ពាក្យ​សម្ដី​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់

ដែល​ឃើញថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យសំដី​ឬអី? យ៉ូប ៦:២៦

នៅពេល​ដែល​មានការ​សោក​សង្រេង ការឈឺចាប់ និង​ភាព​អស់សង្ឃឹម មនុស្ស​ច្រើនតែ​និយាយ​នូវ​ពាក្យ ដែល​តាម​ធម្មតា ខ្លួន​មិន​ចង់​និយាយ​ពាក្យ​នោះ​ឡើយ។ ពួក​គេ​បន្ថែម​ពណ៌ខ្មៅ​ងងឹត មក​លើ​ការពិត គឺ​ពណ៌ខ្មៅ​ងងឹត​ជាង​ពណ៌​ដែល​ពួក​គេ​នឹង​គូស​ពីលើ នៅ​ថ្ងៃស្អែក ពេល​ដែល​ថ្ងៃរះ​ឡើង។ ពួក​គេ​ច្រៀង​ដោយ​តុង​ដែល​តឹង​ខ្លាំង ហើយ​និយាយ​ចេញ​មក ធ្វើ​មើលតែ​ភ្លេង​មានតែ​តុង​មួយ​នេះ។ ពួក​គេ​មើលឃើញ​តែ​ពពក ហើយ​និយាយ ធ្វើ​មើលតែ​ទីក្រុង​គ្មាន​មេឃ។

ពួក​គេ​និយាយ​ថា “ព្រះ​នៅ​ទីណា?” ឬ “ការ​បន្ត​ទៅមុខ​ទៀត គ្មាន​ប្រយោជន៍អ្វី​ទេ​” ឬក៏ “ខ្ញុំ​គិត​លែង​យល់​អ្វី​ទាំងអស់​” ឬមួយ “ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​” ពុំ​នោះ​ទេ “បើ​ព្រះ​ពិតជា​ល្អ​មែន រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ​”។

តើ​យើង​ត្រូវ​ឆ្លើយតប ដូចម្តេចចំពោះ​ពាក្យ​សម្ដី​ទាំងនេះ?

លោក​យ៉ូប​មានប្រសាសន៍​ថា យើង​មិន​ចាំបាច់​ត្រូវ​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនេះ​គឺជា​ខ្យល់ ឬ​តាមន័យ​ត្រង់​គឺ “សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​”។ ពាក្យ​សម្ដី​ទាំងនោះ​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ កាលៈទេសៈ​នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​មនុស្ស​អស់សង្ឃឹម​នោះ នឹង​ភ្ញាក់​ដឹងខ្លួន​ចេញពី​យប់​ងងឹត​នោះ ហើយក៏​នឹក​ស្តាយ​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ​មក​លឿន​ពេក។

ដូចនេះ ចូរ​យើង​កុំ​ចំណាយពេល និង​កម្លាំង ដើម្បី​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពួក​វា​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ យើង​មិន​ចាំបាច់​ត្រូវ​ជម្រុះ​ស្លឹកឈើ​ចេញពី​ដើម នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឡើយ។ វា​ជា​ការ​ប្រឹងប្រែង​ដែល​ឥតប្រយោជន៍។ មិនយូរ​ប៉ុន្មាន​ស្លឹក​ឈើ​ទាំង​នោះ​នឹង​ជ្រុះ​ដោយឯកឯង។

យើង​ពិតជា​ប្រញាប់​ការពារ​ព្រះ ឬ​ជួនកាល ប្រញាប់​ការពារ​សេចក្តី​ពិត ប្រឆាំង​នឹង​ពាក្យ​សម្ដី​ដែល​សម្រាប់​តែ​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​ឆ្ងាយ។ បើ​យើង​មាន​ប្រាជ្ញា នោះ​យើង​អាច​ដឹង​អំពី​ភាព​ខុសគ្នា រវាង​ពាក្យ​សម្ដី​ដែល​បាន​ចាក់ឫស និង​ពាក្យ​សម្ដី​ដែល​ត្រូវ​ខ្យល់បក់​ផាត់។

មាន​ពាក្យ​សម្ដី​ដែល​ចាក់ឫស​ចូលក្នុង​សេចក្តី​កំហុស និង​សេចក្តី​អាក្រក់​ដ៏​សែន​ជ្រៅ។ ប៉ុន្តែ មិនមែន​ពាក្យ​សម្ដី​ពណ៌ប្រផេះ​ទាំងអស់ សុទ្ធតែ​ទទួល​បាន​ពណ៌ ពីចិត្ត​ដ៏​ខ្មៅ​ងងឹត​នោះ​ឡើយ។ ខ្លះ​បាន​ទទួល​ពណ៌ខ្មៅ​ភាគច្រើន ពី​ការឈឺចាប់ និង​ភាព​អស់សង្ឃឹម។ អ្វី​ដែល​អ្នក​បានឮ គឺ​មិនបាន​ចេញពី​ជម្រៅ​ចិត្ត​ដ៏​ជ្រៅ​បំផុត​នោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនោះ​ចេញពី​អ្វី​ដែល​ងងឹត និង​ពិតជា​មាន​មែន ដែល​កប់​ជាប់​ក្នុងចិត្ត។ តែ​វា​មាន​លក្ខណៈ​បណ្ដោះអាសន្ន ពិត និង​ឈឺចាប់ ដូចជា​ជម្ងឺឆ្លង​ដែល​ត្រូវ​បាត់​ទៅវិញ តែ​វា​មិនមែន​ជា​លក្ខណៈ​ពិត​របស់​បុគ្គល​នោះ​ទេ។

ដូចនេះ ចូរ​យើង​រៀន​សង្កេតមើល​ថា ពាក្យ​សម្ដី​ដែល​ទាស់​ប្រឆាំង​យើង ឬប្រឆាំង​ព្រះ ឬក៏​ប្រឆាំង​សេចក្តី​ពិត គឺ​គ្រាន់តែ​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់ ពោល​គឺ​មិនមែន​និយាយ​ចេញពី​វិញ្ញាណ តែ​ចេញពី​ការឈឺចាប់​វិញ។ បើ​ពាក្យ​សម្ដី​ទាំងនោះ​សម្រាប់​តែ​ឲ្យ​ខ្យល់បក់​ផាត់ ចូរ​យើង​រង់ចាំ យ៉ាង​ស្ងៀមស្ងាត់ ហើយ​មិន​ត្រូវ​ស្តី​បន្ទោស​នោះ​ឡើយ។ ការ​ស្អាង​វិញ្ញាណ​ឡើង ដោយ​មិន​ស្តី​បន្ទោស​ឲ្យ​ការឈឺចាប់ គឺជា​គោលដៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង។    

More articles