កុំអស់សង្ឃឹម

២កូរិនថូស ៤:១៦-១៨

ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ​។ ២កូរិនថូស ៤:១៦

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ម្តាយ​ខ្ញុំ​មាន​សុខ​ភាព​ល្អ ម្តង​ណា​ឡើយ​។ គាត់​បាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​គាត់​បាន​ឡើង​ចុះ មិន​ដែល​ទៀង​ទាត់​​។ សុខ​ភាព​គាត់​មាន​បញ្ហា​កាន់តែ​ស្មុគស្មាញ ហើយ​តម្រងនោម​របស់​គាត់​ក៏​បាន​ខូច បានជា​គាត់​ចាំបាច់​ត្រូវ​ទៅ​លាង​ឈាម​ជា​ប្រចាំ​។ ការ​ខូច​ប្រព័ន្ធ​ប្រសាទ និង​ការ​បាក់​ឆ្អឹង​បាន​បណ្តាល​ឲ្យ​គាត់​ត្រូវ​ប្រើ​ប្រាស់​រទេះរុញ​។ ភ្នែក​របស់​គាត់​ក៏​ចាប់​ផ្តើម​អន់​ខ្សោយ​កាន់តែ​ខ្លាំង ឆ្ពោះ​ទៅ​រក​ភាព​ពិការ​ភ្នែក​។

ប៉ុន្តែ ខណៈ​ពេល​ដែល​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ​ឥត​ឈប់ឈរ ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​ចម្រើន​ឡើង​យ៉ាង​ខ្លាំងក្លា​។ គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ឲ្យ​ស្គាល់ និង​ដក​ពិសោធន៍​ជា​មួយ​ក្តី​ស្រឡាញ់​របស់​ព្រះ​។ ព្រះបន្ទូល​ដ៏​មាន​តម្លៃ​ក្នុង​ព្រះ​គម្ពីរ មាន​រស់​ជាតិ​កាន់តែ​ផ្អែម​សម្រាប់​គាត់​។ មុន​ពេល​ភ្នែក​គាត់​ងងឹត គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ប្អូន​ស្រី​គាត់ ដោយ​រាប់​បញ្ចូល​ទាំង​ខ​គម្ពីរ២កូរិនថូស ជំពូក៤ ដែល​បាន​ចែងថា “ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះបើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ”(ខ.១៦)។

សាវ័ក​ប៉ុល​ដឹង​ថា មនុស្ស​ងាយ​នឹង​ជួប​ភាព​អស់​សង្ឃឹម​។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ជំពូក១១ គាត់​បាន​ពិពណ៌នា អំពី​ជីវិត​របស់​គាត់ ដែល​ជួប​គ្រោះ​ថ្នាក់ ការ​ឈឺ​ចាប់ និង​ការ​ខ្វះខាត(ខ.២៣-២៩)។ តែ​គាត់​ដឹង​ថា ទុក្ខ​លំបាក​ទាំង​នោះ​មិន​ស្ថិត​ស្ថេរ​ឡើយ​។ ហើយ​គាត់​ក៏បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​អាច​មើល​ឃើញ និង​ការ​អ្វី​ដែល​យើង​មិន​អាច​មើល​ឃើញ ដែល​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប(៤:១៧-១៨)។

ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​យើង​ក៏ដោយ ក៏​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង នៅតែ​បន្ត​កែ​ប្រែ​វិញ្ញាណ​យើង​ឲ្យ​ថ្មី​ឡើងជា​រៀង​រាល់​ថ្ងៃ​។ ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ​គង់​ក្នុង​​យើងជា​រៀង​រហូត​។ តាមរយៈ​ការ​អធិស្ឋាន យើង​អាច​ចូល​ទៅ​រក​ព្រះអង្គ​បាន​គ្រប់​ពេល​។ ហើយ​យើង​នៅតែ​អាច​ជឿ​ព្រះបន្ទូល ដែល​បាន​សន្យា​ថា នឹង​ចម្រើន​កម្លាំង​យើង និង​ប្រទាន​យើង​នូវ​ក្តី​សង្ឃឹម និង​ក្តី​អំណរ​។—Cindy Hess Kasper

តើមាន​អ្វី​បណ្តាល​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត ឬ​អស់​សង្ឃឹម? តើ​មាន​បទ​គម្ពីរ​ណា​ដែល​កំពុង​លើក​ទឹក​ចិត្ត​អ្នក​ជា​ពិសេស?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ដែល​ព្រះអង្គ​មាន​ចំពោះ​ទូល​បង្គំ និង​ការ​ធានា​ថា ព្រះអង្គ​នឹង​គង់នៅ​ជា​មួយ​ទូល​បង្គំ​ជានិច្ច​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣-៥ និង ១ធីម៉ូថេ ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles