ពេលដែលព្រះទ្រង់មិនបានសម្រេចព្រះទ័យដែលទ្រង់បានបង្ហាញ

គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល។(១សាំ​យ៉ូអែល ២:២៥)

ពួក​កូនប្រុស​របស់​លោក​អេ​លី​មិនព្រម​ស្តាប់​បង្គាប់​តាម​គាត់ ពេល​ដែល​គាត់​ស្តី​បន្ទោស​ពួក​គេ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើបាប។ បទ​គម្ពីរ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ការ​បង្រៀន​បី​យ៉ាង សម្រាប់​ជីវិត​យើង។

១) មនុស្ស​អាច​ប្រព្រឹត្ត​អំពើបាប​អស់​ពេល​យ៉ាង​យូរ និង​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ព្រះអម្ចាស់​នឹង​មិន​ប្រទាន​ការ​ប្រែចិត្ត។

ហេតុនេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​បាន​ប្រើ​យើង ឲ្យ​ប្រដៅ​តម្រង់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប​យ៉ាងដូច​នោះ “ក្រែង​ព្រះ​ទ្រង់​នឹង​បណ្តាល​ឲ្យ​គេ​ប្រែចិត្ត” តែ​គាត់​មិនបាន​ថា ព្រះអង្គ “មុខ​ជា​ប្រទាន​គេ​នូវ​ការ​ប្រែចិត្ត”នោះ​ឡើយ(២ធីម៉ូថេ ២:២៥)។ ជីវិត​ដែល​រស់នៅ​ក្នុង​អំពើបាប អាច“ហួសពេល” ដែល​ត្រូវ​ប្រែចិត្ត។ គឺ​ដូចដែល​បទ​គម្ពីរ​ហេព្រើរ ១២:១៧ បាន​ចែង​អំពី​លោក​អេសាវ​ថា “ទោះ​បើ​គាត់​ខំ​ស្វែងរក ទាំង​ស្រក់​ទឹកភ្នែក​ក៏ដោយ គង់តែ​រក​ផ្លូវ​ប្រែចិត្ត​មិនឃើញ​ទេ”។ គាត់​បាន​ហួសពេល មិន​អាច​ប្រែចិត្ត​បាន។

ការ​នេះ​មិន​មានន័យថា បុគ្គល​ដែល​ពិតជា​បាន​ប្រែចិត្ត បន្ទាប់ពី​បាន​រស់នៅ​ក្នុង​អំពើបាប​ពេញ​មួយ​ជីវិត មិន​អាច​ឲ្យ​ព្រះ​ទ្រង់​សង្រ្គោះ​នោះ​ទេ។ ពួក​គេ​ពិតជា​អាច ហើយនឹង​បាន​សង្រ្គោះ។ ព្រះ​ទ្រង់​មាន​សេចក្តី​មេត្តា​កុរ​ណា លើស​ពី​ការ​រំពឹងគិត​របស់​យើង។ ចូរ​យើង​នឹក​ចាំ អំពី​ចោរ​ដែល​ជាប់​ឆ្កាង ជាមួយ​ព្រះយេស៊ូវ​។ កាលនោះ ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ប្រាប់​អ្នកជា​ប្រាកដ​ថា ថ្ងៃនេះ អ្នក​នឹង​នៅក្នុង​ស្ថាន​បរមសុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(លូកា ២៣:៤៣)។

២) ជួនកាល ព្រះ​ទ្រង់​បាន​បន្ត​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ប្រព្រឹត្ត​បាប នៅ​បន្ត​ការប្រព្រឹត្ត​របស់​ខ្លួន​ទៀត។

គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​មិនព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល”។ កាល​ស្តាប់​តាម​ឪពុក​របស់​ពួក​គេ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ ពួក​គេ​មិនព្រម​ធ្វើ។ តើ​ហេតុអ្វី? គឺ​ពីព្រោះ “ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ប្រហារជីវិត​គេ​ចោល”។

មូលហេតុ​ដែល​ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​តាម​ឪពុក​របស់​ពួក​គេ គឺ​ដោយសារ​ព្រះ​ទ្រង់​មាន​គោលបំណង​ផ្សេងទៀត សម្រាប់​ពួក​គេ ហើយក៏​បាន​បណ្តោយ​ឲ្យ​ពួក​គេ​បន្ត​ប្រព្រឹត្ត​អំពើបាប រហូតដល់​ស្លាប់។

៣) ជួនកាល ការអធិស្ឋាន​សូម​ព្រះអង្គ​សម្រេច​តាមបំណង​ព្រះទ័យ​ដែល​ព្រះអង្គ​បាន​បង្ហាញ នឹង​មិនបាន​ទទួលការ​ឆ្លើយតប​ ព្រោះ​ព្រះ​ទ្រង់​បានសម្រេច​ព្រះទ័យ​ធ្វើអ្វី​មួយ​ផ្សេង​ពី​នោះ ដើម្បី​សម្រេច​គោលបំណង​ដ៏​បរិសុទ្ធ និង​ប្រកបដោយ​ប្រាជ្ញា។

ខ្ញុំ​សន្និដ្ឋាន​ថា លោក​អេលី​បាន​អធិស្ឋាន​សូមឲ្យ​ពួក​កូន​ប្រុស​គាត់​ប្រែចិត្ត។ គាត់​គួរតែ​អធិស្ឋាន​ដូចនេះ​ឯង។ ប៉ុន្តែ ព្រះអង្គ​បានសម្រេច​ព្រះទ័យ​ប្រហារជីវិត​ពួក​គេ បាន​ជា​ពួក​គេ​មិនបាន​ស្តាប់​បង្គាប់។

ពេលណា​មានរឿង​បែបនេះ​កើតឡើង (ដែល​យើង​មិនបាន​ដឹង​ជាមុន ជា​ធម្មតា) ខណៈ​ពេល​ដែល​យើង​ស្រែក​រក​ព្រះ សូមឲ្យ​គេ​ផ្លាស់​ប្រែ ពេលខ្លះ​ព្រះអង្គ​មិន​ឆ្លើយតប​ថា ព្រះអង្គ​មិន​មាន​ក្តី​ស្រឡាញ់​នោះ​ទេ តែ​ព្រះអង្គ​តប​ថា ព្រះអង្គ​មាន​គោលបំណង​ប្រកបដោយ​ប្រាជ្ញា និង​សេចក្តី​បរិសុទ្ធ នៅក្នុង​ការ​បណ្តោយ​ឲ្យ​គេ​បន្ត​ប្រព្រឹត្ត​បាប​នោះ​ទៀត ដោយ​គ្មាន​ការ​ប្រែចិត្ត។ យើង​ប្រហែល​មិន​យល់​អំពី​គោល​បំណង​របស់​ព្រះអង្គ តែ​ចូរ​យើង​ទុកចិត្ត​ថា ព្រះអង្គ​ជ្រាប​ថា ព្រះអង្គ​កំពុង​ធ្វើអ្វី ហើយ​ព្រះអង្គ​ស្រឡាញ់​យើង។

 

More articles