តើ​អ្នក​សប្បាយចិត្ត​ទេ ពេល​បានដឹង​ថា អ្នក​មិនមែន​ជា​ព្រះ?

យើង​មាន​អំណរ​ដ៏​អស្ចារ្យ ព្រោះ​យើង​ដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​ផ្ទុយទៅវិញ យើង​មាន​អំណរ​ដ៏​អស្ចារ្យ​ដែល​បាន​ស្គាល់​ព្រះអង្គ!

ចូរ​ថ្លែងប្រាប់​ពី​ព្រះយេហូវ៉ា អស់ទាំង​ពូជពង្ស​នៃ​សាសន៍​ទាំងឡាយ​អើយ ចូរ​ថ្លែងប្រាប់​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​មាន​សិរីល្អ

និង​ព្រះ​ចេស្ដា! ទំនុកដំកើង ៩៦:៧

ខណៈ​ពេល​ដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ពោល​ថា “ចូ​រ​ថ្លែង​ប្រាប់​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​មាន​ព្រះ​ចេស្ដា” យ៉ាងហោចណាស់ គាត់​ប្រហែលជា​កំពុងតែ​និយាយ​សំដៅ​ទៅលើ​ផ្នែក​មួយ​នៃ​បទពិសោធន៍។ តើ​យើង​កំពុង​ធ្វើអ្វី ពេល​ដែល​យើង “ថ្លែងប្រាប់​ថា ព្រះអង្គ​មាន​ព្រះ​ចេស្ដា”?

ទី១ ដោយសារ​ព្រះគុណ​ព្រះ នោះ​យើង​យកចិត្ត​ទុកដាក់​ចំពោះ​ព្រះអង្គ ហើយ​ដឹង​ថា ព្រះអង្គ​មាន​ព្រះ​ចេស្ដា។ យើង​យកចិត្ត​ទុកដាក់ ចំពោះ​ព្រះ​ចេស្ដា​ព្រះអង្គ។ បន្ទាប់មក យើង​យល់ស្រប​ថា ព្រះ​ចេស្ដា​ព្រះអង្គ​មាន​ភាព​អស្ចារ្យ។ យើង​មានការ​គោរព ចំពោះ​ភាព​សក្តិ​សម​នៃ​ព្រះ​ចេស្ដា​ព្រះអង្គ។

យើង​រក​ឃើញថា ព្រះ​ចេស្តា​ព្រះអង្គ​មាន​ភាព​អស្ចារ្យ។ ប៉ុន្តែ យើង​បាន​ពិសោធន៍​នឹង​ភាព​អស្ចារ្យ​នេះ នៅក្នុង​“ការ​ថ្លែងប្រាប់​ថា ព្រះអង្គ​មាន​ព្រះ​ចេស្តា” គឺ​បាន​សេចក្តី​ថា យើង​មានចិត្ត​រីករាយ​ជាពិសេស ពេល​ដែល​បានដឹង​ថា ភាព​អស្ចារ្យ​នៃ​ព្រះ​ចេស្តា​ព្រះអង្គ ជា​របស់​ព្រះអង្គ មិនមែន​របស់​យើង​ទេ។

យើង​បាន​យល់​អំពី​ភាព​សក្តិ​សម​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ នៅក្នុង​ការពិត​ដែល​ថា ព្រះអង្គ​មាន​ព្រះ​ចេស្តា​ដែល​គ្មាន​ដែន​កំណត់ ហើយ​យើង​មិន​ដូច្នោះ​ទេ។ យើង​ពេញចិត្ត​នឹង​ការពិត​នេះ។ យើង​មិន​ច្រណែន​ព្រះអង្គ ដែល​មាន​ព្រះ​ចេស្តា​នោះ​ទេ។ យើង​ក៏​មិន​ចង់​មាន​ព្រះ​ចេស្តា​របស់​ព្រះអង្គ​ដែរ។ ផ្ទុយទៅវិញ យើង​មាន​ពេញដោយ​អំណរ ពេល​បានដឹង​ថា ព្រះ​ចេស្តា​ទាំងអស់​ជា​របស់​ព្រះអង្គ។

អ្វីៗទាំងអស់ ដែល​មាន​ក្នុង​យើង ចេញពី​ខ្លួន​យើង ដើម្បី​អរ​សប្បាយ ហើយ​មើលទៅ​ព្រះ​ចេស្តា​ព្រះអង្គ គឺ​ហាក់ដូចជា យើង​បាន​ទៅដល់​ការ​អបអរ​ជ័យជម្នះ​របស់​អ្នក​រត់​ចម្ងាយ​ម្នាក់ ដែល​បាន​រត់​ឈ្នះ​យើង ហើយ​យើ​ងមាន​អំណរ​បំផុត ក្នុង​ការ​កោតស្ញប់ស្ញែង​កម្លាំង​សមត្ថភាព​របស់​គាត់ ជាជាង​មិន​សប្បាយចិត្ត​ចំពោះ​បរាជ័យ​របស់​យើង។

យើង​រក​ឃើញ​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​ក្នុង​ជីវិត ពេល​ដែល​ចិត្ត​យើង​បាន​ចេញពី​ខ្លួន​យើង ដោយ​ស្ម័គ្រ​ពីចិត្ត ដើម្បី​កោតសរសើរ​ព្រះ​ចេស្តា​ព្រះ ជាជាង​ងាក​ចូល​ទៅ​ខាងក្នុង ដើម្បី​កោតសរសើរ​សមត្ថភាព​ខ្លួនឯង ឬ​សូម្បីតែ​គិត​អំពី​សមត្ថភាព​ខ្លួនឯង​ក៏ដោយ។ យើង​មានការ​ស្កប់ចិត្ត​ក្រៃលែង ពេល​បានដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​ថែមទាំង​បាន​លះបង់​គំនិត ឬ​ចិត្ត​ដែល​ចង់​ក្លាយជា​ព្រះ។

ក្នុង​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ព្រះ​ចេស្តា​ព្រះ យើង​ក៏បាន​ដឹង​ថា ព្រះ​ទ្រង់​បង្កើត​ចក្រវាល​មក ៖ គឺ​ដើម្បីឲ្យ​យើង​អាច​មានបទពិសោធន៍​នៃ​ការ​ស្កប់ចិត្ត​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​យើង​កោតសរសើរ​ភាពជា​ព្រះ​របស់​ព្រះអង្គ ដែល​ជា​ព្រះ​ចេស្តា​ព្រះអង្គ។ យើង​មានការ​យល់ដឹង​ដ៏​សុខសាន្ត​ថា ការ​កោតសរសើរ​ភាព​គ្មាន​ទី​បញ្ចប់​របស់​ព្រះ គឺជា​គោលបំណង​ខ្ពស់​បំផុត​នៃ​អ្វីៗ​គ្រប់យ៉ាង។

យើង​ភ័យ​ញ័រ ពេល​ដែល​មានការ​ល្បួង​តូចបំផុត ដែល​នាំឲ្យ​យើង​ចង់​ប្រកាស​ទាម​ទា​ព្រះ​ចេស្តា ធ្វើ​មើលតែ​ព្រះ​ចេស្តា​នោះ​ចេញ​មក​ពី​យើង​អញ្ចឹង។ ព្រះ​ទ្រង់​ធ្វើឲ្យ​យើង​ខ្សោយ ដើម្បី​ការពារ​យើង​ឲ្យ​រួចផុត​ពី​អំ​ណួ​ត​នេះ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “យើង​មានទ្រព្យ​សម្បត្តិ​នេះ​នៅក្នុង​ភាជនៈ​ដី ដើម្បីឲ្យ​ឥទ្ធិ​ឫទ្ធិ​លើសលប់​បាន​មក​ពី​ព្រះ មិនមែន​ពី​យើងខ្ញុំ​ទេ”(២កូរិនថូស ៤:៧)។

ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​នេះ ព្រះ​ទ្រង់​បានការ​ពារ​យើង មិន​ឲ្យ​​ជំនួស​ការ​កោតសរសើរ​ដ៏​ខ្ពស់​បំផុត អំពី​ព្រះ​ចេស្តា​ព្រះអង្គ ដោយ​ការ​ព្យាយាម​អួត​សមត្ថភាព​ខ្លួនឯង។ យើង​មាន​អំណរ​ដ៏​អស្ចារ្យ ព្រោះ​យើង​ដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​ផ្ទុយទៅវិញ យើង​មាន​អំណរ​ដ៏​អស្ចារ្យ​ដែល​បាន​ស្គាល់​ព្រះអង្គ!

More articles