ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង

យ៉ូហាន ១:១-១៤

ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​។ យ៉ូហាន ៨:១២

ថ្មីៗ​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ នៅ​មន្ទីរ​ពេទ្យ​ធំ​មួយ ក្នុង​ទីក្រុង​។ ពេល​យើង​ដើរ​ចេញ​ពី​ជណ្តើរ​យន្ត ដោយសារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អា​ទិត្យ យើង​មិន​អាច​រក​ឃើញ​មនុស្ស ដើម្បី​សួររក​ផ្លូវ​ចេញ​ក្រៅ​មន្ទីរ​ពេទ្យ ឬ​ចេញ​ទៅ​រក​ពន្លឺ​ថ្ងៃ​នៃ​រដ្ឋ​ខូឡូរ៉ាដូ នៅ​ខាង​ក្រៅ​ឡើយ។ យើង​ក៏បាន​ដើរ​ទៅ​ដើរមក ក្នុង​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ ដែល​មាន​ពន្លឺ​ភ្លើង​ភ្លឺ​ព្រឹមៗ ហើយ​ទី​បំផុត​យើង​ក៏​បាន​ជួប​បុរស​ម្នាក់ ដែល​មើល​ដឹង​ថា យើង​កំពុង​វង្វេង​ផ្លូវ​។ គាត់​ប្រាប់​យើង​ថា “ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​សុទ្ធតែ​ដូច​គ្នា​ទេ តែ​ផ្លូវ​ចេញ​ក្រៅ នៅ​ខាង​នោះ”។ យើង​ក៏បាន​ទៅតាម​ទិសដៅ​ដែល​គាត់​ប្រាប់ ហើយ​ក៏​បាន​រក​ឃើញ​ទ្វារ​ចេញ ឆ្ពោះ​ទៅ​រក​ពន្លឺ​ថ្ងៃ​ចិញ្ចែង​ចិញ្ចាច​។

ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​អ្នក​មិន​ជឿ​ដែល​កំពុង​វង្វេង ឲ្យ​ដើរ​តាម​ព្រះអង្គ ចេញពី​ភាព​ងងឹត​ខាង​វិញ្ញាណ​ផង​ដែរ​។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ នៅ​ក្នុង​ពន្លឺ​របស់​ព្រះអង្គ យើង​អាច​មើល​ឃើញ​ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល អំពី​បាប និង​អ្វីៗ​ដែល​បាំង​ពីមុខ​យើង ដោយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ដក​ភាព​ងងឹត​ចេញពី​ជីវិត​យើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចែងចាំង​ពន្លឺ​ចូល​ក្នុង​ចិត្ត​យើង និង​ផ្លូវ​ដែល​យើង​ដែរ​។ ពន្លឺ​របស់​ព្រះគ្រីស្ទ​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន ការ​ការពារ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ដោយ​បង្គោល​ភ្លើង និង​ពពក កាត់​តាម​វាល​រហោស្ថាន​។

គឺ​ដូច​ដែល​សាវ័ក​យ៉ូហាន​បាន​ពន្យល់​ថា ព្រះយេស៊ូវ​ជា “ពន្លឺ​ដ៏​ពិត”(យ៉ូហាន ១:៩) ហើយ “សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ”(ខ.៥)។ យើង​អាច​ទូល​សូម​ព្រះអង្គ​បង្ហាញ​ទិសដៅ ខណៈ​ពេល​ដែល​ព្រះអង្គ​បំភ្លឺ​ផ្លូវ​យើង ជា​ជាង​ដើរ​វិលវល់​ក្នុង​ជីវិត​។—Patricia Raybon

តើ​ផ្នែក​ណា​ខ្លះ​ក្នុង​ជីវិត​អ្នក ដែល​ត្រូវ​ការ​ពន្លឺ​របស់​ព្រះគ្រីស្ទ ដែល​បន្សុទ្ធ​ជីវិត​យើង​ឲ្យ​ស្អាត? ពេល​អ្នក​ស្វែងរក​ពន្លឺ​ព្រះអង្គ តើ​អ្នក​ត្រូវ​ជៀសវាង​ការ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ជំពប់​ដួល?

ឱ​ព្រះយេស៊ូវ ក្នុង​លោកិយ ដែល​មាន​ពេញ​ដោយ​ភាព​ងងឹត សូម​ព្រះអង្គ​បញ្ចេញ​ពន្លឺ​ដ៏​ពិត​របស់​ព្រះអង្គ ចូល​ក្នុង​ចិត្ត និង​ផ្លូវ​ដើរ​របស់​ទូល​បង្គំ​។

For further study, read The Intimacy of Prayer: Stepping into God’s Presence at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦២-៦៤ និង ១ធីម៉ូថេ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles