ដល់​ពេល​វិល​ត្រឡប់​មក​ព្រះអង្គ​វិញ

លោកុប្បត្ដិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨

ទំនុក​ដំកើង ៨០:១,៧-១៤,១៩

ឱ​ព្រះ​នៃ​ពួក​ពល​បរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មកវិញ សូម​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ​។ ទំនុក​ដំកើង ៨០:៧

មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​រូបថត ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ផ្ញើរ​មក​។ ក្នុង​រូបថត​ទាំង​នោះ ខ្ញុំ​ឃើញ​ឡាន​ហ្វ៊ត ម៉ាស្ទាំង ឆ្នាំ១៩៦៥ ដែល​គាត់​បាន​ជួសជុល​ឲ្យ​ស្អាត​ដូច​ដើម​វិញ ធ្វើ​ជា​អំណោយ​ដ៏​ភ្ញាក់​ផ្អើល សម្រាប់​ភរិយា​គាត់​។ ឡាន​នោះ​មាន​ផ្ទៃ​ខាង​ក្រៅ​ពណ៌​ទឹក​ប៊ិច យ៉ាន់​ពណ៌​ក្រូម​ភ្លឺ​ស្អាត ផ្ទៃ​ខាង​ក្នុង​ពណ៌​ខ្មៅ និង​មាន​បំពាក់​គ្រឿង​ទំនើបៗ​ផង​ដែរ​។ ហើយក៏​មាន​រូប​ថត​ឡាន​ដដែល​នោះ មុន​ពេល​គេ​ជួសជុល ដែល​មាន​រូបរាង​ចាស់ ពណ៌លឿង​ដែល​មិន​គួរ​ឲ្យ​ទាក់ទាញ​។ គេ​ប្រហែល​ជា​ពិបាក​នឹកស្រមៃ​ទុក​ជា​មុន​ថា វា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា ប៉ុន្តែ កាល​គេ​ទើប​តែ​យក​វា​ចេញ​ពី​រោង​ចក្រ​ផលិត​ថ្មីៗ វា​ទំនងជា​មាន​សម្រស់​ដ៏​ទាក់ទាញ​សម្រាប់​មនុស្ស​ជា​ច្រើន​។ តែ​ជា​ច្រើន​ឆ្នាំ​ក្រោយមក វា​ក្លាយ​ជា​ឡាន​ចាស់​មាន​ការ​សឹក​រីក​រិល រលាត់​ដាច់ និង​កត្តា​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​គេ​គិតថា វា​ដល់​ពេល​ដែលគេ​ត្រូវ​ជួសជុល​ឲ្យ​ស្អាត​ដូច​ដើម​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្ថានភាព​របស់​រាស្រ្ត​របស់​ព្រះអម្ចាស់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៨០ ដែល​ក្នុង​នោះ ក៏​មាន​ការ​អធិស្ឋាន​ជា​ច្រើន​ដង​ថា “ឱ​ព្រះ​អង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មកវិញ សូម​ឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ”(ខ.៣ និង ខ.៧,១៩)។ ទោះ​ប្រវត្តិ​សាស្ត្រ​របស់​ពួកគេ​បាន​រាប់​បញ្ចូល​ការ​រំដោះ​ពួកគេ ចេញពី​ទឹកដី​អេស៊ីព្ទ និង​ការ​ដាំ​ពួកគេ​នៅ​លើ​ទឹក​ដី​ដែល​មាន​ជីជាតិ​ក៏ដោយ(ខ.៨-១១) ក៏​ពេល​វេលា​ដ៏​ល្អ​ដែល​ពួក​គេ​មាន​ពី​ដំបូង ​បាន​កន្លង​ផុត​ទៅ​។ ដោយសារ​ការ​បះបោរ ពួកគេ​ក៏បាន​ទទួល​ការ​ជំនុំជម្រះ(ខ.១២-១៣)។ បានជា​ពួក​គេ​ទូល​អង្វរ​ព្រះ​អង្គ​ថា “ឱ​ព្រះ​នៃ​ពួក​ពល​បរិវារ​អើយ យើង​ខ្ញុំ​អង្វរ​ដល់​ទ្រង់ សូម​បែរមក​វិញ ហើយ​ទត​ពីលើ​ស្ថាន​សួគ៌​មក​”(ខ.១៤)។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ហត់នឿយ នៅ​ឆ្ងាយ ឬ​ដាច់​ចេញពី​ព្រះ​អង្គ​ឬ​ទេ? តើ​អ្នក​បាន​បាត់បង់​ភាព​ស្កប់​ស្កល់​ខាង​វិញ្ញាណ​ហើយ​ឬ? តើ​ដោយសារ​អ្នក​មិន​បាន​រស់នៅ ឲ្យ​សម​ស្រប​តាម​ព្រះយេស៊ូវ និង​បំណង​ព្រះទ័យ​ព្រះ​អង្គ​ឬ? ព្រះ​ទ្រង់​តែងតែ​ស្តាប់​ការ​អធិស្ឋាន​របស់​យើង ពេលណា​យើង​ទូល​សូម​ព្រះអង្គ​ឲ្យ​ស្អាង​យើង​ឡើង​វិញ(ខ.១)។ តើមាន​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ទូល​សូម​ព្រះអង្គ?—Arthur Jackson

តើ​អ្នក​បាន​ដក​ពិសោធន៍​នឹង​ការ​ស្អាង​ឡើង​វិញ​របស់​ព្រះអង្គ នៅ​ពេលណា​ខ្លះ? តើ​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក ដែល​ត្រូវ​ការ​ការ​ស្អាង​ឡើង​វិញ ក្នុង​ពេល​សព្វថ្ងៃ?

ឱ​ព្រះវរបិតា ទូល​បង្គំ​ស្រេក​ឃ្លាន​ការ​ស្អាង​ឡើង​វិញ​របស់​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ដឹង​ថា ទូល​បង្គំ​ត្រូវ​ការ​ការ​ស្អាង​ឡើង​វិញ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles