២ធីម៉ូថេ ៣:១០-១៧
តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង។ ២ធីម៉ូថេ ៣:១៥
កាលអ្នកស្រីគ្រីស្ទីន(Kristin) ចង់ទិញសៀវភៅពិសេសមួយក្បាល ធ្វើជាអំណោយសម្រាប់លោកហ្សូ ហ៊ូ(Xio-Hu) ជាស្វាមីជនជាតិចិន គាត់ក៏បានដើរទិញសៀវភៅភាសាចិន តែនៅកន្លែងលក់សៀវភៅ មានតែព្រះគម្ពីរប៊ីបទេ ដែលមានភាសាចិន។ ទោះអ្នកទាំងពីរមិនមែនជាអ្នកជឿព្រះគ្រីស្ទ គាត់សង្ឃឹមថា ស្វាមីគាត់នឹងពេញចិត្តនឹងអំណោយមួយនេះ។ ពេលស្វាមីគាត់ឃើញព្រះគម្ពីរប៊ីបជាលើកដំបូង ស្វាមីគាត់ក៏បានខឹង តែទីបំផុត គាត់ក៏បានយកព្រះគម្ពីរនោះមកអាន។ ពេលគាត់អាន គាត់ក៏បានទទួលការប៉ះពាល់ចិត្ត ដោយសេចក្តីពិតក្នុងទំព័រព្រះគម្ពីរ។ អ្នកស្រីគ្រីស្ទីនមិនសប្បាយចិត្តពេលដែលបានឃើញស្វាមីខ្លួនមានការផ្លាស់ប្តូរដូចនេះ ហើយក៏បានចាប់ផ្តើមអានព្រះគម្ពីរដែរ ដើម្បីស្វែងរកកំហុសក្នុងព្រះគម្ពីរ។ តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលគាត់បានទទួលជឿព្រះយេស៊ូវ តាមរយៈការអានព្រះគម្ពីរផងដែរ។
សាវ័កប៉ុលបានស្គាល់អំណាចនៃព្រះគម្ពីរ ដែលកែប្រែជីវិតមនុស្ស។ កាលគាត់សរសេរសំបុត្រពីក្នុងគុក នៅទីក្រុងរ៉ូម គាត់បានជំរុញលោកធីម៉ូថេ ជាសិស្ស ឲ្យនៅជាប់ក្នុងសេចក្តីដែលគាត់បានរៀនពីបទគម្ពីរទាំងប៉ុន្មាន តាំងពីតូចមក (២ធីម៉ូថេ ៣:១៤-១៥)។ សាវ័កប៉ុលដឹងថា លោកធីម៉ូថេនឹងជួបការទាស់ប្រឆាំង និងការបៀតបៀន បានជាគាត់ចង់ឲ្យលោកធីម៉ូថេកាន់ខ្ជាប់តាមព្រះបន្ទូល ដើម្បីឲ្យអាចជម្នះបញ្ហាប្រឈម ដោយរកឃើញកម្លាំង និងប្រាជ្ញាក្នុងព្រះគម្ពីរ ខណៈពេលដែលគាត់ចំណាយពេលជញ្ជឹងគិតអំពីសេចក្តីពិតក្នុងព្រះបន្ទូល។
ព្រះទ្រង់បានបញ្ចេញអំណាចក្នុងព្រះគម្ពីរដល់យើង តាមរយៈព្រះវិញ្ញាណព្រះអង្គ។ ពេលណាយើងនៅជាប់នឹងព្រះបន្ទូល ព្រះអង្គនឹងកែប្រែយើងឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ។ គឺដូចដែលព្រះអង្គបានកែប្រែលោកហ្សូ ហ៊ូ និងអ្នកស្រីគ្រីស្ទីនផងដែរ។—Amy Boucher Pye
តើអ្នកមានការផ្លាស់ប្រែដូចម្តេចខ្លះ តាមរយៈការចំណាយពេលអាន និងជញ្ជឹងគិតព្រះបន្ទូល ក្នុងព្រះគម្ពីរ?
តើអ្នកបានដកពិសោធន៍នឹងអំណាចនៃព្រះបន្ទូល នៅពេលណា?
ឱព្រះដែលបានបង្កើតជីវិតមនុស្សទាំងអស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានព្រះគម្ពីរប៊ីប ធ្វើជាសៀវភៅដែលនាំមកនូវជីវិត។ សូមព្រះអង្គជួយទូលបង្គំឲ្យចុះចូលព្រះអង្គ ខណៈពេលដែលទូលបង្គំអានព្រះគម្ពីរ។
To learn more about how to effectively study the Bible, visit ODBU.org/lessons/SF106-01.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ លេវីវិន័យ ៨-១០ និង ម៉ាថាយ ២៥:៣១-៤៦