ពន្លឺរបស់ព្រះអម្ចាស់ ក្នុងជ្រលងងងឹត

ទំនុក​ដំកើង ២៣

មាន​ព​រហើយ សាសន៍​ណា​ដែល…ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ត្រ​ទ្រង់​។ ទំនុក​ដំកើង ៨៩:១៥

កាល​អ្នក​ស្រី​អ៊ីឡេន(Elaine) បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ គាត់ និង​ស្វាមី​របស់​គាត់ គឺ​លោក ឆាក់(Chuck) ក៏​បាន​ដឹង​ថា មិន​យូរ​ទេ គាត់​នឹង​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ​ហើយ​។ អ្នក​ទាំង​ពីរ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​មក​លើ​ព្រះបន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ​ពួកគេ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ជាមួយ​គ្នា ឆ្លង​កាត់​ជ្រលង​ដែល​ជ្រៅ​បំផុត និង​ពិបាក​បំផុត នៃ​ការ​រស់នៅ​ជាមួយ​គ្នា​បាន៥៤ឆ្នាំ​។ ពួកគេ​ក៏​មាន​សេចក្តី​សង្ឃឹម ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា អ្នក​ស្រី​អ៊ីឡេន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទៅ​រស់​នៅ​ជា​មួយ​ព្រះយេស៊ូវ ដោយ​បាន​ទទួល​ជឿ​ព្រះអង្គ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។

ក្នុង​ពិធី​បុណ្យសព​របស់​ភរិយា​គាត់ លោក​ឆាក់​បាន​ចែកចាយ​ថា គាត់​នៅតែ​បន្ត​ធ្វើ​ដំណើរ “កាត់​តាម​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ទំនុក​ដំកើង ២៣:៤)។ ភរិយា​គាត់​បាន​ទៅ​រស់នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ​។ តែ “ស្រមោល​នៃ​សេចក្តី​ស្លាប់” នៅតែ​ជាប់​មាន​ក្នុង​ជីវិត​គាត់ និង​អ្នក​ផ្សេង​ទៀត​ដែល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ស្រី​អ៊ីឡេន​។

ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់ តើ​យើង​អាច​រក​ឃើញ​ប្រភព​នៃ​ពន្លឺ​នៅ​កន្លែងណា? សាវ័ក​យ៉ូហាន​បាន​ប្រកាស​ថា “ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ”(១យ៉ូហាន ១:៥)។ ហើយ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៨:១២ ព្រះយេស៊ូវ​បាន​ប្រកាស​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ចូរ​យើង “ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ត្រ​ទ្រង់”(ទំនុក​ដំកើង ៨៩:‌១៥)។ ព្រះ​នៃ​យើង​បាន​សន្យា​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​យើង ហើយ​ធ្វើ​ជា​ប្រភព​នៃ​ពន្លឺ​របស់​យើង សូម្បីតែ​នៅពេល​ដែល​យើង​ធ្វើ​ដំណើរ​កាត់​តាម​ជ្រលង​ដែល​ងងឹត​បំផុត​ក៏ដោយ​។—Cindy Hess Kasper

តើ​អ្នក​កំពុងតែ​ដើរ​កាត់​ជ្រលង​អ្វី? តើ​ព្រះបន្ទូល​សន្យា​មួយ​ណា ដែល​បាន​ប្រទាន​ពន្លឺ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​អ្នក?

ឱ​ព្រះ​ដ៏​រស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​សន្យា​ថា នឹង​មិន​ចាក​ចេញ​ពី​ទូល​បង្គំ​។ ទូល​បង្គំ​ទុក​ចិត្ត​ថា ព្រះអង្គ​ជា​កម្លាំង ជា​អ្នក​ផ្គត់ផ្គង់ និង​ជា​ក្តី​អំណរ​សម្រាប់​ទូល​បង្គំ អស់​មួយ​ជីវិត​។

For further study, read The Promises of God at DiscoverySeries.org/Q0105.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៧-៤៨ និង ១យ៉ូហាន ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles