នៅពេលដែលគេមិនស្គាល់តម្លៃព្រះអង្គ

១ពេត្រុស ២:៤-១០

ឯ​អ្នក​រាល់​គ្នា ដែល​កំពុង​តែ​មក​ឯ​ទ្រង់​ដ៏​ជា​ថ្ម​រស់ ដែល​មនុស្ស​បាន​បោះបង់ចោល​ចេញ តែ​ព្រះ​បាន​ជ្រើសរើស ហើយ​រាប់​ជា​វិសេស​វិញ​។ ១ពេត្រុស ២:៤

តើ​អ្នក​ធ្លាប់​ទៅ​កន្លែង​លក់​ទំនិញ​មួយ​ទឹក មាន​តម្លៃថោកៗ ហើយ​ស្រមៃ​ថា អ្នក​អាច​រកបាន​វត្ថុ​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង? រឿង​នេះ​បាន​កើត​ឡើង ក្នុង​រដ្ឋ​ខុននែកធី​ខាត់ នៅពេល​ដែល​គេ​បាន​ទិញ​ចាន​បុរាណ​ចិន​មួយ មាន​រូប​ផ្កា ក្នុង​តម្លៃ​តែ​៣៥ដុល្លា នៅ​កន្លែង​លក់​ទំនិញ​មួយ​ទឹក ហើយ​នៅ​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ នៅ​ឆ្នាំ២០២១ គេ​បាន​លក់​ចាន​បុរាណ​នោះ ក្នុង​តម្លៃ​ជាង​៧០​ម៉ឺន​ដុល្លា​។ តាម​ពិត ចាន​មួយ​នោះ ជា​ចាន​គោម​ដ៏​កម្រ និង​ជា​វត្ថុ​បុរាណ ដែល​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិ​សាស្រ្ត ដែលគេ​បាន​ផលិត​នៅ​សតវត្សរ៍ទី១៥​។ រឿង​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ក្រើន​រំឭក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា របស់​អ្វី​ដែលគេ​មិន​សូវ​ឲ្យ​តម្លៃ អាច​ជា​វត្ថុ​ដែល​មាន​តម្លៃ​យ៉ាង​ខ្លាំង​។

កាល​សាវ័ក​ពេត្រុស​សរសេរ​សំបុត្រ ផ្ញើ​ទៅ​អ្នកជឿ ដែល​រស់នៅ ដោយ​ការ​បែក​ខ្ញែក​គ្នា ក្នុង​សម័យ​ដើម ជំនឿ​ដែល​ពួកគេ​មាន​ចំពោះ​ព្រះយេស៊ូវ គឺជា​ជំនឿ​លើ​ព្រះ​មួយ​អង្គ ដែល​លោកិយ​បាន​បដិសេធន៍​។ ទោះ​អ្នក​ដឹកនាំ​សាសនា​យូដា​ភាគ​ច្រើន​បាន​ស្អប់​ខ្ពើម​ព្រះគ្រីស្ទ ហើយ​ពួក​អ្នក​ដឹកនាំ​របស់​ចក្រភព​រ៉ូម៉ាំង​បាន​ឆ្កាង​ព្រះអង្គ​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​មិន​បាន​ឲ្យ​តម្លៃ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​មិន​បាន​ធ្វើ​ឲ្យ​ត្រូវ​តាម​ការ​រំពឹង​ចង់​បាន​របស់​ពួកគេ​។ ទោះ​មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​តម្លៃ​ព្រះអង្គ ព្រះវរបិតា​បាន​ជ្រើសរើស និង​រាប់​ព្រះ​អង្គ​ថា​មាន​តម្លៃ​ដ៏​វិសេស(១ពេត្រុស ២:៤)។ តម្លៃ​ដែល​ព្រះអង្គ​មាន​សម្រាប់​យើង គឺ​លើស​មាស​ប្រាក់​ទៅទៀត(១:១៨-១៩)។ ហើយ​យើង​មាន​ការ​ធានា​ថា អស់អ្នក​ដើរ​តាម​ព្រះយេស៊ូវ នឹង​មិន​មាន​សេចក្តី​ខ្មាស ដែល​បាន​សម្រេច​ចិត្តជឿ​ព្រះអង្គ​ឡើយ(២:៦)។

ពេល​អ្នក​ដទៃ​មិន​ឲ្យ​តម្លៃ​ព្រះយេស៊ូវ ចូរ​យើង​នឹក​ចាំ​អំពី​តម្លៃ​ដ៏​វិសេស ដែល​ព្រះអង្គ​មាន​។ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អាច​ជួយ​យើង ឲ្យ​មើល​ឃើញ​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ព្រះយេស៊ូវ ដែល​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​អស់ ជា​ការ​អញ្ជើញ​ដ៏​មាន​តម្លៃ ឲ្យ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះអង្គ(ខ.‌១០)។—Lisa M. Samra

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ស្គាល់​តម្លៃ​ពិត​របស់​ព្រះយេស៊ូវ? តើ​អ្នក​អាច​ចែករំលែក​ដល់​អ្នក​ដទៃ នូវ​ព្រះពរ​ដែល​បាន​មកពី​ទទួល​ជឿ​ព្រះយេស៊ូវ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ​ដែល​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​រស់នៅ ដោយ​ការ​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​ធ្វើ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៥-១៧ និង ២ធីម៉ូថេ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles