លោកុប្បត្ដិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨
ម៉ាថាយ ២:៩-១៣
ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ។ ម៉ាថាយ ២:១១
ថ្ងៃនេះ ជាទិវារំឭកអំពីពេលដែលពួកហោរទាំងបី ជាអ្នកប្រាជ្ញាដ៏សុភាព ដែលបានចូលគាល់ព្រះឱរសយេស៊ូវ ដូចដែលមានចែងក្នុងព្រះគម្ពីរ ក៏ដូចជាក្នុងបទចម្រៀងទំនុកសកលលេខ៤០ មានចំណងជើងថា “យើងហោរទាំងបីមកពីទិសបូព៌”។ តាមពិត ពួកគេមិនមែនជាស្តេច មកពីទិសខាងកើត ដូចអ្នកខ្លះបានពិពណ៌នានោះទេ ហើយអាចមានគ្នាលើសពី៣នាក់។
ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងច្បាស់ថា ពួកគេបាននាំយកដង្វាយបីយ៉ាងមកថ្វាយព្រះអង្គ ហើយបទចម្រៀងនេះក៏បានរៀបរាប់អំពីដង្វាយទាំងបីផងដែរ។ ព្រះគម្ពីរបានចែងថា ពេលដែលពួកហោរមកដល់ភូមិបេថ្លេហិម ពួកគេក៏បាន “បើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ”(ម៉ាថាយ ២:១១)។ ដង្វាយទាំងនោះជានិមិត្តរូបតំណាងឲ្យបេសកកម្មរបស់ព្រះយេស៊ូវ។ មាសជាតំណាងឲ្យតួនាទីរបស់ព្រះអង្គជាស្តេច។ កំញានដែលគេដុតក្នុងទីបរិសុទ្ធក្នុងព្រះវិហារ គឺជាតំណាងឲ្យភាពជាព្រះរបស់ព្រះអង្គ។ ហើយតាមធម្មតា គេប្រើជ័រល្វីងទេស សម្រាប់អប់សព។ យើងអាចឆ្ងល់ថា ហេតុអ្វីពួកគេថ្វាយជ័រល្វីងទេសដល់ព្រះអង្គ។
ក្នុងល្បះទី៤ ក្នុងទំនុកសកលនេះ គេច្រៀងថា “ជ័រល្វីងទេសជាដង្វាយផងខ្ញុំ នោះសំដែងការលំបាកយ៉ាងធំ កើតព្រះទ័យព្រួយ ឥតអ្នកណានឹងជួយ ហើយសុគតទាំងបង្គំ”។ បើយើងជាអ្នកនិពន្ធ យើងប្រហែលមិនចង់សរសេរអំពីការស្លាប់ដ៏សោកសៅ នៅក្នុងរឿងនេះទេ តែព្រះទ្រង់បានសរសេរ។ ព្រោះការសុគតរបស់ព្រះយេស៊ូវ ជាចំណុចស្នូលនៃសេចក្តីសង្រ្គោះរបស់យើង។ ស្តេចហេរ៉ូឌថែមទាំងបានព្យាយាមតាមធ្វើគុតព្រះយេស៊ូវ កាលព្រះអង្គនៅជាទារក(ខ.១៣)។
ល្បះចុងក្រោយនៃបទចម្រៀងនេះ បានបង្រួមខ្លឹមសារទាំងបីបញ្ចូលគ្នា យ៉ាងដូចនេះថា “ទ្រង់មានព្រះជន្មរស់ឡើងវិញផង គឺជាព្រះពិតតែមួយព្រះអង្គ”។ សូមឲ្យរឿងណូអែលដ៏មានន័យពេញលេញនេះ បណ្តាលចិត្តយើងឲ្យច្រៀងសរសើរ ជាមួយពួកទេវតាថា “ហាលេលូយ៉ា ហាលេលូយ៉ា”។—Tim Gustafson
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកពិចារណាអំពីសេចក្តីពិតដែលថា ព្រះយេស៊ូវបានប្រសូត ដើម្បីសុគតជំនួសអ្នក? តើការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គបានបណ្តាលចិត្តអ្នក ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះវិញ្ញាណព្រះអង្គជួយទូលបង្គំឲ្យរស់នៅ ដោយការដឹងគុណព្រះរាជបុត្រាព្រះអង្គ ដែលបានលះបង់ព្រះជន្ម ដើម្បីទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨