លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨
ហេព្រើរ ១២:១-៣
ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប … ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ហេព្រើរ ១២:៣
កាលខ្ញុំកំពុងរៀននៅសាលាព្រះគម្ពីរ កាលប៉ុន្មានឆ្នាំមុន យើងមានកម្មវិធីថ្វាយបង្គំប្រចាំសប្តាហ៍។ ក្នុងពេលថ្វាយបង្គំមួយលើកនោះ ខណៈពេលដែលសិស្សទាំងឡាយកំពុងច្រៀងបទ “ព្រះអម្ចាស់អស្ចារ្យ” ខ្ញុំសង្កេតឃើញសាស្ត្រាចារ្យបីរូប កំពុងច្រៀងដោយចិត្តឆេះឆួល។ ទឹកមុខរបស់ពួកគាត់បង្ហាញចេញនូវក្តីអំណរ ដោយសារសេចក្តីជំនឿដែលពួកគាត់មានចំពោះព្រះអម្ចាស់។ ប៉ុន្មានឆ្នាំក្រោយមក ខណៈពេលដែលពួកគាត់ម្នាក់ៗកំពុងមានជំងឺដំណាក់ចុងក្រោយ សេចក្តីជំនឿរបស់ពួកគាត់បានជួយឲ្យពួកគាត់អាចស៊ូទ្រាំទុក្ខលំបាក និងលើកទឹកចិត្តអ្នកដទៃ។
សព្វថ្ងៃនេះ ការនឹកចាំអំពីរបៀបដែលពួកគាត់ច្រៀងសរសើរដំកើងព្រះ បានបន្តលើកទឹកចិត្តខ្ញុំឲ្យបន្តដំណើរទៅមុខទៀត ក្នុងទុក្ខលំបាករបស់ខ្ញុំ។ សម្រាប់ខ្ញុំ ពួកគាត់ស្ថិតក្នុងចំណោមគំរូនៃការលើកទឹកចិត្តរបស់មនុស្សជាច្រើន ដែលរស់នៅដោយជំនឿ។ ពួកគាត់បានរំឭកខ្ញុំ អំពីរបៀបដែលយើងអាចអនុវត្តតាមការបង្រៀនក្នុងបទគម្ពីរហេព្រើរ ១២:២-៣ ឲ្យមើលទៅព្រះយេស៊ូវជាប់ជានិច្ច ដែលព្រះអង្គ “បានរងទ្រាំនៅឈើឆ្កាង … ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់”(ខ.២)។
ពេលណាទុក្ខលំបាក ដោយសារការបៀតបៀន ឬបញ្ហាប្រឈមក្នុងជីវិត ធ្វើឲ្យយើងពិបាកបន្តដំណើរទៅមុខទៀត ចូរយើងយកគំរូតាមអ្នកដែលបានធ្វើតាមព្រះបន្ទូលព្រះ ហើយទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គ។ យើងអាច “រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់”(ខ.១) ដោយចាំថា ព្រះយេស៊ូវ និងអ្នកដែលបានដើរក្នុងជំនឿមុនយើង អាចស៊ូទ្រាំនឹងទុក្ខលំបាក។ បទគម្ពីរនេះក៏បានលើកទឹកចិត្តយើងឲ្យ “ពិចារណាមើលទ្រង់” ដើម្បីកុំឲ្យយើងត្រូវនឿយហត់ ហើយរសាយចិត្តចេញឡើយ(ខ.៣)។
ទីបន្ទាល់របស់គ្រូខ្ញុំ ដែលកំពុងរស់នៅក្នុងនគរស្ថានសួគ៌ដោយអំណរ បានបង្ហាញថា “ជីវិតនៃសេចក្តីជំនឿ គឺសក្តិសមនឹងឲ្យយើងរស់នៅ។ ចូរបន្តរស់នៅដោយជំនឿទៀត”។—Karen Huang
តើនរណាបានបណ្តាលចិត្តអ្នក ឲ្យបន្តធ្វើដំណើរខាងសេចក្តីជំនឿ? តើគំរូរបស់ពួកគេបានលើកទឹកចិត្តអ្នក ឲ្យស៊ូទ្រាំនឹងទុក្ខលំបាក ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យមើលទៅព្រះអង្គជាប់ជានិច្ច។ ពេលណាទូលបង្គំហត់នឿយ និងអស់សង្ឃឹម ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានគំរូដ៏ល្អ និងទីបន្ទាល់របស់អ្នកដទៃ ដែលបានដើរក្នុងព្រះអង្គមុនទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨