ព្រះទ្រង់ធ្វើការដែលមនុស្សមិននឹកស្មានដល់

១កូរិនថូស ១:២១-២៩

ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ​។ ១កូរិនថូស ១:២៧

មាន​ពេល​មួយ លោក​គ្រូ​គង្វាល យ៉ូណាថាន អេដវើត(Jonathan Edwards) បាន​អធិប្បាយ​ព្រះបន្ទូល ដោយ​លើក​ព្រះ​គម្ពីរ​ដាក់​នៅ​ជិត​ភ្នែក​គាត់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​គាត់​អាច​មើល​អក្សរ​ឃើញ​ច្បាស់​។ ភ្នែក​គាត់​មាន​បញ្ហា​មីញ៉ូប មិន​អាច​មើល​ឃើញ​វត្ថុ​នៅ​ជិត​គាត់​បាន​ច្បាស់ តែ​គាត់​បាន​ខំ​ប្រឹង​មើល​អក្សរ​ហើយ​អាន​ឃ្លា​នីមួយៗ​យ៉ាង​ប្រុង​ប្រយ័ត្ន ដោយ​គ្មាន​វ៉ែនតា​ជា​ជំនួយ និង​បាន​បញ្ចេញ​សម្លេង​ដែល​មិន​ពីរោះ​។ តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​ធ្វើ​ការ តាមរយៈ​ការ​អធិប្បាយ​ព្រះបន្ទូល​របស់​លោក​គ្រូ យ៉ូណាថាន អេដវើត ដើម្បី​បញ្ឆេះ​ភ្លើង​នៃ​ការ​ផុសផុល ហើយ​នាំ​មនុស្ស​ជា​ច្រើន​​ទទួល​ជឿ​ព្រះគ្រីស្ទ​។

ជា​ញឹក​ញាប់ ព្រះ​ទ្រង់​ប្រើ​រឿង​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់ ដើម្បី​សម្រេច​គោលបំណង​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស គាត់​បាន​ពិពណ៌នា​អំពី​ផែនការ​របស់​ព្រះអង្គ ដែល​ត្រូវ​នាំ​មនុស្ស​ជាតិ​ចូល​មក​ជិត​ព្រះអង្គ តាមរយៈ​ការ​សុគត​របស់​ព្រះអង្គ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​បាប​យើង​។ ហើយ​គាត់​ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស”(១កូរិនថូស ១:២៧)។ លោកិយ​រំពឹង​ថា ប្រាជ្ញា​របស់​ព្រះអង្គ មាន​លក្ខណៈ​ដូច​ប្រាជ្ញា​មនុស្ស ហើយ​ចុះពី​ស្ថាន​សួគ៌​មក ដោយ​អំណាច​ដែល​មនុស្ស​មិន​អាច​បដិសេធន៍​បាន​។ តែ​ផ្ទុយ​ទៅវិញ ព្រះ​យេស៊ូវ​បាន​យាង​មក ដោយ​ការ​បន្ទាប​ខ្លួន ហើយ​ក៏​បាន​សង្គ្រោះ​យើង​យ៉ាង​សុភាព ឲ្យ​រួច​ពី​បាប ហើយ​ជា “ប្រាជ្ញា​ដែល​មកពី​ព្រះ ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង”(ខ.៣០)។

ព្រះ​ដ៏​អស់​កល្ប និង​មាន​ប្រាជ្ញា​សព្វ​គ្រប់ បាន​យក​កំណើត​ជា​ទារក​តូច ដែល​បាន​ចម្រើន​វ័យ​ធំឡើង​ជា​មនុស្ស​ពេញវ័យ ហើយ​ក៏​បាន​រង​ទុក្ខ និង​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្ហាញ​ផ្លូវ​យើង ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​យើង​បាន​ទៅ​នៅ​ជាមួយ​ព្រះអង្គ​។ ព្រះអង្គ​ចូល​ចិត្ត​ប្រើ​មធ្យោបាយ និង​មនុស្ស​ដែល​បន្ទាប​ខ្លួន ដើម្បី​សម្រេច​ការ​អស្ចារ្យ ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ពឹង​អាង​កម្លាំង​ខ្លួនឯង​​។ ព្រះអង្គ​នឹង​ប្រើ​យើង បើសិន​ជា​យើង​ស្ម័គ្រ​ចិត្ត​ឲ្យ​ព្រះអង្គ​ប្រើ​។—James Banks

តើមាន​រឿង​នឹក​ស្មាន​មិន​ដល់​​អ្វី​ខ្លះ ដែល​អ្នក​ឃើញ​ព្រះអង្គ​ធ្វើ? តើ​អ្នក​អាច​ឲ្យ​ព្រះអង្គ​ប្រើ​អ្នក នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ការ​តាម​របៀប​ដែល​ទូល​បង្គំ​មិន​នឹក​ស្មាន​ដល់​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ដើរ​តាម​ព្រះអង្គ យ៉ាង​ប្រកិត ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រើ​ទូល​បង្គំ ដើម្បី​ធ្វើ​ការ​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៥-៤៦ និង ១ថែស្សាឡូនិច ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles