នាំ​ឲ្យ​គេ​ស្គាល់ និង​សរសើរ​ព្រះអង្គ

វិវរណៈ ៧:៩-១២

សេចក្តីសង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង​។ វិវរណៈ ៧:១០

ការងារ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប របស់​អ្នក​ស្រី ខាត់ធ្រីន(Kathryn) បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ប្រជាជន​ឥណ្ឌា​។ គាត់​មាន​អំណរ​ណាស់ ពេល​ដែល​បាន​ឃើញ​ស្រ្តី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ការ​យល់​ដឹង​កាន់តែ​ស៊ី​ជម្រៅ ក្នុង​ព្រះ​គម្ពីរ តាមរយៈ​ការ​អាន​ព្រះ​គម្ពីរ​ប៊ី​​ប​ជា​ភាសា​កំណើត​របស់​ពួកគេ​។ គាត់​ក៏​បាន​កត់​សំគាល់​ថា ពេលណា​ពួក​គេ​អាន​ព្រះ​គម្ពីរ “ពួកគេ​ច្រើនតែ​ចាប់​ផ្តើម​ស្រែក​ហូរ ឬ​ទះដៃ​។ ពួក​គេ​បាន​អាន​អំពី​ព្រះយេស៊ូវ ហើយ​ពួកគេ​ក៏បាន​លាន់​មាត់​ថា «ព្រះបន្ទូល​ព្រះអង្គ​ពិតជា​អស្ចារ្យ​ណាស់»”។

អ្នក​ស្រី​ខាត់ធ្រីន​ចង់​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត បាន​អាន​ព្រះ​គម្ពីរ​ជា​ភាសា​របស់​ពួកគេ​។ គាត់​ក៏បាន​នឹក​ចាំ​ក្នុង​ចិត្ត​គាត់ អំពី​ការ​បើក​សម្តែង ដែល​សាវ័ក​យ៉ូហាន​បាន​ទទួល នៅ​លើ​កោះ​ប៉ាតម៉ូស​។ ព្រះអម្ចាស់​បាន​នាំ​គាត់​ឈរ​នៅ​ចំពោះ​មុខ​បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថាន​សួគ៌ ដែល​នៅ​ទីនោះ គាត់​ក៏បាន​ឃើញ “មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នកណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មកពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូនចៀម”(វិវរណៈ ៧:៩)។ ពួកគេ​ថ្វាយបង្គំ​ព្រះ​ទាំង​អស់​គ្នា ដោយ​និយាយ​ថា “សេចក្តីសង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង”(ខ.១០)។

ព្រះ​ទ្រង់​បន្ត​បន្ថែម​ចំនួន​មនុស្ស​កាន់តែ​ច្រើន​លើស​លប់ ដែល​សរសើរ​ដំកើង​ព្រះអង្គ​។ ព្រះអង្គ​មិន​គ្រាន់តែ​ប្រើ​ការងារ​របស់​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ និង​អ្នក​អធិស្ឋាន​ឲ្យ​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រើ​អ្នក​ដែល​ឈោង​ទៅ​រក​អ្នក​ជិត​ខាង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​។ យើង​អាច​អរ​សប្បាយ នៅ​ក្នុង​បេសកកម្ម​ដែល​ពេញ​ដោយ​អំណរ​នេះ ដោយ​មាន​ការ​ស្ងើច​ចំពោះ​របៀប ដែល​ព្រះ​ទ្រង់​នាំ​មនុស្ស​កាន់តែ​ច្រើន ឲ្យ​ចូល​រួម​ជាមួយ​ទេវតា ក្នុង​ការ​សរសើរ​ដំកើង​ព្រះ​អម្ចាស់​ថា “សូម​ថ្វាយ​ព្រះពរ សិរី​ល្អ ប្រាជ្ញា ពាក្យ​អរ​ព្រះគុណ កិត្តិនាម ព្រះ​ចេស្តា និង​ឥទ្ធិ​ឫទ្ធិ ដល់​ព្រះ​នៃ​យើង​រាល់​គ្នា នៅ​អស់​កល្ប​ជា​និច្ច​រៀង​រាប​ត​ទៅ អាម៉ែន”(ខ.១២)។—Amy Boucher Pye

តើ​អ្នក​បាន​ឃើញ​ព្រះអម្ចាស់​នាំ​មនុស្ស​ឲ្យ​សរសើរ​ដំកើង និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?
តើ​ព្រះអង្គ​អាច​អញ្ជើញ​អ្នក​ឲ្យ​ចូល​រួម ក្នុង​បេសកកម្ម​នៃ​ការចែក​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ព្រះយេស៊ូវ ធ្វើ​ជា​អំណោយ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចែកចាយ ដល់​អ្នក​ដទៃ អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១របាក្សត្រ ៧-៩ និង យ៉ូហាន ៦:២២-៤៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles