រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច។ ១ពេត្រុស ៥:១០
ជួនកាល ក្នុងពេលដែលមានការរងទុក្ខ និងស្ត្រេសជាធម្មតា ក្នុងការរស់នៅប្រចាំថ្ងៃ យើងប្រហែលជាសួរព្រះថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវពិបាកយូរប៉ុណ្ណាទៀត? ទូលបង្គំមើលឃើញតែការឈឺចាប់ប៉ុណ្ណោះ នៅថ្ងៃនេះ។ តើថ្ងៃស្អែកទូលបង្គំនឹងជួបរឿងអ្វីទៀត? តើព្រះអង្គនឹងជួយទទួលបង្គំ នៅក្នុងការរងទុក្ខនោះដែរទេ?”
សំណួរនេះមានលក្ខណៈបន្ទាន់ខ្លាំងណាស់ ព្រោះព្រះយេស៊ូវបានមានបន្ទូលថា “អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត”(ម៉ាកុស ១៣:១៣)។ យើងមានការភ័យញ័រ ពេលយើងគិតថា យើងកំពុងតែស្ថិតក្នុងចំណោម “ពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាស”(ហេព្រើរ ១០:៣៩)។ យើងមិនកំពុងតែលេងល្បែងនោះឡើយ។ ទុក្ខលំបាកជាការគំរាមកំហែងដ៏អាក្រក់ មកលើជំនឿដែលយើងមាន ចំពោះព្រះគុណនៃអនាគតកាល ។
ដូចនេះ វាជាការអស្ចារ្យណាស់ ដែលយើងបានឮសាវ័កពេត្រុសសន្យា ចំពោះគ្រីស្ទបរិស័ទដែលកំពុងរងទុក្ខ និងហត់នឿយថា “រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច”(១ពេត្រុស ៥:១០)។
ព្រះដ៏មានព្រះគុណសព្វគ្រប់បានប្រទាននូវការធានាថា ព្រះអង្គនឹងមិនឲ្យយើងរងទុក្ខ លើសរយៈពេលដែលយើងអាចអត់ទ្រាំ ហើយក៏ធានាថា ព្រះអង្គនឹងលប់បំបាត់ភាពខ្វះចន្លោះ ដែលធ្វើឲ្យយើងសោកសៅ ហើយព្រះអង្គនឹងតាំងឲ្យរឹងមាំជារៀងរហូត ចំពោះអ្វីដែលមានដំណើរទ្រេតទ្រោតជាយូរមកហើយ។
ព្រះទ្រង់មិនមែនជាព្រះដែលមានតែព្រះគុណខ្លះ ដូចព្រះគុណដែលមានតែក្នុងពេលអតីតកាលនោះឡើយ។ ព្រះអង្គជា “ព្រះដ៏មានព្រះគុណសព្វគ្រប់” ដែលរាប់បញ្ចូលទាំងព្រះគុណនៃអនាគតកាល ដែលគ្មានកំណត់ មិនចេះរីងស្ងួត ដែលយើងត្រូវការ ដើម្បីទ្រាំអត់ដល់ទីបញ្ចប់។
ការមានជំនឿចំពោះព្រះគុណនៃអនាគតកាល ដោយមានភាពរឹងមាំឡើង ដោយសារការនឹកចាំ អំពីព្រះគុណនៅពេលអតីតកាលគឺជាគន្លឹះ ដើម្បីឲ្យយើងទ្រាំអត់ នៅក្នុងការធ្វើដំណើរតាមផ្លូវដ៏តូចចង្អៀត និងពិបាក ឆ្ពោះទៅរកជីវិត។