ព្រះទ្រង់ធ្វើការសម្រាប់អ្នក

ខ្ញុំ​នឹង​ងើប​ភ្នែក​មើលទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះអង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ (ទំនុកដំកើង ១២១:១-៣)

តើ​អ្នក​ត្រូវការ​ជំនួយ​ទេ? ខ្ញុំ​ត្រូវការ។ តើ​អ្នក​ត្រូវ​ទៅ​ស្វែងរក​ជំនួយ​នៅ​ទីណា?

ពេល​ដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ងើប​ភ្នែក​មើលទៅ​ភ្នំ ហើយ​សួរ​ថា “តើ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា?” គាត់​ក៏បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ” គឺ​មិនមែន​មក​ពី​ភ្នំ តែ​មក​ពី​ព្រះ​ដែល​បាន​បង្កើត​ភ្នំ​ទាំងនោះ​មក។ “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី”។

ដូចនេះ គាត់​បាន​រំឭក​ខ្លួនឯង អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ពីរ​យ៉ាង​គឺ : ទីមួយ ព្រះ​ទ្រង់​ជា​ព្រះ​អាទិករ​ដ៏មានអំណាច​មក​លើ​បញ្ហា​ទាំងអស់​ក្នុង​ជីវិត​យើង ទីពីរ ព្រះ​ទ្រង់​មិនដែល​ផ្ទំ​ឡើយ។ “ព្រះអង្គ​ដែល​រក្សា​អ៊ីស្រាអែល ទ្រង់​នឹង​មិនដែល​ងោកងុយ ក៏​មិនដែល​ផ្ទំ​លក់​ឡើយ”។

ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ដែល​មិន​ចេះ​ហត់នឿយ។ ព្រះអង្គ​ក៏​មិនដែល​ខ្សោះ​ល្វើយ។ សូម​យើង​គិត​អំពី​ព្រះ​ថា ព្រះអង្គ​ជា​អ្នកធ្វើការ ក្នុង​ជីវិត​យើង។ គឺ​ពិតជា​អស្ចារ្យ​ណាស់។ យើង​មាន​ទំនោរ​ទៅ​រក​ការ​គិតថា យើង​គឺជា​អ្នកធ្វើការ ក្នុង​ព្រះជន្ម​របស់​ព្រះ។ តែ​ព្រះគម្ពីរ​ចង់​ឲ្យ​យើង​មានចិត្ត​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ក្នុង​ជីវិត​យើង ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ចាប់តាំងពី​ចាស់​បុរាណ​មក មនុស្សលោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយសារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅពី​ទ្រង់ ដែល​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ”(អេសាយ ៦៤:៤)។

ព្រះ​ទ្រង់​ធ្វើការ​ជំនួស​យើង២៤ម៉ោង។ ព្រះអង្គ​មិនដែល​ឈប់សម្រាក ហើយក៏​មិនដែល​ផ្ទំ។ តាមពិត ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើការ​ជំនួស​យើង បាន​ជា​ព្រះអង្គ​ស្វែងរក​ការងារ​បន្ថែម​ទៀត ដើម្បី​ធ្វើ​សម្រាប់​អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ។ “ដ្បិត​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះតែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បីនឹង​សំដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែល​មានចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(២របាក្សត្រ ១៦:៩)។

ព្រះ​ទ្រង់​ចូលចិត្ត​បង្ហាញ​ព្រះ​ចេស្តា ប្រាជ្ញា និង​សេចក្តីល្អ ដោយ​មិន​ចេះ​នឿយហត់ ដោយធ្វើ​ការ​ជំនួស​អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ។ តាមរយៈ​ការ​ចាត់​ព្រះរាជបុត្រា ព្រះយេស៊ូវ​គ្រីស្ទ​ ឲ្យ​យាងចុះ​មក​ផែនដី គឺ​ព្រះវរបិតា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា “ដ្បិត​កូន​មនុស្ស​ក៏បាន​មក មិនមែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បីនឹង​បំរើ​គេ​វិញ”(ម៉ាកុស ១០:៤៥)។ ព្រះយេស៊ូវ​បាន​ធ្វើការ​ជំនួយ​អ្នកដើរតាម​ព្រះអង្គ។ ព្រះអង្គ​បម្រើ​ពួក​គេ។ ដំណឹងល្អ​មិនមែន​ជា​ផ្លាក​សញ្ញា “សុំ​ជំនួយ” នោះ​ទេ តែ​ជា​ផ្លាក​សញ្ញា “ផ្តល់​ជំនួយ”។

នេះ​ជា​អ្វី​ដែល​យើង​ត្រូវតែ​ជឿ គឺ​ពិតជា​ជឿ​មែន ដើម្បីឲ្យ​យើង​អាច​មាន​អំណរ​ជានិច្ច(១ថែ​ស្សា​ឡូ​និច ៥:១៦) ហើយ “ទាំង​អរព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​ជាដរាប ក្នុង​គ្រប់ការ​ទាំងអស់”(អេភេសូរ ៥:២០) និង​មាន “សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់ទាំង​គំនិត”(ភីលីព ៤:៧) ហើយ “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ”(ភីលីព ៤:៦) ហើយ​ស្អប់​ជីវិត​ខ្លួនឯង “ក្នុង​លោកិយ​នេះ”(យ៉ូហាន ១២:២៥) ហើយនិង “ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង”(ម៉ាថាយ ២២:៣៩)។

នេះ​ជា​សេចក្តី​ពិត ដែល​មានន័យ​ខ្លាំង​ណាស់! ព្រះ​ទ្រង់​មិនបាន​ផ្ទំ ទាំងយប់​ថ្ងៃ ដើម្បី​ធ្វើការ​សម្រាប់​អ្នក​ដែល​រង់ចាំ​ព្រះអង្គ។

 

More articles