និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១
១យ៉ូហាន ៤:៩-១៩
ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩
អ្នកគ្រូថេរីសា(Teresa) ជាអ្នកក្រុងអាវីឡា ជាអ្នកនិពន្ធដ៏ល្បីល្បាញក្នុងពួកជំនុំ នៅសតវត្សរ៍ទី១៦។ ក្នុងសំណេររបស់គាត់ គាត់បានលើកឡើងថា គ្រីស្ទបរិស័ទជាច្រើនបានស្វែងរកវិធីផ្គាប់ចិត្តខ្លួនឯង ក្នុងការបម្រើព្រះ ក្នុងគ្រប់ការទាំងអស់។ គាត់បានបង្ហាញការសោកស្តាយ ចំពោះគ្រីស្ទបរិស័ទដែលបានព្យាយាមធ្វើកិច្ចការថ្វាយព្រះ តាមរបៀបងាយស្រួលគ្រប់គ្រងជាង និងគួរឲ្យគាប់ចិត្តខ្លួនឯងជាង ជាជាងចុះចូលនឹងការដឹកនាំរបស់ព្រះទាំងស្រុង។ យើងច្រើនតែមានទំនោរទៅរកការលូតលាស់ យឺតៗ មិនប្រាកដប្រជា និងថែមទាំងស្ទាក់ស្ទើរ ក្នុងការទុកចិត្តព្រះអង្គអស់ពីចិត្ត។ ហេតុនេះហើយ អ្នកគ្រូថេរីសាបានសារភាពថា សូម្បីតែពេលណាយើងវាស់ស្ទង់ជីវិតយើង តាមខ្នាតគំរូព្រះអង្គ បន្តិចម្តងៗ យើងត្រូវតែស្កប់ចិត្ត ក្នុងការទទួលអំណោយព្រះអង្គម្តងមួយដំណក់ម្តងមួយដំណក់ ទាល់តែយើងខ្ញុំបានថ្វាយជីវិតយើងខ្ញុំទាំងស្រុងដល់ព្រះអង្គ។
ក្នុងនាមយើងជាមនុស្ស ទំនុកចិត្តមិនកើតមានដោយឯកឯងឡើយ។ ហេតុនេះហើយ ការដកពិសោធន៍ជាមួយព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ ត្រូវការពេលវេលា។
ប៉ុន្តែ ពេលយើងអានបទគម្ពីរ ១យ៉ូហាន ជំពូក៤ យើងឃើញថា ព្រះទ្រង់ស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(ខ.១៩) គឺស្រឡាញ់យើងយ៉ាងខ្លាំង បានជាព្រះអង្គស្ម័គ្រព្រះទ័យលះបង់ព្រះជន្មព្រះរាជបុត្រាព្រះអង្គ។ គឺដូចដែលសាវ័កយ៉ូហានបានសរសេរ ដោយការស្ញប់ស្ញែង និងការអរព្រះគុណថា “នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ”(ខ.១០)។
ព្រះទ្រង់បានប្រោសចិត្តយើងឲ្យជា បន្តិចម្តងៗ យ៉ាងសុភាព ដើម្បីឲ្យយើងទទួលសេចក្តីស្រឡាញ់ ហើយព្រះគុណព្រះអង្គជួយយើង ឲ្យថ្វាយការភ័យខ្លាចរបស់យើងដល់ព្រះអង្គ ម្តងមួយជំហាន(ខ.១៨)។ ព្រះគុណព្រះអង្គពាល់ចិត្តយើងម្តងមួយជំហាន ទាល់តែយើងបានដកពិសោធន៍នឹងការចាក់បង្ហូរព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ជាបរិបូរ។—Monica La Rose
តើអ្នកបានដកពិសោធន៍នឹងព្រះគុណព្រះ “មួយជំហានម្តងៗ” ក្នុងជីវិតអ្នកដូចម្តេចខ្លះ? តើសេចក្តីស្រឡាញ់របស់ព្រះ បានជួយអ្នកជម្នះការភ័យខ្លាចដូចម្តេចខ្លះ ដើម្បីឲ្យអ្នកមានក្តីសង្ឃឹម និងទំនុកចិត្ត?
ឱព្រះដ៏ស្មោះត្រង់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្រឡាញ់ទូលបង្គំ មុនទូលបង្គំស្រឡាញ់ព្រះអង្គ សូម្បីតែនៅពេលដែលចិត្តទូលបង្គំមានរបួសខ្លាំងពេក និងឈឺចាប់ពេក ធ្វើឲ្យពិបាកទុកចិត្តព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឈោងមករកទូលបង្គំ តាមមធ្យោបាយជាច្រើន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១