ព្រះយេស៊ូវ​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ!

ម៉ាថាយ ២៨:១-១០

ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ​។ ម៉ាថាយ ២៨:៦

មុន​ពេល​លោក ឆាល ស៊ី​មាន(Charles Simeon) ចូល​រៀន​នៅ​សកលវិទ្យាល័យ​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស គាត់​ចូល​ចិត្ត​សត្វ​សេះ និង​សំលៀក​បំពាក់​ណាស់ បានជា​គាត់​ចំណាយ​លុយ​ជា​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ទៅលើ​ការ​ស្លៀក​ពាក់​របស់​គាត់​។ ប៉ុន្តែ ដោយសារ​សកលវិទ្យាល័យ​របស់​គាត់​បាន​តម្រូវ​ឲ្យ​គាត់​ចូល​រួម​កម្ម​វិធី​លៀង​ព្រះ​អម្ចាស់​ជា​ទៀង​ទាត់ គាត់​ក៏បាន​ចាប់​ផ្តើម​ស្វែង​យល់​អំពី​ជំនឿ​របស់​គាត់​។ បន្ទាប់ពី​គាត់​បាន​អាន​សៀវភៅ​ដែល​អ្នកជឿ​ព្រះយេស៊ូវ​បាន​និពន្ធ គាត់​ក៏​មាន​ការ​ផ្លាស់​ប្រែ​ដ៏​រំភើប​រីករាយ នៅ​ថ្ងៃ​អា​ទិត្យ ដែលគេ​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ កាល​គាត់​ក្រោក​ពី​គេង នៅពេល​ព្រលឹម នៅ​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ១៧៧៩ គាត់​ក៏បាន​បន្លឺ​សម្លេង​ថា “ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ! ហាលេលូយ៉ា! ហាលេលូយ៉ា!” ខណៈ​ពេល​ដែល​គាត់​មាន​ការ​លូត​លាស់​ក្នុង​ជំនឿ​លើ​ព្រះ គាត់​ក៏​មាន​ចិត្ត​ប្តូរ​ផ្តាច់​នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ អធិស្ឋាន និង​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ​។

នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ការ​ផ្លាស់​ប្តូរ​ក៏បាន​កើត​មាន ក្នុង​ជីវិត​របស់​ស្រ្តី​ពីរ​នាក់ ដែល​បាន​មកដល់​ផ្នូរ​របស់​ព្រះយេស៊ូវ​មុនគេ​។ នៅ​ទីនោះ ពួកគេ​បាន​ឃើញ​ការរញ្ជួយដី ខណៈ​ពេល​ដែល​ទេវតា​មួយ​អង្គ​ប្រមៀល​ថ្ម​ចេញពី​ច្រក​ចូល​ក្នុង​ផ្នូរ​ព្រះអង្គ​។ ទេវតា​ក៏បាន​ប្រាប់​ពួក​គេ​ថា “កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​ឆ្កាង តែ​ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ”(ម៉ាថាយ ២៨:៥-៦)។ ពួកគេ​មាន​ចិត្ត​ត្រេកអរ​ជា​ពន់​ពេក ដោយ​បាន​ថ្វាយបង្គំ​ព្រះយេស៊ូវ ហើយក៏​បាន​រត់​ទៅ​ប្រាប់​ដំណឹង​ល្អ ដល់​មិត្តសំឡាញ់​របស់​ខ្លួន​ជា​សិស្ស​របស់​ព្រះអង្គ​។

ការ​ជួប​ព្រះគ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិនមែន​សម្រាប់​តែ​មនុស្ស​សម័យ​បុរាណ​ប៉ុណ្ណោះ​ទេ ព្រោះ​ព្រះអង្គ​បាន​សន្យា​ថា យើង​នឹង​បាន​ជួប​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ នៅ​ថ្ងៃ​ណាមួយ​។ តែ​ទំរាំ​តែ​ពេល​នោះ​មកដល់ យើង​អាច​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ នៅ​ក្នុង​ការ​រៀន​ព្រះ​គម្ពីរ និង​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​ទុក​ចិត្ត​ថា ព្រះអង្គ​ស្រឡាញ់​យើង ហើយ​បន្ត​ជួយ​យើង​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​។—Amy Boucher Pye

តើ​ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​មាន​ការ​ផ្លាស់​ប្រែ​ដូច​ម្តេច​ខ្លះ តាមរយៈ​ការ​ប្រកប​ជាមួយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ?

ឱ​ព្រះយេស៊ូវ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​យាង​មក និង​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​ទូល​បង្គំ​មាន​ជីវិត​អស់​កល្ប​។ ទូល​បង្គំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១១១២ និង លូកា ៦:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles