ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។ ហេព្រើរ ៩:២៧-២៨
ការសុគតរបស់ព្រះយេស៊ូវ គឺជាការផ្ទុកអំពើបាបរបស់មនុស្សពីលើព្រះអង្គទ្រង់។ សេចក្តីពិតនេះស្ថិតនៅក្នុងចំណុចស្នូលនៃជំនឿគ្រីស្ទបរិស័ទ និងចំណុចស្នូលនៃដំណឹងល្អ ហើយនិងចំណុចស្នូលនៃព្រះរាជកិច្ចដ៏អស្ចារ្យនៃការប្រោសលោះរបស់ព្រះ ក្នុងពិភពលោកនេះ។ កាលព្រះគ្រីស្ទសុគត ព្រះអង្គបានផ្ទុកបាបរបស់មនុស្សនៅលើព្រះអង្គទ្រង់។ ព្រះអង្គទទួលយកបាប ដែលមិនមែនជាបាបរបស់ព្រះអង្គ។ ព្រះអង្គរងទុក្ខ ដោយសារអំពើបាបដែលមនុស្សជាតិបានប្រព្រឹត្ត ដើម្បីឲ្យពួកគេអាចមានសេរីភាពរួចពីអំពើបាប។
នេះជាចម្លើយសម្រាប់បញ្ហាធំបំផុត ក្នុងជីវិតអ្នក ទោះអ្នកមានអារម្មណ៍ថា វាជាបញ្ហាចម្បង ឬអត់ក៏ដោយ។ មានចម្លើយមួយដែលប្រាប់យើង អំពីរបៀបដែលយើងអាចផ្សះផ្សាជាមួយព្រះ ទោះយើងជាមនុស្សមានបាបក៏ដោយ។ ចម្លើយនោះគឺ ការសុគតរបស់ព្រះគ្រីស្ទជាដង្វាយលោះបាប ដែលបាន “ផ្ទុកបាបរបស់មនុស្សជាច្រើន”។ ព្រះអង្គបានលើកបាបរបស់យើងឡើង ផ្ទុកលើអង្គទ្រង់ ក្នុងដំណើរឆ្ពោះទៅរកឈើឆ្កាង ហើយព្រះអង្គក៏បានសុគត ដោយសេចក្តីស្លាប់ដែលយើងសមនឹងទទួល។
ឥឡូវនេះ តើការនេះមានន័យយ៉ាងណា សម្រាប់សេចក្តីស្លាប់របស់ខ្ញុំ? “ព្រះទ្រង់បានតម្រូវឲ្យ[ខ្ញុំ]ស្លាប់តែមួយដង”។ បានសេចក្តីថា សេចក្តីស្លាប់របស់ខ្ញុំមិនមែនសម្រាប់ដាក់ទោសខ្ញុំទៀតទេ។ សេចក្តីស្លាប់របស់ខ្ញុំមិនមែនជាការដាក់ទោស ដោយសារអំពើបាបរបស់ខ្ញុំទៀតឡើយ។ ព្រះអង្គបានយកអំពើបាបរបស់ខ្ញុំចេញទៅហើយ។ ការសុគតរបស់ព្រះគ្រីស្ទ “បានលប់” អំពើបាបរបស់ខ្ញុំចោល។ ព្រះគ្រីស្ទបានទទួលទោសជំនួសខ្ញុំហើយ។
ហេតុអ្វីខ្ញុំនៅតែត្រូវស្លាប់? ព្រោះព្រះទ្រង់សព្វព្រះទ័យឲ្យសេចក្តីស្លាប់ នៅមាន ក្នុងលោកិយមួយរយៈទៀត សូម្បីតែក្នុងចំណោមកូនៗរបស់ព្រះអង្គក៏ដោយ ដើម្បីបន្តធ្វើជាសាក្សីនៃភាពតក់ស្លុតក្រៃលែងរបស់អំពើបាប។ ពេលយើងស្លាប់ គឺមានន័យថា យើងនៅតែបង្ហាញចេញ នូវផលវិបាកខាងក្រៅនៃអំពើបាបក្នុងលោកិយនេះ។
តែសម្រាប់កូនរបស់ព្រះ សេចក្តីស្លាប់មិនមែនជាសេចក្តីក្រោធដែលព្រះអង្គមាន មកលើពួកគេទៀតឡើយ។ វាជាច្រកចូលទៅក្នុងសេចក្តីសង្គ្រោះ មិនមែនចូលទៅក្នុងការថ្កោលទោសនោះទេ។