ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី។ អេភេសូរ ៦:៧-៨
សូមពិចារណា អំពីចំណុចទាំង៥ ដែលមានចែងបទគម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទងនឹងការងាររបស់អ្នក ដូចតទៅ ៖
១) ការត្រាស់ហៅឲ្យរស់នៅ ដោយយកព្រះអម្ចាស់ជាទី១
នេះជារបៀបនៃការរស់នៅដែលគួរឲ្យភ្ញាក់ផ្អើល បើធៀបជាមួយនឹងរបៀបដែលយើងរស់នៅជាធម្មតា។ សាវ័កប៉ុលបានមានប្រសាសន៍ថា ការងារទាំងអស់ដែលយើងធ្វើ គឺយើងគួរតែធ្វើឡើងថ្វាយព្រះគ្រីស្ទ មិនមែនសម្រាប់ចៅហ្វាយនាយ ដែលជាមនុស្សនោះទេ។ គឺធ្វើការបម្រើ ដោយឆន្ទះដ៏ល្អ “ដូចជាបម្រើដល់ព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្ស”។
បានសេចក្តីថា យើងត្រូវគិតដល់ព្រះអម្ចាស់ នៅក្នុងកិច្ចការអ្វីដែលយើងកំពុងធ្វើ នៅកន្លែងធ្វើការ។ យើងត្រូវសួរថា ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះ? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះដោយរបៀបណា? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះ នៅពេលណា? តើព្រះអម្ចាស់នឹងជួយខ្ញុំ ឲ្យធ្វើកិច្ចការនេះទេ? តើកិច្ចការនេះនឹងមានផលប៉ះពាល់អ្វីខ្លះ មកលើព្រះកិត្តិនាមព្រះអម្ចាស់? អាចនិយាយម្យ៉ាងទៀតថា ការរស់នៅជាគ្រីស្ទបរិស័ទ គឺមានន័យថា យើងរស់នៅ និងធ្វើការ ដោយយកព្រះអម្ចាស់ជាទី១។
២) ការត្រាស់ហៅឲ្យធ្វើជាមនុស្សល្អ
ការរស់នៅដែលយកព្រះជាទីមួយ គឺមានន័យថា យើងរស់នៅជាមនុស្សល្អ និងប្រព្រឹត្តអំពើល្អ។ គឺដូចដែលសាវ័កប៉ុលបានមានប្រាប់យើងឲ្យបម្រើដោយអំណរ ដោយការល្អអ្វីដែលគ្រប់គ្នាធ្វើ។ ព្រះយេស៊ូវមានបន្ទូលថា ពេលណាយើងបញ្ចេញពន្លឺរបស់យើង មនុស្សនឹងបានឃើញ “ការល្អ” ដែលយើងធ្វើ ហើយថ្វាយសិរីល្អដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ម៉ាថាយ ៥:១៦)។
៣) អំណាចសម្រាប់ធ្វើការឲ្យបានល្អ សម្រាប់ចៅហ្វាយនាយចិត្តអាក្រក់ នៅផែនដី
គោលបំណងរបស់សាវ័កប៉ុល គឺដើម្បីជួយឲ្យគ្រីស្ទបរិស័ទយកព្រះអម្ចាស់ជាទីមួយ ដើម្បីធ្វើការល្អ សម្រាប់ចៅហ្វាយនាយចិត្តអាក្រក់។ តើធ្វើដូចម្តេច ឲ្យអាចបន្តធ្វើការល្អ នៅក្នុងការងារ ដែលចៅហ្វាយរបស់អ្នក មិនអើពើរចំពោះអ្នក ឬថែមទាំងរិះគន់អ្នកទៀត? ចម្លើយរបស់សាវ័កប៉ុលនោះគឺ៖ យើងត្រូវឈប់គិតអំពីថា ចៅហ្វាយនាយរបស់យើង ជាចៅហ្វាយនាយធំបំផុតរបស់យើង ហើយចាប់ផ្តើមធ្វើការថ្វាយព្រះអម្ចាស់វិញ។ ចូរអនុវត្តដូចនេះ នៅក្នុងភារកិច្ចនីមួយៗ ដែលចៅហ្វាយនាយ នៅផែនដីឲ្យអ្នកធ្វើ។
៤) ការលើកទឹកចិត្តថា ការល្អដែលយើងធ្វើមិនឥតប្រយោជន៍ឡើយ
ឃ្លាល្អបំផុតក្នុងបទគម្ពីរនេះ ប្រហែលជាឃ្លា ៖ “ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់”។ នេះពិតជាអស្ចារ្យណាស់! “ការល្អទាំងអស់ដែលគ្រប់គ្នាធ្វើ”។ កិច្ចការតូចៗនីមួយៗ ដែលអ្នកធ្វើ ដែលជាការល្អ គឺព្រះអង្គទតឃើញ និងឲ្យតម្លៃ ព្រមទាំងប្រទានរង្វាន់ឲ្យផង។
ហើយព្រះអង្គនឹងឲ្យរង្វាន់អ្នក សម្រាប់ការល្អដែលអ្នកធ្វើ។ មិនមែនមានន័យថា អ្នកអាចធ្វើឲ្យព្រះអង្គជាប់បំណុលអ្នកនោះឡើយ។ យើងជាកម្មសិទ្ធិព្រះអង្គ ហើយអ្វីៗទាំងអស់ក្នុងចក្រវាល ក៏ជាកម្មសិទ្ធិព្រះអង្គ។ ព្រះអង្គមិនបានជំពាក់អ្វីឡើយ។ តែព្រះអង្គសម្រេចព្រះទ័យឲ្យរង្វាន់យើង សម្រាប់ការល្អទាំងអស់ ដែលយើងបានធ្វើ ដោយជំនឿ។
៥) ការលើកទឹកចិត្តថា ឋានៈតូចទៀបនៅលើផែនដី មិនមែនជាឧបស័គ្គដែលរារាំងមិនឲ្យទទួលរង្វាន់ដ៏ធំ នៅស្ថានសួគ៌នោះឡើយ។
ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ “ទោះបើជាបាវបំរើ ឬអ្នកជាក្តី”។ ចៅហ្វាយនាយអ្នកប្រហែលជាគិតថា អ្នកជាមនុស្សដែលមិនសំខាន់ទាល់តែសោះ ឬគ្រាន់តែជាបាវបម្រើប៉ុណ្ណោះ។ ពុំនោះទេ គាត់ប្រហែលមិនទាំងដឹងថា អ្នកកំពុងមានជីវិតផង។ តែមិនថ្វីទេ ព្រះអម្ចាស់ជ្រាបថា អ្នកកំពុងមានជីវិត ហើយនៅចុងបញ្ចប់ គ្មានកិច្ចការដ៏ស្មោះត្រង់ណា ដែលឥតប្រយោជន៍នោះឡើយ។