ដូច្នេះ យើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំ បានរាប់អ្នករាល់គ្នាជាគួរនឹងការ ដែលទ្រង់ហៅមកធ្វើ ហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្តីបំណងខាងឯការល្អ និងការដែលធ្វើដោយជំនឿ ដោយព្រះចេស្តា ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានដំកើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ២ថែស្សាឡូនីច ១:១១-១២
នេះជាដំណឹងដ៏ល្អ ដែលព្រះទ្រង់បានរៀបចំ ឲ្យសិរីល្អរបស់ព្រះអង្គបានដំកើងឡើង តាមរយៈការប្រទានព្រះគុណព្រះអង្គ។
ជាការពិតណាស់ សិរីល្អរបស់ព្រះបានដំកើងឡើង តាមរយៈអំណាចនៃសេចក្តីក្រោធរបស់ទ្រង់ (រ៉ូម ៩:២២) ប៉ុន្តែ ព្រះគម្ពីរសញ្ញាថ្មី(និងព្រះគម្ពីរសញ្ញាចាស់ គឺអេសាយ ៣០:១៨ ជាដើម) បានចែងថា យើងគួរតែពិសោធន៍នឹងព្រះគុណព្រះដើម្បីឲ្យថ្វាយសិរីល្អដល់ព្រះអង្គ។
សូមពិចារណា អំពីរបៀបដែលការនេះមានដំណើរការ ក្នុងការអធិស្ឋាន នៃបទគម្ពីរ ២ថែស្សាឡូនីច ១:១១-១២។
សាវ័កប៉ុលបានអធិស្ឋានសូមព្រះទ្រង់បំពេញសេចក្តីបំណងខាងឯការល្អរបស់យើង។
តើដោយរបៀបណា? គាត់បានអធិស្ឋានថា សូមឲ្យសេចក្តីបំណងនោះ បានសម្រេច “ដោយព្រះចេស្តាព្រះ” និង “ជាការធ្វើដោយជំនឿ”។
ហេតុអ្វី? គឺដើម្បីឲ្យព្រះយេស៊ូវបានដំកើងឡើង នៅក្នុងជីវិតយើង។
បានសេចក្តីថា អ្នកឲ្យបាទទទួលសិរីល្អ។ ព្រះទ្រង់ប្រទានអំណាច។ ព្រះទ្រង់ទទួលបានសិរីល្អ។ យើងមានជំនឿ ព្រះទ្រង់ប្រទានអំណាច។ យើងទទួលបានជំនួយ ព្រះអង្គទទួលបានសិរីល្អ។ នេះជាការទទួលបានទាំងសង្ខាង ដែលធ្វើឲ្យយើងនៅតែបន្ទាបខ្លួន និងមានអំណរ ហើយឲ្យយើងនៅតែទទួលស្គាល់ថា ព្រះអង្គមានអំណាចខ្ពស់បំផុត និងពេញដោយសិរីល្អ។
បន្ទាប់មក សាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា ការថ្វាយសិរីល្អដល់ព្រះគ្រីស្ទយ៉ាងដូចនេះ គឺស្របទៅ “តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ”។
សាវ័កប៉ុលបានអធិស្ឋានសូមឲ្យយើងពឹងផ្អែកទៅលើអំណាចចេស្ដាព្រះ ដើម្បីធ្វើការល្អ ហើយការឆ្លើយតបរបស់ព្រះអង្គ ចំពោះការអធិស្ឋាននេះ គឺជាព្រះគុណព្រះអង្គ។ អំណាចចេស្ដារបស់ព្រះ ដែលជួយឲ្យអ្នកធ្វើការល្អ គឺជាព្រះគុណព្រះអង្គ។
នេះជារបៀបដែលរឿងនេះមានដំណើរការម្តងហើយម្តងទៀត នៅក្នុងគ្រាសញ្ញាថ្មី។ ចូរយើងទុកចិត្តថា ព្រះទ្រង់នឹងជួយយើងឲ្យអាចធ្វើការល្អ ដោយព្រះគុណព្រះអង្គ ហើយព្រះអង្គទទួលសិរីល្អ ពេលដែលជំនួយរបស់ព្រះអង្គបានមកដល់។
យើងទទួលបានជំនួយ។ ព្រះអង្គទទួលបានសិរីល្អ។
ហេតុនេះហើយ ការផ្លាស់ប្រែរបស់គ្រីស្ទបរិស័ទ ក៏ដូចជាការរស់នៅរបស់គ្រីស្ទបរិស័ទ គឺជាដំណឹងដ៏ល្អ។