«ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡឹមអើយ ចូរបន្លឺសម្លេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៏ ព្រះនៃអ្នករាល់គ្នា» (អេសាយ ៤០:៩)។
ហោរា អេសាយ បានរស់នៅក្នុងសម័យដែលរាស្ត្ររបស់ព្រះត្រូវសាសន៍ដទៃចាប់ជាឈ្លើយសឹក ហើយនិរទេសឲ្យទៅរស់នៅក្នុងទឹកដីបរទេស។ ពួកគេបានជួបទុក្ខវេទនាជាច្រើន និងបានជាមិនអាចសូម្បីតែច្រៀងសរសើរតម្កើងព្រះអម្ចាស់ (ទំនុកតម្កើង ១៣៧:១-៤)។ ប៉ុន្តែ ខណៈពេលដែលពួកគេកំពុងរស់នៅក្នុងការនិរទេសនោះ ព្រះទ្រង់ក៏បានយាងមករករាស្ត្រព្រះអង្គ ដោយព្រះបន្ទូលកម្សាន្តចិត្ត (អេសាយ ៤០:១) គឺការកម្សាន្តចិត្ត ដែលមាននៅក្នុងការសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គប៉ុណ្ណោះ។ គឺព្រះបន្ទូលសន្យាថា សិរីល្អរបស់ព្រះអម្ចាស់នឹងបង្ហាញចេញមក មិនមែនសម្រាប់តែពួកអ៊ីស្រាអែល តែសម្រាប់ជាតិសាសន៍ទាំងអស់។
ដំណឹងដ៏ល្អនេះ មិនមែនសម្រាប់ឲ្យពួកគេស្តាប់ ហើយនៅស្ងៀមស្ងាត់មិននិយាយអ្វីសោះនោះទេ។ ព្រះទ្រង់សព្វព្រះទ័យឲ្យពួកគេបន្លឺសម្លេងស្រែកហ៊ោនៃជ័យជម្នះ ដោយបញ្ចេញពន្លឺនៃសេចក្តីសង្ឃឹមដល់គ្នាទៅវិញទៅមក។ កាលពីមុន មានការពិពណ៌នាថា ពួកគេជា «បណ្តាជនដែលដើរក្នុងសេចក្តីងងឹត» តែឥឡូវពួកគេ «បានឃើញពន្លឺយ៉ាងធំ» (អេសាយ ៩:២)។
ភាពខុសគ្នារវាងភាពងងឹត នៃលោកីយ៍ដែលធ្លាក់ចូលអំពើបាប និងពន្លឺនៃស្ថានសួគ៌ គឺជាទិដ្ឋភាពដែលកណ្ឌគម្ពីរអេសាយក៏ដូចជាព្រះគម្ពីរប៊ីបទាំងមូលបានឆ្លុះបញ្ចាំង។ សេចក្តីងងឹតកើតចេញពីការព្រងើយកន្តើយចំពោះព្រះ បះបោរនឹងព្រះអង្គ ហើយមិនព្រមធ្វើតាមព្រះបន្ទូលព្រះអង្គ។ មានព្រះរាជសារមួយបញ្ចេញពន្លឺ ចូលទៅក្នុងភាពងងឹតខ្លាំងយ៉ាងនេះ ធ្វើឲ្យចិត្តគំនិតរបស់ពួកគេមានភាពស្រស់ថ្លាឡើង គឺព្រះរាជសារដែលបានប្រកាសថា «មើលន៍ ព្រះនៃអ្នករាល់គ្នា»។
ព្រះរាជសារនេះនៅតែមានសារៈសំខាន់ចំពោះរាស្ត្រព្រះអង្គ ក្នុងសម័យបច្ចុប្បន្ន ដូចនៅសម័យហោរា អេសាយ ផងដែរ។ ជាញឹកញាប់ ភាពងងឹតហាក់ដូចជាធ្ងន់ខ្លាំង ហើយជួនកាល ពន្លឺហាក់ដូចជាស្រអាប់ណាស់ដែរ។ តែជាញឹកញាប់ ព្រះរាជសារនៃសេចក្តីសង្ឃឹមក៏បានចាប់ផ្ដើមមាន ក្នុងអំឡុងពេលមិនច្បាស់លាស់នោះ។ គឺដូចដែលព្រះអង្គបានសន្យាថា «នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្តែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ» (អេសាយ ៤០:៥)។ ទីបំផុត ព្រះអង្គសម្រេចព្រះបន្ទូលសន្យាព្រះអង្គ ដោយយាងមកយកកំណើតជាមនុស្ស ហើយបានគង់នៅជាមួយយើង។
កាលសាវ័ក យ៉ូហាន និពន្ធកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន គាត់ក៏បានក្រឡេកមកលើទិដ្ឋភាពដដែលនេះ ដែលហោរា អេសាយ ធ្លាប់បានទន្ទឹងរង់ចាំ គឺដូចដែលកណ្ឌគម្ពីរយ៉ូហានបានចែងថា «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត» (យ៉ូហាន ១:១៤)។ ព្រះអង្គជាពន្លឺនៃលោកីយ៍ ហើយ «ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ» (ខ.៥)។ ហោរា អេសាយ កំពុងពិពណ៌នាអំពីព្រះអង្គ ដែលត្រូវយាងមក តែយើងអាចពិចារណាអំពីព្រះរាជកិច្ចដែលព្រះអង្គបានសម្រេច ពេលដែលសិរីល្អដែលបានសន្យានោះ បានបង្ហាញចេញមកហើយ គឺដូចដែលកណ្ឌគម្ពីរយ៉ូហានបានចែងមកស្រាប់។
ព្រះទ្រង់បានយាងមករកយើង ដោយបញ្ចេញពន្លឺចូលក្នុងភាពងងឹត ហើយប្រទានសេចក្តីសង្គ្រោះ។ អ្នកអាចមើលទៅព្រះនៃយើង ដែលបានផ្ទំក្នុងស្នូកសត្វ សុគតនៅលើឈើឆ្កាង យាងចេញពីផ្នូរ ហើយសព្វថ្ងៃ ព្រះអង្គកំពុងគ្រងរាជ្យនៅស្ថានដ៏ខ្ពស់។ យើងងាយនឹងមើលឃើញសេចក្តីងងឹត តែយើងត្រូវតែមើលទៅពន្លឺ ដ្បិតក្នុងពន្លឺនោះ យើងរកឃើញក្តីសង្ឃឹម ដែលបណ្ដេញការភ័យខ្លាច និងដំណឹងល្អ ដែលស័ក្តិសមនឹងឲ្យយើងប្រកាស។ នៅថ្ងៃនេះ «មើលន៏ ព្រះនៃអ្នករាល់គ្នា!»
ព្រះគម្ពីរសញ្ជឹងគិត៖ អេសាយ ៤០:១-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ៧-៩ និង រ៉ូម ៣:១១