អេសាយ ៥១:១-៦
ផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង … តែសេចក្តីសង្គ្រោះរបស់អញនឹងនៅជាដរាប។ អេសាយ ៥១:៦
កាលខ្យល់ព្យុះកំបុតត្បូងឡរ៉ា បានបក់បោកយ៉ាងខ្លាំង កាត់តាមតំបន់ឈូងសមុទ្រមិចស៊ីកូ ឆ្ពោះទៅរកតំបន់ឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិកនៅរដ្ឋលូវីស៊ីអាណា គេបានធ្វើការប្រកាសអាសន្នជាបន្ទាន់។ មន្ត្រីប៉ូលិសម្នាក់បានកត់សំគាល់ឃើញថា មានខ្យល់បក់បោកក្នុងល្បឿន១៥០គីឡូម៉ែត្រក្នុង១ម៉ោង ហើយក៏បានផ្តល់ពត៌មានដល់ប្រជាពលរដ្ឋភ្លាមៗថា “សូមធ្វើការជម្លៀសជាបន្ទាន់។ បើអ្នកសម្រេចចិត្តបន្តស្នាក់នៅក្នុងផ្ទះ យើងខ្ញុំមិនអាចចេញទៅរកអ្នកបានទេ ដូចនេះ សូមយកក្រដាសមួយសន្លឹកមកសរសេរឈ្មោះ អាស័យដ្ឋាន អត្ថលេខសន្តិសុខសង្គមរបស់អ្នក និងឈ្មោះសាច់ញាតិសម្រាប់ទំនាក់ទំនង ពេលមានការបន្ទាន់ ហើយដាក់ក្រដាសនោះចូលទៅក្នុងថង់មានរូត ហើយដាក់ចូលក្នុងហោប៉ៅរបស់អ្នក។ ហើយចូរអធិស្ឋានសូមឲ្យអ្នករួចផុតពីគ្រោះថ្នាក់នេះ”។ ភ្នាក់ងារជួយសង្គ្រោះបានដឹងថា ពេលណាខ្យល់ព្យុះឡរ៉ា វាយប្រហារតំបន់ឆ្នេរ ពួកគេមិនអាចធ្វើអ្វីបានទេ ក្រៅពីមើលខ្យល់ព្យុះនោះបំផ្លិចបំផ្លាញអ្វីៗទាំងអស់នៅពីមុខវា។
ពេលណារាស្រ្តរបស់ព្រះ នៅគ្រាសញ្ញាចាស់ជួបគ្រោះធម្មជាតិ ឬមហន្តរាយខាងវិញ្ញាណ ព្រះបន្ទូលព្រះអង្គមានការធានាច្បាស់លាស់ ហើយនាំមកនូវក្តីសង្ឃឹម ដោយសន្យាថា ព្រះអង្គនឹងគង់នៅជាមួយ ទោះពួកគេជួបការបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ។ ព្រះអង្គមានបន្ទូលថា “ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរ”(អេសាយ ៥១:៣)។ ហើយជាងនេះទៅទៀត ព្រះអង្គតែងតែធានារាស្រ្តព្រះអង្គថា ព្រះអង្គនឹងប្រទានការសង្គ្រោះ និងការប្រោសឲ្យជា បើសិនជាពួកគេទុកចិត្តព្រះអង្គ។ ព្រះអង្គមានបន្ទូលទៀតថា “ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែងហើយផែនដីនឹងចាស់ទៅដូចជាសំលៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្តីសង្គ្រោះរបស់អញនឹងនៅជាដរាប”(ខ.៦)។ ទោះពួកគេបានទទួលរងការខូចខាតយ៉ាងណាក៏ដោយ ក៏សេចក្តីល្អរបស់ព្រះអង្គចំពោះពួកគេ នៅស្ថិតស្ថេរនៅជាដរាប។
ព្រះអម្ចាស់មិនបានសន្យាថា ជីវិតរបស់យើងនៅលើផែនដីនឹងមិនមានទុក្ខលំបាកសោះនោះឡើយ តែព្រះអង្គបានសន្យាថា ការប្រោសឲ្យជារបស់ព្រះអង្គ នឹងនាំមកនូវការស្អាងឡើងវិញ ទោះយើងមានភាពប្រេះបែកយ៉ាងណាក៏ដោយ។—Winn Collier
តើអ្នកកំពុងប្រឈមមុខដាក់គ្រោះមហន្តរាយ និងភាពប្រេះបែកនៅកន្លែងណា?
ព្រះយេស៊ូវបានសន្យាថា នឹងគង់នៅជាមួយអ្នក ប្រោសអ្នកឲ្យជា ហើយស្អាងអ្នកឡើងវិញ។ តើអ្នកបានឮព្រះបន្ទូលសន្យានេះដោយរបៀបណា?
ឱព្រះអម្ចាស់ ភាពប្រេះបែកបាននាំឲ្យទូលបង្គំមានការសោកសៅយ៉ាងខ្លាំង។
តែសូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តថា ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងស្អាងទូលបង្គំឡើងវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២