ប្រព្រឹត្ត​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ» (ភីលីព ១:២៧)។

របៀប​ដែល​យើង​ស្លៀក​ពាក់ របៀប​ដែល​យើង​ញញឹម ឬ​ធ្វើ​មុខ​ក្រញូវ របៀប​ដែល​យើង​ធ្វើ​កាយ​វិការ និយាយ​ស្តី និង​លើក​ដាក់​សម្លេង… ជា​រៀង​រាល់​ថ្ងៃ គឺ​ប្រៀប​ដូច​ជា​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ទៅ​កាន់​មនុស្ស​នៅ​ក្បែរ​យើង អំពី​ការ​អ្វី​ដែល​ពិតជា​សំខាន់ និង​អ្វី​ខ្លះ​ដែល​មាន​ក្នុង​ជីវិត​យើង។

សម្រាប់​គ្រីស្ទ​បរិស័ទ ពាក្យ​សម្ដី​ដែល​បង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត​របស់​យើង ត្រូវ​តែ​មាន​ភាព​សម​ស្រប​នឹង​ដំណឹង​ល្អ។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ឲ្យ​រស់​នៅ​ដោយ​អាកប្ប​កិរិយា​បែប​គួរ​នឹង​សេចក្តី​ជំនឿ​របស់​ពួក​គេ ដោយ​ប្រព្រឹត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ដំណឹង​ល្អ​ដែល​ពួក​គេ​បាន​ចែក​ចាយ។ សព្វ​ថ្ងៃ​នេះ ព្រះ​គ្រីស្ទ​ក៏​បាន​ត្រាស់​ហៅ​យើង​ឲ្យ​អនុវត្ត​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​មាន​ភាព​ពេញ​វ័យ​ប៉ុណ្ណា ក្នុង​ជំនឿ​របស់​យើង ហើយ​ទោះ​យើង​បាន​ប្រព្រឹត្ត​ឲ្យ​ត្រូវ​ដំណឹង​ល្អ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។

ក្នុង​ខ​គម្ពីរ​ខាង​លើ​នេះ ឃ្លា «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត» គឺ​មក​ពី​ពាក្យ politeuesthe ជា​ភាសា​ក្រិក​ដែល​មាន​ថ្នាក់​ពាក្យ​ជា​កិរិយា​ស័ព្ទ មាន​ន័យ​ថា «ប្រព្រឹត្ត​នៅ​ទី​សាធារណៈ ឬ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ»។ ឫស​របស់​ពាក្យ​នេះ គឺ​មក​ពី​ពាក្យ Polis ដែល​មាន​ន័យ​ថា​ទីក្រុង និង​ជា​ឫស​របស់​ពាក្យ ប៉ូលិស និង​នយោបាយ ក្នុង​ភាសា​ខ្មែរ។ តាម​ន័យ​ត្រង់​សាវ័ក ប៉ុល កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​គ្រីស្ទ​បរិស័ទ ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌។ ពេល​ណា​យើង​ដឹង​ថា យើង​ជា​ពលរដ្ឋ​នៃ​ទីក្រុង​របស់​ព្រះ យើង​ក៏​ត្រូវ​ស្គាល់​របៀប​រស់​នៅ​ជា​អ្នក​ដំណើរ និង​ជា​ទូត​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ទីក្រុង​ដទៃ ឬ​ទីក្រុង​របស់​មនុស្ស។ ពេល​ណា​ការ​ប្រព្រឹត្ត​របស់​យើង​មាន​ភាព​សម​ស្រប​នឹង​ជំនឿ​យើង អ្នក​ដទៃ​នឹង​មាន​ចិត្ត​ចង់​ស្គាល់​នគរ​ស្ថាន​សួគ៌ តាម​រយៈ​ការ​ទំនាក់​ទំនង​ជា​មួយ​យើង។

ដូច​នេះ តើ​ការ​ប្រព្រឹត្ត​របស់​យើង​គួរ​តែ​បញ្ចេញ​នូវ​ពាក្យ​ពេចន៍​ប្រភេទ​ណា? ដំណឹង​ល្អ​ព្រះ​គ្រីស្ទ​គឺ​ជា​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់។ គឺ​ដូច​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែងថា «នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ពួក​ស្ងួន​ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ» (១យ៉ូហាន ៤:១០-១១)។ ម្យ៉ាង​ទៀត បើ​ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​យ៉ាង​នេះ យើង​ក៏​ត្រូវ​ស្រឡាញ់​មនុស្ស​នៅ​ក្បែរ​យើង​ផង​ដែរ គឺ​ស្រឡាញ់​សូម្បី​តែ​មនុស្ស​ដែល​យើង ឬ​អ្នក​ដទៃ​គិត​ថា មិន​គួរ​ឲ្យ​ស្រឡាញ់ ហើយ​យើង​គួរ​តែ​ស្រឡាញ់ ដោយ​សេចក្តី​សង្ឃឹម និង​សេចក្តី​អំណរ! យើង​អាច​សម្រាយ​សារ​នៃ​សេចក្តី​ស្រឡាញ់​ដែល​សាវ័ក ប៉ុល បាន​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​ដូច​ត​ទៅ៖

ចូរ​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះ​គ្រីស្ទ

មិន​គ្រាន់​តែ​តាម​រយៈ​ពាក្យ​សម្ដី​ដែល​យើង​និយាយ

មិន​គ្រាន់​តែ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ

តែ​ថែម​ទាំង​ធ្វើ​ចេញ​ពី​សេចក្តី​ស្រឡាញ់1

ដូច​នេះ សូម​គិត​អំពី​សំលៀក​បំពាក់​ដែល​អ្នក​នឹង​ពាក់​នៅ​ថ្ងៃ​នេះ និង​គិត​អំពី​ពេល​ដែល​អ្នក​នឹង​ញញឹម និង​ធ្វើ​មុខ​ក្រញូវ​នៅ​ថ្ងៃ​នេះ ហើយ​គិត​អំពី​របៀប​ដែល​អ្នក​បង្ហាញ​អាកប្ប​កិរិយា និយាយ​ស្តី និង​លើក​ដាក់​សម្លេង​នៅ​ថ្ងៃ​នេះ។ តើ​អ្នក​នឹង​និយាយ​ប្រាប់​ពិភព​លោក អំពី​អ្វី​ខ្លះ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក? ចូរ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​អ្នក​មាន​ភាព​ស័ក្តិ​សម​នឹង​ដំណឹង​ល្អ​នៃ​សេចក្តី​ស្រឡាញ់​ចុះ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១យ៉ូហាន ៤:៧-២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២០-២២ និង​រ៉ូម ៨:១-២១

1លោក​ស្រី Beatrice Cleland, “Indwelt,” in, for instance, Our Aim: A Monthly Record of the Aborigines Inland Mission of Australia 68, លេខ៧ (ថ្ងៃ​ទី១៧ ខែ​មិនា ឆ្នាំ១៩៥៥), ទំព័រ១។

More articles