តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់»។ រ៉ូម ៣:៣-៤
ការដែលយើងខ្វល់អំពីសេចក្តីពិត គឺជាការបង្ហាញចេញដោយជៀសមិនរួចថា យើងបានជញ្ជឹងគិតអំពីព្រះ។ ព្រះពិតជាមានមែន ដូចនេះព្រះអង្គជាខ្នាតគំរូសម្រាប់វាស់ស្ទង់អ្វីៗគ្រប់យ៉ាង ហើយការគិតរបស់ព្រះអង្គ អំពីអ្វីៗគ្រប់យ៉ាង គឺជាខ្នាតគំរូដែលគួរឲ្យយើងគិតតាម។
ការមិនខ្វល់អំពីសេចក្តីពិត គឺជាការមិនខ្វល់អំពីព្រះ។ ដើម្បីស្រឡាញ់ព្រះដោយចិត្តឆេះឆួល យើងត្រូវស្រឡាញ់សេចក្តីពិត ដោយចិត្តឆេះឆួល។ ការទទួលយកព្រះធ្វើជាចំណុចកណ្តាលនៃជីវិត គឺមានន័យថា យើងបានទទួលការជំរុញចិត្ត ដោយសេចក្តីពិត នៅក្នុងការធ្វើការបម្រើព្រះ។ ការអ្វីដែលមិនពិត គឺមិនមែនមកពីព្រះនោះទេ។
សូមចំណាយពេលជញ្ជឹងគិត អំពីបទគម្ពីរ ដែលបានចែងអំពីព្រះ និងសេចក្តីពិត ដែលមានដូចតទៅ ៖
១) ព្រះទ្រង់ជាសេចក្តីពិត
រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញ”។
យ៉ូហាន ១៤:៦(ព្រះរាជបុត្រា) ៖ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ” ។
យ៉ូហាន ១៥:២៦ (ព្រះវិញ្ញាណបរិសុទ្ធ) ៖ “កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ”។
២) ការមិនស្រឡាញ់សេចក្តីពិត នាំមកនូវសេចក្តីហិនវិនាសអស់កល្បជានិច្ច
២ថែស្សាឡូនីច ២:១០ ៖ ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស “ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ”។
៣) ការរស់នៅរបស់គ្រីស្ទបរិស័ទ ត្រូវផ្អែកទៅលើការស្គាល់សេចក្តីពិត
១កូរិនថូស ៦:១៥-១៦ ៖ “តែមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា?”
៤) រូបកាយព្រះគ្រីស្ទបានស្អាងឡើង ដោយសេចក្តីពិត ក្នុងសេចក្តីស្រឡាញ់
កូល៉ុស ១:២៨ ៖ “យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ”។
សូមព្រះទ្រង់ជួយយើងឲ្យមានចិត្តឆេះឆួល ចំពោះព្រះអង្គ និងចំពោះសេចក្តីពិត។