ការ​រំដោះ​ដែល​បាន​ពន្យារ​ពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦

នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។

ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។

ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។

“មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។

“ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។

“មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។

តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖

លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។

ព្រះ​ទ្រង់​អាច​ជួយ​ពួក​គេ​ ឲ្យ​បាន​ឆាប់​ជាង​នេះ។ តែ​ព្រះអង្គ​បាន​ពន្យារ​ពេល គឺ​ដោយសារ​ព្រះអង្គ​ស្រឡាញ់​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស។

ខ្ញុំ​សូម​សួរ​អ្នក​ថា ៖ ឧបមា​ថា ជីវិត​របស់​អ្នក​កំពុងតែ​ជួប​រឿង​ជា​បន្ត​បន្ទាប់ ដូច​សាវ័ក​ប៉ុល ដែល​មានទុក្ខ​វេទនា​ជាមុន​សិន ហើយ​ក្រោយមក ក៏​ព្រះ​ទ្រង់​ក៏បាន​ដោះ​ឲ្យ​រួច។ តើ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​មួយ​ណា? តើ​អ្នក​កំពុង​ស្ថិត​ក្នុង​វគ្គ​ត្រូវ​គេ​វាយ​ដុំ ឬ​វគ្គ​រួចពី​ចំណង?

ដំណាក់កាល​ទាំងពីរ សុទ្ធតែ​ជា​ដំណាក់កាល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សា​អ្នក។ ព្រះអង្គ​មិនបាន​បោះបង់ចោល​អ្នក ឬ​ចាក​ចេញ​ពី​អ្នក​ឡើយ(ហេព្រើរ ១៣:៥)។

បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជាប់ចំណង ចូរ​កុំ​អស់សង្ឃឹម​ឡើយ។ ចូរ​ច្រៀង​សរសើរ​ព្រះ។ អ្នក​នឹង​មាន​សេរីភាព។ ព្រះអង្គ​នឹង​រំដោះ​អ្នក តាមពេលវេលា​របស់​ព្រះអង្គ។ ទោះជា​ត្រូវ​រំដោះ​អ្នក តាមរយៈ​សេចក្តី​ស្លាប់​ក៏ដោយ។ “ចូរ​នៅជា​ស្មោះត្រង់​ដរាបដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង​”(វិវរណៈ ២:១០)។

More articles