វដ្ដ​នៃ​ការ​អត់ឱន​ទោស

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤

តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន?

ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។

ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។

ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។

វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។

ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ បើ​យើង​នៅតែ​បន្ត​មានវិញ្ញាណ​មិន​អត់ទោស។ (សូម​យើង​នឹក​ចាំ អំពី​រឿង​ប្រៀបប្រដូច អំពី​អ្នកបម្រើ​ដែល​មិន​អត់ទោស ក្នុង​បទ​គម្ពីរ ម៉ាថាយ ១៨:២៣-៣៥។ គាត់​បាន​បដិសេធន៍​មិនព្រម​អត់ទោស​ឲ្យ​អ្នកបម្រើ​ម្នាក់ទៀត ដែល​ជំពាក់​លុយ​គាត់១០ដុល្លា ទោះ​ស្តេច​បាន​លុប​បំណុល​ដែល​គាត់​ជំពាក់​ទ្រង់ ១០លាន​ដុល្លា​ហើយក៏​ដោយ។ គាត់​បាន​ប្រព្រឹត្ត​ដោយ​វិញ្ញាណ​មិន​អត់ទោស ដែល​សេចក្តី​មេត្តា​របស់​ស្តេច មិនបាន​ធ្វើឲ្យ​គាត់​ប្រែចិត្ត)។

ព្រះយេស៊ូវ​បានការ​ពារ​យើង ឲ្យ​រួចផុត​ពី​ភាព​ល្ងង់ខ្លៅ​នេះ ដោយ​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ហេតុនេះ​ហើយ ព្រះយេស៊ូវ​មា​ន​បន្ទូល​ថា យើង​ទូល​សូម​ការ​អត់ទោស​បាប ព្រោះ​យើង​កំពុង​អត់ទោស​ឲ្យ​គេ។ គឺ​ដូចជា​ការអធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​បន្ត​ប្រទាន​សេចក្តី​មេត្តា ដែល​ព្រះគ្រីស្ទ​បាន​បង់ថ្លៃ​ទិញ ព្រោះ​ព្រះអង្គ​បាន​អត់ទោស​ឲ្យ​ទូលបង្គំ ដោយសារ​សេចក្តី​មេត្តា​នេះ ហើយ​ទូលបង្គំ​លះបង់​ការសងសឹក ហើយ​អស់​ទោស​ឲ្យ​អ្នកដទៃ ដូចដែល​ព្រះអង្គ​អត់ទោស​ឲ្យ​ទូលបង្គំ”។

សូម​ព្រះ​ទ្រង់​ជួយ​អ្នក​ ឲ្យ​ស្គាល់​ការ​អត់ទោស​របស់​ព្រះ​ជាថ្មី នៅ​ថ្ងៃនេះ ហើយ​សូម​ព្រះគុណ​ព្រះអង្គ​ហូរហៀរ ក្នុងចិត្ត​អ្នក ក្នុង​ការ​អត់ទោស​ឲ្យ​អ្នកដទៃ។ ហើយ​សូមឲ្យ​បទពិសោធន៍​ដ៏​ផ្អែមល្ហែម នៃ​ព្រះគុណ​ក្នុង​ជីវិត​អ្នក នាំឲ្យ​អ្នក​កាន់តែ​មានទំនុក​ចិត្ត​ថា ពេលណា​អ្នក​ចូល​ទៅ​រក​ព្រះ ដើម្បី​ពិសោធន៍​នឹង​ការ​អត់ទោស​ជាថ្មី ដែល​ព្រះ​ទ្រង់​បាន​ទិញ ដោយ​ព្រះ​លោហិត​ព្រះអង្គ អ្នក​នឹង​បានដឹង​ថា ព្រះអង្គ​បាន​ចាត់ទុក​អ្នកជា​កូន ដែល​បាន​ទទួលការ​អត់ទោស និង​បាន​អត់ទោស​ឲ្យ​គេ។

More articles