ព្រះយេស៊ូវស្គាល់ចៀមរបស់ព្រះអង្គ

“ចៀម​ខ្ញុំ​ទាំងប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:២៧)។

ព្រះយេស៊ូវ​ស្គាល់​អស់អ្នក ដែល​ជា​កម្មសិទ្ធិ​ព្រះអង្គ។ តើ​ព្រះអង្គ​ស្គាល់​យ៉ាងណា​ខ្លះ?

បទ​គម្ពីរ យ៉ូហាន ១០:៣ មានន័យ​ស្រប​នឹង​បទ​គម្ពីរ យ៉ូហាន ១០:២៧។ បទ​គម្ពីរ​នេះ​បាន​ចែងថា “ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំចេញ​ទៅក្រៅ”។

ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ក៏​ស្គាល់​វា​ដែរ” គឺ​មានន័យថា យ៉ាងហោចណាស់ ព្រះអង្គ​ស្គាល់ឈ្មោះ​ពួកគេ បាន​សេចក្តី​ថា ព្រះអង្គ​ស្គាល់​ពួក​គេ​ផ្ទាល់ៗខ្លួន និង​ដោយ​ភាព​ស្និទ្ធស្នាល។ ពួក​គេ​មិនមែន​ជា​ជនអនាមិក ដែល​វង្វេង​ក្នុង​ហ្វូង​ចៀម​នោះ​ទេ។

បទ​គម្ពីរ​យ៉ូហាន ១០:១៤-១៥ បាន​ផ្តល់​ឲ្យ​យើង​នូវ​ការយល់​ដឹង​មួយទៀត​ថា “ឯខ្ញុំ ជា​អ្នកគង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ ដូចជា​ព្រះវរបិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ”។

របៀប​ដែល​ព្រះយេស៊ូវ​ស្គាល់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មាន​ភាព​ស្រដៀងគ្នា​យ៉ាង​ពិតប្រាកដ នឹង​របៀប​ដែល​ព្រះអង្គ​ស្គាល់​ចៀម​របស់​ព្រះអង្គ។ ព្រះយេស៊ូវ​ទត​ឃើញ​អង្គ​ទ្រង់ ក្នុង​ព្រះវរបិតា ហើយក៏​ទត​ឃើញ​អង្គ​ទ្រង់ ក្នុង​ពួក​សាវ័ក​ផង​ដែរ។

ព្រះយេស៊ូវ​បាន​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះអង្គ ក្នុង​ពួក​សាវ័ក​របស់​ព្រះអង្គ។ ព្រះអង្គ​ទត​ឃើញ​ត្រា​របស់​ព្រះអង្គ ដែល​បាន​បោះ​ពីលើ​ចៀម។ ការ​នេះ​បង្ហាញថា ព្រះអង្គ​ស្រឡាញ់​ពួក​គេ​ណាស់។

ព្រះអង្គ​ប្រៀប​ដូចជា​ស្វាមី​ដែល​កំពុង​រង់ចាំ​ភរិយា នៅ​អាកាសយាន​ដ្ឋាន ដោយ​ឈរ​មើល​មនុស្ស​ដែល​ចុះពី​យន្តហោះ​ម្តង​មួយៗ។ ពេល​នាង​បង្ហាញខ្លួន​មក ព្រះអង្គ​ស្គាល់​នាង ព្រះអង្គ​ស្គាល់​លក្ខណៈ​ពិសេស​របស់​នាង ព្រះអង្គ​ទតមើល​ក្នុង​ភ្នែក​របស់​នាង ឃើញ​ចំណាំង​ផ្លាត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ ព្រះអង្គ​អរ​ព្រះទ័យ​ចំពោះ​នាង។ ក្នុងចំណោម​មនុស្ស​ដែល​ចុះពី​លើ​យន្តហោះ​មក ព្រះអង្គ​ឱប​តែ​នាង​ម្នាក់​ប៉ុណ្ណោះ។

សាវ័ក​ប៉ុល​បាន​បកស្រាយ​យ៉ាងដូច​នេះ​ថា “ឯ​ឫស​មាំមួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ ដោយ​បាន​បោះត្រា​ថា ព្រះអម្ចាស់​ទ្រង់​ស្គាល់​អស់អ្នក​ដែល​ជា​របស់​ផង​ទ្រង់”(២ធីម៉ូថេ ២:១៩)។

យើង​ពិបាក​និយាយ​ឲ្យលើស​នេះ​ទៀត អំពី​ឯកសិទ្ធិ​ដ៏​លើស​លប់ ដែល​យើង​មាន ក្នុង​ការដែល​ព្រះរាជបុត្រា​នៃ​ព្រះ​ស្គាល់​ដោយ​ផ្ទាល់ យ៉ាង​ជិតស្និទ្ធ និង​ដោយ​សេចក្តី​ស្រឡាញ់។ ឯកសិទ្ធិ​នេះ​ជា​អំណោយ​ដ៏​មានតម្លៃ សម្រាប់​ចៀម​ព្រះអង្គ ហើយ​មាន​នៅក្នុង​ទំនាក់ទំនង ក្តី​ស្រឡាញ់ និង​ការសន្យា​ប្រទាន​ជីវិត​អស់​កល្ប ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​ស៊ីជម្រៅ​យ៉ាង​ខ្លាំង។

 

 

 

More articles