អ្នក​ដឹកនាំ​ដែល​រួបរួម​គ្នា ដើម្បី​នគរ​ព្រះ

ជន​គណនា ១១:១៦-១៧,២៧-២៩

អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ​។ ជន​គណនា ១១:២៩

កាល​ខ្ញុំ​បាន​ចូល​រួម​ក្រុម​អ្នក​និពន្ធ​សៀវភៅ​កុមារ​គ្រីស្ទបរិស័ទ យើង​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​ជួយ​ផ្សព្វផ្សាយ​សៀវភៅ​ឲ្យ​គ្នា​ទៅ​វិញ​មក​។ អ្នក​ខ្លះ​និយាយ​ថា យើង​មាន​ភាព​ល្ងង់​ខ្លៅ​ណាស់ ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​គូរ​ប្រជែង​ក្នុង​ការ​លក់​សៀវភៅ​។ ប៉ុន្តែ ក្រុម​របស់​យើង​ជា​ក្រុម​អ្នក​ដឹកនាំ​ដែល​ផ្ដោត​ចិត្ត​ទៅ​លើ​នគរ​ព្រះ និង​លើក​កម្ពស់​សហគមន៍ មិនមែន​ប្រកួត​គ្នា​នោះ​ទេ​។ យើង​មាន​គោលដៅ​ដូច​គ្នា គឺ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​។ យើង​បម្រើ​មហាក្សត្រ​តែមួយ គឺ​ព្រះយេស៊ូវ​។ យើង​បាន​រួបរួម​គ្នា ដើម្បី​ឈោង​ចាប់​មនុស្ស​កាន់តែ​ច្រើន ដោយ​ការ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះគ្រីស្ទ​។

កាល​ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ជ្រើសរើស​ពួក​ចាស់​ទុំ​៧០​នាក់ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ​វិញ្ញាណ ដែល​សណ្ឋិត​លើ​ឯង ទៅ​ដាក់លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់ឯង​ឡើយ”(ជន​គណនា ១១:១៦-១៧)។ ក្រោយមក លោក​យ៉ូស្វេ​បាន​ឃើញ​ពួក​ចាស់ទុំ​ពីរ​នាក់​កំពុង​ថ្លែង​ទំនាយ ហើយក៏​បាន​ប្រាប់​លោក​ម៉ូសេ​ឲ្យ​ឃាត់​ឃាំង​ពួកគេ​។ លោក​ម៉ូសេ​ក៏បាន​មាន​ប្រសាសន៍​ថា “តើ​ឯង​ច្រណែន​ជំនួស​អញ​ឬអី អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ”(ខ.២៩)។

ព្រះវិញ្ញាណបរិសុទ្ធ​អាច​ប្រទាន​កម្លាំង​យើង ឲ្យ​ជម្នះ​ការ​ល្បួង ដែល​នាំ​ចិត្ត​យើង​ឲ្យ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ប្រជែង​គ្នា ឬ​ការ​ប្រៀបធៀប​គ្នា ដែល​រារាំង​យើង​មិន​ឲ្យ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​។ ពេលណា​យើង​ទូល​សូម​ព្រះអង្គ​ប្រទាន​ភាពជា​អ្នក​ដឹកនាំ​ដែល​ផ្តោត​ចិត្ត​ទៅ​លើ​នគរ​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​យើង​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ថែម​ទាំង​អាច​សម្រាល​បន្ទុក​របស់​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះអង្គ​ជាមួយ​គ្នា​។—Xochitl Dixon

តើ​អ្នក​បាន​រួបរួម​ជាមួយ​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ ដើម្បី​បម្រើ​ព្រះអង្គ? តើ​អ្នក​អាច​ជួយ​ទ្រទ្រង់​នរណា​ខ្លះ ខណៈ​ពេល​ដែល​ពួកគេ​បម្រើ​ព្រះអង្គ ដោយ​អំណោយ​ទាន​របស់​ពួកគេ?

ឱ​ព្រះវិញ្ញាណបរិសុទ្ធ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​មាន​ភាពជា​អ្នក​ដឹកនាំ​ដែល​ផ្ដោត​ចិត្ត​ទៅ​លើ​នគរ​ព្រះអង្គ ហើយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ ដើម្បី​ឈោង​ចាប់​មនុស្ស​កាន់តែ​ច្រើន ដោយ​ព្រះរាជសារ​នៃ​ដំណឹង​ល្អ​ដែល​សង្គ្រោះ​ជីវិត​ឲ្យ​រួច​ពី​បាប​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣០-៣១ និង ម៉ាកុស ១៥:១-២៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles