អ្នកអាចទុកចិត្តព្រះអង្គបាន

ទំនុក​ដំកើង ៩:៧-១០

ឯ​អស់អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៩:១០

កាល​ឆ្មា​ខ្ញុំ​ឈ្មោះ​មីគគី(Mickey) មាន​ជំងឺ​ឈឺ​ភ្នែក ខ្ញុំ​បាន​បន្តក់ថ្នាំ​ភ្នែក​ឲ្យ​វា​រៀង​រាល់​ថ្ងៃ​។ ពេល​ដែល​ខ្ញុំ​ដាក់​វា​នៅ​លើ​ឡាបូ​លាងដៃ ក្នុង​បន្ទប់​ទឹក វា​ក៏បាន​អង្គុយ​មើល​មក​ខ្ញុំ ដោយ​កែវ​ភ្នែក​បង្ហាញ​ការ​ភ័យ​ខ្លាច ហើយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ថ្នាំ​បន្តក់​ភ្នែក​។ ខ្ញុំ​ក៏​បាន​សរសើរ​វា​ថា “ឆ្មា​ល្អ”។ ទោះ​វា​មិន​យល់ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ក៏ដោយ វា​មិន​បាន​លោត​ចុះ​ពី​ឡាបូ​លាងដៃ គ្រហឹម​ដាក់​ខ្ញុំ ឬ​ខ្វាច​ដៃ​ខ្ញុំ​ទេ។ ផ្ទុយ​ទៅវិញ វា​បាន​ត្រដុស​ខ្លួន​វា​នឹង​ខ្ញុំ​កាន់តែ​ខ្លាំង ព្រោះ​វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ​។

កាល​ស្តេច​ដាវីឌ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៩ ទ្រង់​ប្រាកដ​ជា​បាន​ដក​ពិសោធន៍​ជា​មួយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ជា​ច្រើន​មក​ហើយ​។ ទ្រង់​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់ ដើម្បី​ទទួល​ការ​ការពារ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទ្រង់ ហើយ​ព្រះអម្ចាស់​ក៏​បាន​ជួយ​ទ្រង់(ខ.៣-៦)។ ក្នុង​អំឡុង​ពេល​ដែល​ស្តេច​ដាវីឌ​ត្រូវ​ការ​ជំនួយ ព្រះអម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​ទ្រង់​ខក​ចិត្ត​ឡើយ​។ ជា​លទ្ធផល ស្តេច​ដាវីឌ​បាន​ស្គាល់​ព្រះអម្ចាស់​កាន់តែ​ច្បាស់​។ ទ្រង់​ជ្រាប​ថា ព្រះអម្ចាស់​មាន​ព្រះ​ចេ​ស្តា សុ​ចរិត មាន​សេចក្តី​ស្រឡាញ់ ហើយ​ស្មោះ​ត្រង់​។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​បាន​ទុកចិត្ត​ព្រះអម្ចាស់​។ ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្ត​ព្រះអម្ចាស់​បាន​។

ខ្ញុំ​បាន​មើលថែ​ឆ្មា​ខ្ញុំ ពេល​វា​មាន​ជំងឺ​ច្រើន​ដង​ហើយ ចាប់​តាំងពី​ពេលយប់​ដែល​ខ្ញុំ​បាន​ឃើញ​វា ជា​កូន​ឆ្មា​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​នៅ​លើ​ចិញ្ចើម​ផ្លូវ​។ វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ ទោះ​វា​មិន​យល់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​សម្រាប់​វា​ក៏ដោយ​។ ស្រដៀង​គ្នា​នេះ​ដែរ ការ​នឹក​ចាំ​ពី​សេចក្តី​ស្មោះ​ត្រង់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង និង​ចរិយា​សម្បត្តិ​របស់​ព្រះអង្គ អាច​ជួយ​ឲ្យ​យើង​ទុកចិត្ត​ព្រះអង្គ ពេលណា​យើង​មិន​អាច​យល់​អំពី​ការ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​។ ចូរ​យើង​បន្ត​ទុកចិត្ត​ព្រះអង្គ ក្នុង​ពេល​ដ៏​ពិបាក​ក្នុង​ជីវិត​យើង​។—Karen Huang

ចូរ​នឹក​ឃើញ​ពេល​ដ៏​ពិបាក ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ​។ តើ​អ្នក​រៀន​សូត្រ​បាន​អ្វី​ខ្លះ​ទៀត អំពី​ចារិក​លក្ខណៈ​របស់​ព្រះអង្គ? តើ​ការ​នេះ​អាច​លើក​ទឹក​ចិត្ត​អ្នក​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះវរបិតា ព្រះអង្គ​តែងតែ​ស្មោះ​ត្រង់​ជានិច្ច​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​។ សូម​ឲ្យ​ពេល​ដ៏​ពិបាក​បាន​នាំ​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះអង្គ​កាន់តែ​ខ្លាំង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៨-១៩ និង ២ធីម៉ូថេ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles