ព្រះអម្ចាស់​បាន​បង្កើត​ពួកវា​ទាំង​អស់

ទំនុក​ដំកើង ១០៤:២៤-៣៥

ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា​។ ទំនុក​ដំកើង ១០៤:២៤

ថ្ងៃ​មួយ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ អាយុ៣ឆ្នាំ ឈ្មោះ ហ្សាវា(Xavier) ចូល​មើល​សួន​ត្រី​ក្រោម​ទឹក នៅ​ឆ្នេរ​មុនតេរេយ ក្នុង​រដ្ឋ​កាលីហ្វូញ៉ា​។ ហ្សាវា​ក៏​បាន​កាន់​ដៃ​ខ្ញុំ​យ៉ាង​ណែន ពេល​យើង​ដើរ​ចូល​ទៅ​ក្នុង​សួន​ត្រី​នោះ​។ គាត់​ចង្អុល​ទៅ​រក​សត្វ​ត្រី​បាឡែន​មាន​បូក​ខ្នង ដែល​ខ្លួន​វា​លាត​សន្ធឹង​ពី​លើ​ពី​ដាន​កញ្ចក់ ដែល​នៅ​ពីលើ​យើង​។ គាត់​លាន់​មាត់​ថា “វា​ពិតជា​ធំ​ណាស់!” គាត់​បន្ត​បើក​ភ្នែក​ធំ ដោយ​ការ​ភ្ញាក់​ផ្អើល ខណៈ​ពេល​ដែល​យើង​ដើរ​ទស្សនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​។ យើង​អស់​សំណើច ពេល​ដែល​យើង​បាន​ឃើញ​សត្វ​ភេ​មុជ​ទឹក​ចុះ​ឡើង​ធ្វើ​ឲ្យ​ទឹក​បាចសាច ក្នុង​ពេល​ពួកវា​ស៊ី​ចំណី​។ យើង​ឈរ​ដោយ​ភាព​ស្ងប់​ស្ងាត់ នៅ​ពីមុខ​បង្អួច​កញ្ចក់​ធំ​មួយ​របស់​សួន​ត្រី ដោយ​ការ​ជក់​ចិត្ត​ចំពោះ​សត្វ​ពពុះ​សមុទ្រ ដែល​កំពុង​រេរាំ ក្នុង​ទឹក​សមុទ្រ​ពណ៌​ខៀវ​។ ខ្ញុំ​ក៏​បាន​និយាយ​ថា “ព្រះអង្គ​បាន​បង្កើត​សត្វ​ទាំង​អស់​ក្នុង​មហា​សមុទ្រ ដូច​ដែល​ព្រះអង្គ​បាន​បង្កើត​ប៉ា និង​កូន​ផង​ដែរ”។ គាត់​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “ព្រះអង្គ​ពិតជា​អស្ចារ្យ​ណាស់”។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១០៤ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទទួល​ស្គាល់​ការ​បង្កើត​ជា​បរិបូរ​របស់​ព្រះអម្ចាស់ ហើយ​គាត់​ក៏បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា”(ខ.២៤)។ គាត់​ប្រកាស​ថា “នុ៎ះន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ”(ខ.២៥)។ គាត់​ក៏បាន​ថ្លែង​អំពី​សេចក្តី​សប្បុរស និង​ការ​ផ្គង់​ផ្គង់​ដ៏​ស្កប់​ស្កល់​របស់​ព្រះអង្គ សម្រាប់​ជីវិត​ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត(ខ.២៧-២៨)។ គាត់​ក៏​បាន​បញ្ជាក់​ថា ព្រះអង្គ​ក៏បាន​កំណត់​ចំនួន​ថ្ងៃ ដែល​ជីវិត​នីមួយៗ​អាច​រស់នៅ(ខ.២៩-៣០)។

យើង​អាច​ចូល​រួម​ជាមួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក្នុង​ការ​ច្រៀង​ប្រកាស អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ថា “កាល​នៅ​មាន​ជីវិត​នៅឡើយ នោះ​ទូល​បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា​ជា​ដរាប កាល​ទូល​បង្គំ​មាន​នៅៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូល​បង្គំ”(ខ.៣៣)។ សត្វ​ទាំង​អស់​ដែល​មាន​ជីវិត ទាំង​តូច​ទាំង​ធំ សុទ្ធតែ​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​សរសើរ​ដំកើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​ពួក​វា​មក​។—Xochitl Dixon

តើ​នៅ​ពេលណា​ខ្លះ ការ​ពិចារណា​អំពី​ពិភពលោក​ដ៏​អស្ចារ្យ​ដែល​ព្រះ​បាន​បង្កើត បាន​បណ្តាល​ចិត្ត​អ្នក​ឲ្យ​សរសើរ​ដំកើង​ព្រះអង្គ? តើ​ព្រះអង្គ​បាន​ប្រើ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​កាន់តែ​រឹងមាំ ទៅលើ​ព្រះ​ចេស្តា និង​ការ​ផ្គង់​ផ្គង់​របស់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអាទិករ និង​ព្រះ​ដ៏​ផ្គត់ផ្គង់​មាន​គ្រប់​ចេស្តា ព្រះអង្គ​សក្តិ​សមនឹង​ឲ្យ​ទូល​បង្គំ​សរសើរ​ដំកើង​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១១-១៣ និង ម៉ាកុស ១២:១-២៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles