាហាប​ក៏​បាន​ជួយ​លាក់​បំពួន​ពួកគេ កុំ​ឲ្យ​ទាហាន​របស់​ស្តេច​រក​ឃើញ(យ៉ូស្វេ ២:៤)។ នាង​ហាក់​ដូចជា​មាន​លក្ខណៈ​សម្បត្តិ​តិច​បំផុត ដែល​សក្តិ​សមជា​មនុស្ស​ដែល​ព្រះ​អាច​ប្រើ ជា​ភ្នាក់ងារ​សម្ងាត់ ព្រោះ​នាង​មាន​ចំណុច​ខ្វះខាត​ធំៗ​បី ដែល​មាន​ដូចជា នាង​ជា​ជនជាតិ​កាណាន នាង​ជា​មនុស្ស​ស្រី និង​ជា​ស្រី​រកស៊ី​ផ្លូវភេទ​។ តែ​នាង​រ៉ាហាប​បាន​ជឿ​ថា ព្រះ​របស់​សាសន៍​អ៊ីស្រាអែល “ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌”(ខ.១១)។ នាង​បាន​លាក់​បំពួន​អ្នក​ស៊ើប​ការ​របស់​ព្រះ នៅ​លើ​ដំបូល​ផ្ទះ​របស់​នាង ហើយ​ក៏​បាន​ជួយ​ពួកគេ​គេច​ខ្លួន ដោយ​សុវត្ថិភាព​។ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​រង្វាន់ សម្រាប់​សេចក្តី​ជំនឿ​របស់​នាង ដោយ​លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​ឲ្យ​នាង និង​គ្រួសារ​នាង(៦:២៥)។

ជួនកាល យើង​ប្រហែល​មាន​អារម្មណ៍​ថា យើង​មាន​លក្ខណៈ​សម្បត្តិ​ដែល​មិន​ទំនង​ឲ្យ​ព្រះ​ទ្រង់​ប្រើ​ទេ​។ យើង​ប្រហែល​មិន​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ឬ​មិន​មាន​អារម្មណ៍​ថា​ឆ្លាត មិន​អាច​ដឹកនាំ​គេ​បាន ឬ​ក៏​មាន​ប្រវត្តិ​មិន​ល្អ​។ តាម​ប្រវត្តិ​សាស្ត្រ​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញថា ព្រះ​ទ្រង់​បាន​ប្រោស​លោះ និង​ប្រើ​មនុស្ស​ជា​ច្រើន ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​ដែល​គួរ​ឲ្យ​ទាក់ទាញ គឺ​មនុស្ស​ដូច​នាង​រ៉ាហាប ដែល​ព្រះអង្គ​បាន​ឲ្យ​បំពេញ​បេសកកម្ម​ដ៏​ពិសេស សម្រាប់​នគរ​ព្រះអង្គ​។ ចូរ​យើង​ទុក​ចិត្ត​ថា ព្រះអង្គ​មាន​គោលបំណង​ដ៏​ល្អ​ឥត​ខ្ចោះ សូម្បីតែ​សម្រាប់​មនុស្ស​ដែល​មិន​ទំនង​បំផុត​។ —Kenneth Petersen

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​អ្នក ឬ​មើល​រំលង​អ្នក​ឬ​ទេ? តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គិតថា អ្នក​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​បេសកកម្ម​ដែល​ព្រះអង្គ​មាន​សម្រាប់​អ្នក?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ឬ​សម្រាប់​បេសកកម្ម​ដែល​ព្រះអង្គ​មាន​សម្រាប់​ទូល​បង្គំ​។

គម្រោងអានរយៈពេល១ឆ្នាំ : អេសាយ ៩-១០ និង អេភេសូរ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles