ភាព​ស្រស់​ស្អាត ក្នុង​កន្លែង​អស់​សង្ឃឹម

អេសាយ ៦១:១-៣

នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួងលំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់​។ អេសាយ ៦១:៣

នៅពេល​ល្ងាច​មួយ​នោះ ខ្ញុំ​បាន​កត់​សំ​គាល់​ឃើញ​ថ្នាល​ដំណាំ​ជាជួរ ក្នុង​ដីឡូ​ក្បែរ​ផ្ទះ​ខ្ញុំ​។ ជួរ​នីមួយៗ​មាន​ស្លឹក​ឈើ​ពណ៌​បៃតង​តូចៗ​ដុះ​ចេញ​ពី​ដី ជាមួយ​ពន្លក​តូចៗ​។ នៅពេល​ព្រឹក​បន្ទាប់ ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ខ្ញុំ​ក៏​បាន​ឈប់​ត្រឹង​មួយ​កន្លែង ពេល​ដែល​ខ្ញុំ​បាន​ឃើញ​កូន​ដើម​ផ្កា​ធូលីប​ពណ៌​ក្រហម ក្នុង​ចំនួន​ច្រើន​សន្ធឹក កំពុង​ដុះ​ឡើង ក្នុង​ដីឡូ​នោះ​។

ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​កាលពី​ឆ្នាំ​មុន មាន​មនុស្ស​មួយ​ក្រុម​បាន​យក​មើម​ដើម​ផ្កា​ធូលីប​មក​ដាំ ក្នុង​ដីឡូ​ដែល​គេ​ទុកចោល នៅ​ទូ​ទាំង​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ឈីកាហ្គោ​។ ពួកគេ​បាន​ជ្រើស​រើស​យក​ពូជ​ផ្កា​ធូលីប​ពណ៌​ក្រហម ជា​តំណាង​ឲ្យ​ការ​រើសអើង​របស់​ធនាគារ មក​លើ​អ្នក​ស្នើសុំ​ប្រាក់​កម្ចី ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​តំបន់ ដែល​ជនជាតិ​ភាគ​តិច​រស់នៅ​។ ផ្កា​ធូលីបទាំង​នោះ​ជា​តំណាង​ឲ្យ​ផ្ទះ ដែល​គេ​អាច​សាង​សង់​នៅ​លើ​ដីឡូ​ទាំង​នោះ​។

រាស្រ្ត​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​រាប់​ចាប់​តាំងពី​ការ​និ​ទេស​ចេញពី​ស្រុក​កំណើត រហូត​ដល់​ការ​រើសអើង ដោយ​ប្រកាន់​ពូជ​សាសន៍​ជាដើម​។ តែ​យើង​នៅតែ​អាច​រក​ឃើញ​ក្តី​សង្ឃឹម​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​រំឭក​ប្រជាជន​អ៊ីស្រាអែល ក្នុង​អំឡុង​ពេល​និរទេស​ថា ព្រះអម្ចាស់​នឹង​មិន​ចាក​ចេញពី​ពួកគេ​ឡើយ​។ ព្រះអង្គ​នឹង​ប្រទាន “ភួង​លម្អ” ជំនួស​ផេះ​។ សូម្បីតែ​អ្នក​ក្រ​ក៏​នឹង​ទទួល “ដំណឹង​ល្អ”(៦១:‌១)។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​កែ​ប្រែ​វិញ្ញាណ​ដែល​អស់​សង្ឃឹម ឲ្យ​ក្លាយ​ជា “អាវ​នៃ​សេចក្តី​សរសើរ”។ ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​បាន​បង្ហាញ​នូវ​សិរី​ល្អ​របស់​ព្រះអង្គ ហើយ​នាំក្តី​អំណរ​ដល់​រាស្រ្ត​ព្រះអង្គ ដែល​បាន​ប្រែ​ក្លាយ​ជា “ដើមឈើ​នៃ​សេចក្តី​សុ​ចរិត” គឺ​មិនមែន​ជា​ឈើ្លយ​សឹក​ដែល​អស់​អ​សង្ឃឹម​ទៀត​ទេ(ខ.៣)។

ផ្កា​ធូលីប​ទាំង​នោះ​ក៏បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះអម្ចាស់​អាច​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ចេញ​ពី​ដី និង​ការ​រើសអើង​។ ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ខ្ញុំ​នឹង​បាន​គយគន់​ផ្កា​ធូលីព​ទាំង​នោះ រៀង​រាល់​រដូវ​ផ្ការីក ហើយ​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ខ្ញុំ​រង់​ចាំ​ក្តី​សង្ឃឹម​ដែល​កើត​មាន​ជា​ថ្មី ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ និង​សហគមន៍​ដទៃ​ទៀត​។—Katara Patton

តើ​អ្នក​បាន​ឃើញ​ភាព​ស្រស់​ស្អាត ជំនួស​ឲ្យ​ភាព​អស់​សង្ឃឹម ក្នុង​ផ្នែក​ណាខ្លះ ក្នុង​សហគមន៍​របស់​អ្នក?
តើ​អ្នក​អាច​ជួយ​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត ក្នុង​កន្លែង​អស់​សង្ឃឹម​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ភាព​ស្រស់​ស្អាត នៅ​ពេលណា​ស្ថាន​ភាព​ទូល​បង្គំ​ហាក់​ដូចជា​អស់​សង្ឃឹម​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១កូរិនថូស ២៨-២៩ និង យ៉ូហាន ៩:២៤-៤១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles