តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ បរិទេវ ៣:២១-២២
ការភ្លេចព្រះបន្ទូលសន្យារបស់ព្រះ ស្ថិតក្នុងចំណោមខ្មាំងសត្រូវធំបំផុតរបស់ក្តីសង្ឃឹម។ ការរំឭកអំពីព្រះបន្ទូលសន្យារបស់ព្រះ ជាកិច្ចការដ៏ប្រសើរ។ សាវ័កពេត្រុស និងសាវ័កប៉ុលសុទ្ធតែបានមានប្រសាសន៍ថា ពួកគាត់បានសរសេរសំបុត្រផ្ញើពួកជំនុំ ក៏ដោយសារមូលហេតុនេះផងដែរ(២ពេត្រុស ១:១៣ រ៉ូម ១៥:១៥)។
ព្រះវិញ្ញាណបរិសុទ្ធ ជាជំនួយសំខាន់ជាងគេ ក្នុងការរំឭកយើង នូវអ្វីដែលយើងចាំបាច់ត្រូវដឹង(យ៉ូហាន ១៤:២៦)។ ប៉ុន្តែ ការនេះមិនមានន័យថា អ្នកគួរតែចាំទទួលការរំឭកជានិច្ចនោះឡើយ។ អ្នកមានការទទួលខុសត្រូវ នៅក្នុងការរំឭកខ្លួនឯង។ ហើយមនុស្សទីមួយ ដែលត្រូវការការរំឭកពីអ្នក គឺជាខ្លួនអ្នក។
គំនិតរបស់មនុស្សមានអំណាចដ៏អស្ចារ្យ ដែលអាចនិយាយមកកាន់ខ្លួនឯង ដោយប្រើការរំឭក។ គំនិតរបស់យើងអាចនឹកចាំ គឺដូចមានសេចក្តីចែងថា “តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ” (បរិទេវ ៣:២១-២២)។
បើយើងមិនរំឭកខ្លួនឯង អំពីអ្វីដែលព្រះមានបន្ទូល អំពីអង្គទ្រង់ និងអំពីយើង នោះយើងនឹងមានភាពខ្សោះល្វើយ។ ខ្ញុំបានដឹងអំពីបញ្ហានេះ តាមរយៈបទពិសោធន៍ដ៏ឈឺចាប់។ ចូរយើងកុំជាប់ផុងនៅក្នុងភក់ដ៏ជ្រៅ នៃពាក្យសម្ដីទាស់ប្រឆាំងនឹងព្រះ ដែលជាប់ក្នុងខួរក្បាលរបស់យើង។ គឺពាក្យសម្ដីដែលមានដូចជា “ខ្ញុំមិនអាច…” “នាងនឹងមិន…” “ពួកគេមិនដែល…” “វាមិនដែលអាចទៅរួច…” ជាដើម។
ត្រង់ចំណុចនេះ ខ្ញុំមិនចង់និយាយថា ពាក្យសម្ដីទាំងនោះពិតឬអត់នោះទេ។ គំនិតរបស់អ្នកនឹងតែងតែស្វែងរកវិធីធ្វើឲ្យពាក្យសម្ដីទាំងនោះក្លាយពាក្យពិត ទាល់តែអ្នក “នឹកចាំ” អំពីសេចក្តីអ្វីដែលធំប្រសើរជាងនេះ។ ព្រះទ្រង់ជាព្រះនៃភាពមិនអាចធ្វើទៅរួច។ ការលើកហេតុផល ដើម្បីដោះខ្លួនអ្នកចេញពីស្ថានភាពដែលអ្នកមិនអាចធ្វើទៅរួច គឺមិនមានប្រសិទ្ធភាព ដូចការរំឭកខ្លួនឯងថា ព្រះទ្រង់បានធ្វើអ្វីដែលមនុស្សមិនអាចធ្វើកើត។
យើងនឹងលិចលង់ទៅក្នុងគំនិតអវិជ្ជមានដ៏ល្ងង់ខ្លៅ បើសិនជាយើងមិនបានរំឭកខ្លួនឯង អំពីភាពធំប្រសើរ ព្រះគុណ អំណាចចេស្ដា និងប្រាជ្ញារបស់ព្រះទេនោះ។ “នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់”(ទំនុកដំកើង ៧៣:២២)។
ការងាកចេញដ៏ប្រសើរ ចេញពីភាពអស់សង្ឃឹម ទៅរកក្តីសង្ឃឹម គឺមាននៅក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៧៧ ដែលបានចែងថា “ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន”(ទំនុកដំកើង ៧៧:១១-១២)។
នេះជាសង្គ្រាមដ៏ធំ ក្នុងជីវិតខ្ញុំ។ ខ្ញុំជឿថា អ្នកក៏មានសង្គ្រាមនេះដែរ។ គឺសង្គ្រាមនៃការរំឭកខ្លួនឯង! និងអ្នកដទៃ។