និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០
សុភាសិត ២៥:២៣-២៧
ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។ សុភាសិត ២៥:២៥
កាលខ្ញុំកំពុងឈរនៅក្នុងផ្ទះបាយ កូនស្រីខ្ញុំស្រាប់តែលាន់មាត់ថា មានសត្វរុយមួយក្បាលនៅក្នុងទឹកឃ្មុំ។ ខ្ញុំក៏បាននិយាយលេងជាមួយនាង ដោយដកស្រង់ពាក្យស្លោកមួយ ដែលពោលថា យើងអាចប្រទះឃើញសត្វរុយនៅក្នុងទឹកឃ្មុំ ច្រើនជាងនៅក្នុងទឹកខ្មេះ។ កាលនោះ ខ្ញុំបានឃើញសត្វរុយនៅក្នុងទឹកឃ្មុំជាលើកដំបូង តែខ្ញុំបានដកស្រង់ពាក្យស្លោកនេះ ដោយសារវាបានបង្រៀនយើងថា ការស្នើសុំដ៏សុភាពអាចបញ្ចុះបញ្ចូលអ្នកដទៃ បានច្រើនជាងការស្នើសុំដោយអាកប្បកិរិយាជូរល្វីង។
កណ្ឌគម្ពីរសុភាសិតបានប្រមូលផ្តុំសុភាសិតប្រកបដោយប្រាជ្ញាជាច្រើន ដែលព្រះវិញ្ញាណបានបណ្តាលឲ្យតែង។ សុភាសិតទាំងនេះដឹកនាំ និងបង្រៀនយើង នូវសេចក្តីពិតដ៏សំខាន់ អំពីរបៀបរស់នៅ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះ។ សុភាសិតជាច្រើនផ្ដោតទៅលើទំនាក់ទំនងជាមួយមនុស្សនិងមនុស្ស ដោយរាប់បញ្ចូលទាំងផលប៉ះពាល់ ដែលពាក្យសម្ដីរបស់យើងអាចមានមកលើអ្នកដទៃ។
ក្នុងសុភាសិតរបស់ស្តេចសាឡូម៉ូន ទ្រង់បានដាស់តឿនយើង មិនឲ្យនិយាយពាក្យមិនពិតមកលើអ្នកដទៃ(សុភាសិត ២៥:១៨)។ ទ្រង់បានបង្រៀនថា “អណ្តាតដែលនិយាយដើមគេ” នាំឲ្យមានភាពល្អក់កករនៅក្នុងទំនាក់ទំនង(ខ.២៣)។ ទ្រង់ក៏បានដាស់តឿន អំពីផលប៉ះពាល់នៃការរអ៊ូរទាំផងដែរ(ខ.២៤)។ ហើយទ្រង់ក៏បានលើកទឹកចិត្តអ្នកអានកណ្ឌគម្ពីរសុភាសិត ពាក្យសម្តីដែលនាំដំណឹងល្អ គឺជាព្រះពរដល់អ្នកស្តាប់(ខ.២៥)។
ខណៈពេលដែលយើងព្យាយាមយកសេចក្តីពិតនេះមកអនុវត្តន៍តាម សូមព្រះវិញ្ញាណប្រទានយើង នូវចម្លើយដ៏សមរម្យ(១៦:១)។ ព្រះអង្គអាចជួយឲ្យពាក្យសម្ដីរបស់យើងមានរស់ជាតិផ្អែម ក៏ដូចជានាំមកនូវភាពស្រស់ថ្លាក្នុងចិត្ត។—Lisa M. Samra
តើអ្នកបានឃើញផលប៉ះពាល់នៃពាក្យសម្ដី នៅពេលណាខ្លះ? តើព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំអ្នក ឲ្យប្រើពាក្យសម្ដីដែលនាំមកនូវភាពស្រស់ថ្លាក្នុងចិត្ត ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញអ្នកដទៃ ឲ្យឃើញសេចក្តីអាណិតរបស់ព្រះអង្គ នៅក្នុងទំនាក់ទំនងរបស់ទូលបង្គំ ដោយប្រើពាក្យសម្លីដែលប្រកបដោយគុណ និងសប្បុរស។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០