ការ​កើត​ជាថ្មី​ក្នុង​ព្រះយេស៊ូវ

យ៉ូហាន ១២:២៣-២៦

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅតែ១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង​។ យ៉ូហាន ១២:២៤

គេ​បានឮ​ល្បី​ថា លោក​លីអូណាដូ ដា វីន​ស៊ី(Leonardo da Vinci) គឺជា​បុរស​ដែល​នាំ​ឲ្យ​មាន​ការ​រស់​ឡើង​វិញ​នៃ​វិស័យ​សិល្បៈ និង​វិទ្យាសាស្ត្រ​​ជាច្រើន​មុខ​នៅ​អឺរ៉ុប។​ កំរិត​ប្រាជ្ញា​ដ៏​ខ្ពង់ខ្ពស់​របស់​គាត់ បាន​នាំ​ឲ្យ​មាន​ភាព​ជឿនលឿន នៅ​ក្នុង​មុខ​វិជ្ជា​សិក្សា និង​សិល្បៈ​ជា​ច្រើន​។ ប៉ុន្តែ លោក​លីអូណាដូ​បាន​កត់​ត្រា ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​គាត់​អំពី “គ្រា​វេទនា​របស់​យើង” និង​បាន​ពោល​ទំនួញ​ថា មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន កំពុងតែ​ស្លាប់ “ដោយ​មិន​បាន​បន្សល់​ទុក​កេរ​ដំណែល ដែលគេ​នឹង​នៅ​តែ​នឹក​ចាំ”។

គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិតថា ខ្ញុំ​កំពុង​រៀន​អំពី​របៀប​រស់នៅ​។ ខ្ញុំ​ក៏​កំពុង​រៀន​អំពី​របៀប​ស្លាប់”។ គាត់​ប្រហែល​មិន​បាន​ដឹង​ទេ​ថា គាត់​ហៀប​នឹង​រក​ឃើញ​សេចក្តី​ពិត​។ ការ​រៀន​ស្លាប់ គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជីវិត​។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​ក្បួន​ដង្ហែ​នៃ​ជ័យ​ជម្នះ(យ៉ូហាន ១២:១២-១៩) ព្រះអង្គ​មាន​បន្ទូល​ថា “បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១ដដែល តែបើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង”(ខ.២៤)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​ការ​សុគត​របស់​ព្រះអង្គ ហើយក៏​បាន​រាប់​បញ្ចូល​ការ​ស្លាប់​របស់​យើង​ផង​ដែរ​ : “អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀងទៅ”(ខ.២៥)។

សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា “យើង​បាន​ត្រូវ​កប់​ជាមួយនឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូចជា​ព្រះគ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយសារ​សិរី​ល្អ​នៃ​ព្រះវរបិតា​ដែរ ដ្បិត​បើ​យើង​បាន​ជាប់​ជាមួយនឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្តី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ”(រ៉ូម ៦:៤-៥)។

តាម​រយៈ​សេចក្តី​ស្លាប់ ព្រះយេស៊ូវ​បាន​ប្រទាន​ការ​កើតជា​ថ្មី ដល់​យើង​រាល់​គ្នា​ជា​អ្នកជឿ​ព្រះអង្គ​។ ព្រះ​អង្គ​បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច សម្រាប់​ឲ្យ​យើង​រស់នៅ​ជាមួយ​ព្រះវរបិតា​។—Tim Gustafson

តើ​អ្នក​បាន​ឲ្យ​តម្លៃ​មក​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​តម្លៃ​ទាំង​នោះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​អត្ថន័យ និង​គោលបំណង ដល់​ជីវិត​របស់​ទូល​បង្គំ ដែល​គ្មាន​នរណា​ម្នាក់​អាច​ផ្តល់​ឲ្យ​បាន​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៦-១៨ និង លូកា ២:១-២៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles