«នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ និងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ» (ម៉ាថាយ ១:១)។
ពេលយើងចាប់ផ្ដើមអានទំព័រដំបូងនៃព្រះគម្ពីរសញ្ញាថ្មី យើងប្រហែលមិនមានការប៉ះពាល់ចិត្តភ្លាមៗទេ។ តាមពិត បើសិនជានរណាម្នាក់អានព្រះគម្ពីរទាំងមូល ជាលើកដំបូង ហើយក៏បានអានដល់ចុងបញ្ចប់នៃកណ្ឌគម្ពីរម៉ាឡាគី ដែលចង្អុលបង្ហាញពួកគេ ឲ្យមានចិត្តរំពឹងថានឹងបានឃើញអ្វីដែលកាន់តែអស្ចារ្យ នោះចិត្តរំភើបរីករាយរបស់គាត់អាចថយចុះទៅវិញ ពេលដែលគាត់ឃើញកណ្ឌគម្ពីរបន្ទាប់ចាប់ផ្ដើម ដោយការពិពណ៌នាអំពីបញ្ជីពង្សាវតារ។ យើងប្រហែលចង់រំលងកណ្ឌគម្ពីរម៉ាថាយ ហើយចាប់ផ្ដើមអានកណ្ឌគម្ពីរដំណឹងល្អមួយទៀត។
ទោះជាយ៉ាងណាក៏ដោយ ចូរយើងចាំថា ព្រះបន្ទូលសន្យាដែលព្រះទ្រង់មានចំពោះរាស្ត្រព្រះអង្គ ក្នុងព្រះគម្ពីរសញ្ញាចាស់ សុទ្ធតែរំពឹងថានឹងបានសម្រេចនៅគ្រាសញ្ញាថ្មី។ ពេលណាយើងអានព្រះគម្ពីរសញ្ញាថ្មី យើងក៏បានដឹងថា តាមពិត ការចាប់ផ្ដើមនៃព្រះគម្ពីរសញ្ញាថ្មីយ៉ាងដូចនេះ គឺស័ក្តិសមបំផុត ព្រោះបញ្ជីពង្សាវតារ ក្នុងកណ្ឌគម្ពីរម៉ាថាយ បានបង្ហាញខ្សែលោហិតពីលោក អ័ប្រាហាំ ដល់ស្ដេច ដាវីឌ ហើយទីបំផុតដល់ព្រះយេស៊ូវ ជាអ្នកដែលបានសម្រេចព្រះបន្ទូលសន្យាទាំងនេះ។
ស្រដៀងគ្នានេះដែរ ក្នុងកណ្ឌគម្ពីរម៉ាកុសទាំងមូល យើងឃើញថា កណ្ឌគម្ពីរនេះក៏បាននាំយើងងាកទៅរកពួកហោរា ដែលបានចង្អុលបង្ហាញរាស្ត្រព្រះអង្គ ឲ្យទន្ទឹងរង់ចាំព្រះដែលត្រូវយាងមក។ កណ្ឌគម្ពីរម៉ាកុសបានប្រើកណ្ឌគម្ពីរសញ្ញាចាស់ ដើម្បីបង្ហាញសេចក្តីពិតដែលគួរឲ្យកត់សំគាល់ ដោយប្រយោគទីពីររបស់គាត់បានចាប់ផ្ដើម ដោយពាក្យថា «ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរា អេសាយ ថា…» (ម៉ាកុស ១:២)។ ហើយកណ្ឌគម្ពីរម៉ាកុសក៏មានការកត់ទុកជាលើកដំបូង នូវពាក្យពេចន៍របស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា «ពេលវេលាបានសម្រេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ» (ខ.១៥)។ សិស្សរបស់ព្រះយេស៊ូវមានឯកសិទ្ធិ នៅក្នុងការមើលឃើញការអ្វីដែលពួកហោរា និងស្ដេចរបស់ពួកគេបានទន្ទឹងរង់ចាំ (លូកា ១០:២៤) ជាឯកសិទ្ធិដែលនៅតែបន្តមាន តាមរយៈកិច្ចការរបស់ព្រះបន្ទូល ដែលបញ្ចេញពន្លឺ។
ព្រះគម្ពីរសញ្ញាថ្មីបង្ហាញឲ្យយើងដឹងថា កត្តាដែលនាំឲ្យព្រះបន្ទូលព្រះបានសម្រេច អាចសង្ខេបមកនៅត្រឹមពាក្យពីរម៉ាត់គឺព្រះយេស៊ូវគ្រីស្ទ។ ព្រះទ្រង់បានមានបន្ទូលសន្យាចំពោះរាស្ត្រអ៊ីស្រាអែល ដោយប្រើពាក្យបច្ចេកទេស និងប្រភេទពាក្យ ដែលពួកគេអាចយល់បាន ដូចជាពាក្យ ជាតិសាសន៍ និងព្រះវិហារជាដើម។ ការយាងមកចាប់កំណើតរបស់ព្រះយេស៊ូវ បានបកស្រាយសេចក្តីពិតនៃគ្រាសញ្ញាចាស់ ផ្អែកទៅលើដំណឹងល្អ ដែលប្រកាសថា បទទំនាយគ្រាសញ្ញាចាស់បានសម្រេច ដោយសារ និងនៅក្នុងអង្គព្រះគ្រីស្ទ។ ដូចនេះ យើងមិនចាំបាច់ត្រូវស្វែងរកព្រះវិហារថ្មី នៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ តែផ្ទុយទៅវិញ ចូរយើងជួបព្រះអង្គ តាមរយៈព្រះរាជបុត្រាព្រះអង្គ គឺព្រះអម្ចាស់យេស៊ូវ អរសប្បាយនឹងព្រះវត្តមាននៃព្រះវិញ្ញាណ នៅក្នុងយើងម្នាក់ៗ ហើយមើលទៅការគ្រងរាជ្យរបស់ព្រះគ្រីស្ទ ដើម្បីឲ្យជីវិតយើងផ្លាស់ប្រែក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត។
ការយាងមកនៃព្រះរាជបុត្រានៃព្រះបានលប់បំបាត់ព្រំដែននៃការបែងចែក ក្នុងគ្រាសញ្ញាចាស់។ ការនេះមិនមែន ដើម្បីធ្វើឲ្យរាស្ត្ររបស់ព្រះ មានការពិបាកចិត្តនោះទេ តែដើម្បីធ្វើឲ្យមានចិត្តរំភើបរីករាយវិញ។ ព្រះគ្រីស្ទបានសម្រេចព្រះបន្ទូលសន្យាទាំងអស់របស់ព្រះវរបិតា។ ដោយសារព្រះអង្គ យើងអាចទុកចិត្តលើការធានាដ៏អស្ចារ្យរបស់ព្រះវរបិតា។
ដូច្នេះ យើងមិនរង់ចាំមើលរបៀបដែលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យានីមួយៗឡើយ។ សព្វថ្ងៃនេះ យើងអាចដឹងថា ព្រះគ្រីស្ទបានសម្រេច កំពុងសម្រេច ហើយនឹងសម្រេចព្រះបន្ទូលសន្យាទាំងអស់នោះ។ ព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយអ្នក ធ្វើការសម្រាប់អ្នក និងតាមរយៈអ្នក ហើយនឹងនាំអ្នកទៅរកនគរដ៏ឥតខ្ចោះអស់កល្ប។
មានពេលខ្លះ យើងពិបាកជឿតាមព្រះបន្ទូលសន្យាទាំងនោះ។ ពេលណាយើងមានបញ្ហានេះ ចូរយើងមើលទៅព្រះយេស៊ូវ ដែលបានចាប់កំណើតក្នុងខ្សែលោហិតលោក អ័ប្រាហាំ និងស្ដេច ដាវីឌ ទ្រង់កើតពីព្រះវិញ្ញាណបរិសុទ្ធ ហើយអាចប្រកាសថា «ពេលវេលាបានសម្រេចហើយ នគរព្រះជិតមកដល់» ហើយព្រះអង្គបានសុគតនៅលើឈើឆ្កាង រួចមានព្រះជន្មរស់ឡើងវិញ ដើម្បីសម្រេចព្រះបន្ទូលសន្យាទាំងអស់ក្នុងព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ១:១-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១០-១២ និងរ៉ូម ៤