២កូរិនថូស ៤:១៦-១៨
ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ ២កូរិនថូស ៤:១៦
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំមិនដែលឃើញម្តាយខ្ញុំមានសុខភាពល្អ ម្តងណាឡើយ។ គាត់បានកើតជំងឺទឹកនោមផ្អែមជាច្រើនឆ្នាំមកហើយ ហើយជាតិស្ករក្នុងឈាមគាត់បានឡើងចុះ មិនដែលទៀងទាត់។ សុខភាពគាត់មានបញ្ហាកាន់តែស្មុគស្មាញ ហើយតម្រងនោមរបស់គាត់ក៏បានខូច បានជាគាត់ចាំបាច់ត្រូវទៅលាងឈាមជាប្រចាំ។ ការខូចប្រព័ន្ធប្រសាទ និងការបាក់ឆ្អឹងបានបណ្តាលឲ្យគាត់ត្រូវប្រើប្រាស់រទេះរុញ។ ភ្នែករបស់គាត់ក៏ចាប់ផ្តើមអន់ខ្សោយកាន់តែខ្លាំង ឆ្ពោះទៅរកភាពពិការភ្នែក។
ប៉ុន្តែ ខណៈពេលដែលរូបកាយគាត់មានការចុះខ្សោយឥតឈប់ឈរ ជីវិតនៃការអធិស្ឋានរបស់គាត់មានការចម្រើនឡើងយ៉ាងខ្លាំងក្លា។ គាត់បានចំណាយពេលរាប់ម៉ោង អធិស្ឋានឲ្យអ្នកដទៃ ឲ្យស្គាល់ និងដកពិសោធន៍ជាមួយក្តីស្រឡាញ់របស់ព្រះ។ ព្រះបន្ទូលដ៏មានតម្លៃក្នុងព្រះគម្ពីរ មានរស់ជាតិកាន់តែផ្អែមសម្រាប់គាត់។ មុនពេលភ្នែកគាត់ងងឹត គាត់បានសរសេរសំបុត្រផ្ញើទៅប្អូនស្រីគាត់ ដោយរាប់បញ្ចូលទាំងខគម្ពីរ២កូរិនថូស ជំពូក៤ ដែលបានចែងថា “ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ”(ខ.១៦)។
សាវ័កប៉ុលដឹងថា មនុស្សងាយនឹងជួបភាពអស់សង្ឃឹម។ ក្នុងបទគម្ពីរ ២កូរិនថូស ជំពូក១១ គាត់បានពិពណ៌នា អំពីជីវិតរបស់គាត់ ដែលជួបគ្រោះថ្នាក់ ការឈឺចាប់ និងការខ្វះខាត(ខ.២៣-២៩)។ តែគាត់ដឹងថា ទុក្ខលំបាកទាំងនោះមិនស្ថិតស្ថេរឡើយ។ ហើយគាត់ក៏បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងអាចមើលឃើញ និងការអ្វីដែលយើងមិនអាចមើលឃើញ ដែលមានភាពស្ថិតស្ថេរអស់កល្ប(៤:១៧-១៨)។
ទោះមានរឿងអ្វីកើតឡើងចំពោះយើងក៏ដោយ ក៏ព្រះវរបិតានៃសេចក្តីស្រឡាញ់របស់យើង នៅតែបន្តកែប្រែវិញ្ញាណយើងឲ្យថ្មីឡើងជារៀងរាល់ថ្ងៃ។ ព្រះវត្តមានរបស់ព្រះអង្គគង់ក្នុងយើងជារៀងរហូត។ តាមរយៈការអធិស្ឋាន យើងអាចចូលទៅរកព្រះអង្គបានគ្រប់ពេល។ ហើយយើងនៅតែអាចជឿព្រះបន្ទូល ដែលបានសន្យាថា នឹងចម្រើនកម្លាំងយើង និងប្រទានយើងនូវក្តីសង្ឃឹម និងក្តីអំណរ។—Cindy Hess Kasper
តើមានអ្វីបណ្តាលឲ្យអ្នកបាក់ទឹកចិត្ត ឬអស់សង្ឃឹម? តើមានបទគម្ពីរណាដែលកំពុងលើកទឹកចិត្តអ្នកជាពិសេស?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ ដែលព្រះអង្គមានចំពោះទូលបង្គំ និងការធានាថា ព្រះអង្គនឹងគង់នៅជាមួយទូលបង្គំជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣-៥ និង ១ធីម៉ូថេ ៤